អន្តរជាតិ
មេដឹកនាំ​ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី ប្រើ​នយោបាយ​ការទូត «Selfies» ជាមួយ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​
03, Mar 2017 , 12:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ទុក​រឿង​សាច់​ការ​មួយ​ឡែក​សិន ក្នុង​ដំណើ​ទស្សនកិច្ច​របស់​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ទាំង​មេដឹកនាំ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​សុទ្ធតែ​ប្រើប្រាស់​នយោបាយ​ការទូត «Selfie» ទាក់ទាញ​ក្សត្រ​នៃ​រដ្ឋ​សេដ្ឋី​ប្រេង​នេះ​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទាញ​ទូរស័ព្ទ​ថតរូប​ជាមួយ​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ភ្លាម​ពេល​ជិះ​រថយន្ត​ជាមួយគ្នា​ដើម្បី​បង្ហោះ​តាម twitter ខណៈដែល​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថត​វីដេអូ Selfie បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កទៀត​។​


​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​ដំបូង​បំផុត​ចាប់​ពេលដែល​ទ្រង់​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ ២០១៥ ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត ព្រះ​ចៅ Salman bin Abdulaziz al-Saud ហាក់ដូច​ជាមាន​ព្រះទ័យ​រីករាយ​ខុស​សព្វមួយដង ដោយសារ​មេដឹកនាំ​តំបន់​អាស៊ីអាគ្នេយ៍​ពូកែ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​នយោបាយ​ការទូត​។ រូបភាព និង​វីដេអូ​របស់​ទ្រង់​ជាមួយ​មេដឹកនាំ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ត្រូវបាន​គេ​ចែកចាយ​ពាសពេញ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តែម្តង​។​

​ក្នុងពេលដែល​ទ្រង់​យាង​ទៅដល់​ម៉ាឡេស៊ី​កាលពី​ចុង​សប្តាហ៍​មុន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីព រ៉ា​ហ្សា​ក់ មិនបាន​បង្អែរ​បង្អង់​យូរ​ឡើង​ដោយ​លោក​ទាញ​ទូរ​សព្ទ​ថតរូប Selfies ជាមួយ​ប្រមុខរដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​បង្កើត​ភាពស្និទ្ធស្នាល​រវាង​គ្នា​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​លោក​បាន​បង្ហោះ​រូបភាព​រូប​ខ្លួនឯង​ជាមួយ​មហាក្សត្រ​អា​រ៉ា​ប៊ី សា​អូឌីត​នេះ​តាម​គណនី twitter ផ្លូវការ​របស់ខ្លួន​ផង សូម្បីតែ​ពេល​ជិះ​រថយន្ត​ជាមួយគ្នា​ពី​កន្លែង​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយទៀត​។​

​បន្ទាប់ពី​ចាកចេញ​ពី​ម៉ាឡេស៊ី ព្រះ​ចៅ Salman ក៏បាន​ជួបប្រទះ​រឿង​ដដែល​ទៀត​នៅក្នុង​ពេលដែល​ទ្រង់​អញ្ជើញ​ទៅដល់​ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​ម៉ូ​ស្លី​ម​ធំ​បំផុត​លើ​ពិភពលោក​នោះ​។
​នយោបាយ​ការទូត «Selfie»​នេះ​ត្រូវបាន​មេដឹកនាំ​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ ប្រើប្រាស់​ដូចគ្នា​ក្នុងពេលដែល​លោក​ជួបពិភាក្សា​និង​ពិសារ​អាហារ​រួមគ្នា​នោះ​។ តែ​អ្វីដែល​ខុសពី​ម៉ាឡេស៊ី គឺ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ថត​វីដេអូ Selfie តាម​ហ្វេ​ស​ប៊ុ​ក​ថែមទៀត​។​
 

​លោក ចូ​កូ​វី​ដូ​ដូ បាន​បង្ហោះ​វីដេអូ​មួយ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លូន​កាលពី​ថ្ងៃ ១​មីនា ក្នុងពេលដែល​លោក​ជួប​មហាក្សត្រ​អា​រ៉ា​ប៊ី សា​អូឌីត​នា​វិមាន​ប្រធានាធិបតី​នៅ Bogor នៅ​ជិត​រដ្ឋធានី ហ្សា​ការ​តា​។

​ក្នុង​វីដេអូ​ដែល​លោក ចូ​កូ​វី​ដូ​ដូ ថត​ដោយ​ខ្លួនឯង​និង​ត្រូវគេ​ចែកចាយ​រាប់ម៉ឺន​ដង​តាម​ហ្វេ​ស​ប៊ុ​ក​នោះ គេ​ឃើញ​មហាក្សត្រ Salman កំពុង​សោយ​អាហារ​។ លោក ចូ​កូ​វី​ដូ​ដូ បាន​និយាយ​សរសើរ​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត  ហើយ​ក្រោយមក​ទ្រង់​បាន​ថ្លែងប្រាប់​អ្នកបកប្រែ​ជា​ភាសា​អារ៉ាប់ (​មុនគេ​បក​ជា​ភាសា​ឥណ្ឌូណេស៊ី​)​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានមក​ឥណ្ឌូណេស៊ី និង​ជួប​ជាមួយ​ប្រជាជន​ឥណ្ឌូនេស៊ី​»​។​

​តាមពិតទៅ ហ្វេ​ស​ប៊ុ​ក និង Twitter ពេញនិយម​ខ្លាំង​ក្នុងប្រទេស​ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ប៉ុន្តែ​ចំនួន​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ទាំងពីរ​នៅ​ឥណ្ឌូណេស៊ី​មាន​ខ្ពស់ ជាងគេ​។ មួយវិញទៀត ការថតរូប​ឬ​វីដេអូ Selfies ក៏​ពេញនិយម​បំផុត​ដែរ​សម្រាប់​ប្រទេស​ដែលមាន​ប្រជាជន​ម៉ូ​ស្លី​ម​ច្រើនជាងគេ​លើ​ពិភពលោក​នេះ​។

​តាមពិតទៅ នយោបាយ​ការទូត​«Selfie» ត្រូវបាន​គេ​ស្គាល់​យូរ​គ្រាន់​ដែរ​ហើយ ពោលគឺ​វា​ត្រូវបាន​ប្រើប្រាស់​ច្រើន​ដោយ​បណ្តា​មេដឹកនាំ​ពិភពលោក និង​ប្រើប្រាស់​ញឹកញាប់​ជាងគេ​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រិ​ន្ទ្រា ម៉ូ​ឌី​។ 

​ត្រឡប់មកវិញ ចូល​រឿង​សាច់​ការ​បន្តិច ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ឥណ្ឌូណេស៊ី មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​បន្តដំណើរ​ទៅកាន់​ព្រុយ​ណេ​, ជប៉ុន​, ចិន​, ម៉ា​ល់​ឌី​វ​, និង​គោលដៅ​ចុងក្រោយ​នៅ​ហ្សកដានី មុន​ត្រឡប់​ចូល​ប្រទេស​វិញ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ទ្រង់​បាន​នាំ​មន្ត្រី​ហែរ​ហម​ច្រើនជាង​មួយ​ពាន់​នាក់ និង​កាបូប​ជាច្រើន​រយ​តោន  ផងដែរ​។​ទស្សនកិច្ច​មួយ​ជុំ​អាស៊ី​នេះ ធ្វើឡើង​ខណៈដែល​សេដ្ឋកិច្ច​ប្រទេស​នាំចេញ​ប្រេង​ដ៏​ធំ​នេះ កំពុង​ប្រឈមមុខ​វិបត្តិ​ដោយសារ​ទិន្នផល​ប្រេង​ធ្លាក់ចុះ​៕ 


Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  Joko Widodo
  Najib Razak
  Salman bin Abdulaziz al-Saud
© រក្សាសិទ្ធិដោយ thmeythmey.com