អន្តរជាតិ
ក្រុមឧទ្ទាមស៊ីរី ថា លោកអូបាម៉ា កុហកប្រជាជនស៊ីរី 03, Mar 2017 , 8:59 pm
× ប្រធានក្រុមចរចារបស់ក្រុមប្រឆាំងស៊ីរី ដែលចូលរួមកិច្ចចរចាសន្តិភាពក្រុងហ្សឺណែវ បានចោទប្រកាន់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថាបានបោកប្រាស់ប្រជាជនស៊ីរី ព្រោះមិនបានចាត់វិធានការប្រឆាំងអ៊ីរ៉ង់ដែលលុកលុយទឹកដីស៊ីរី។ ក្រុមប្រឆាំងស៊ីរី ក៏សង្ឃឹមថា រដ្ឋបាលអាមេរិកថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នឹងមិនជាន់ដានចាស់របស់រដ្ឋបាលលោក អូបាម៉ា និងងាកមកជួយខ្លួនប្រឆាំងឥទ្ធិពលអ៊ីរ៉ង់។
ក្រុមឧទ្ទាមប្រឆាំងស៊ីរី បានរិះគន់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលមិនព្រមជួយខ្លួនទប់ទល់អ៊ីរ៉ង់ និងបានបោកប្រាស់ប្រជាជនស៊ីរី ព្រោះលោកមិនបានបង្ខំឲ្យប្រធានាធិបតី Bashar al-Assad ចុះចេញពីតំណែង។ ក្រុមប្រឆាំងស៊ីរី ដែលកំពុងចូលរួមចរចាសន្តិភាពនៅក្រុងហ្សឺណែវ រំពឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងកែកំហុសលោក អូបាម៉ា ដើម្បីក្លាយដៃគូរគួរឲ្យទុកចិត្តក្នុងការប្រឆាំងអ៊ីរ៉ង់។
ក្នុងសន្និសីទកាសែតបន្ទាប់ពីជួបជាមួយតំណាងអង្គការសហប្រជាតិ លោក Nasr al-Hariri បានប្រាប់អ្នកកាសែតថា ប្រជាជនស៊ីរីកំពុងលះបង់ជីវិតរបស់ខ្លួន ក៏ព្រោះតែកំហុសដ៏មហន្តរាយរបស់លោក អូបាម៉ា។ លោក អូបាម៉ា កុហកពួកគេ និងមិនបានគោរពតាមការសន្យាឡើយ ហើយលោកបែរជាស្ងាត់ស្ងៀមនឹងទង្វើឧក្រិដ្ឋរបស់ប្រធានាធិបតី Bashar al-Assad ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។
ក្នុងអាណត្តិរបស់ខ្លួន លោក អូបាម៉ា បានសន្យាចាប់បង្ខំឲ្យលោក Assad ចុះចេញ ព្រោះជម្លោះស៊ីរីដែលអូសបន្លាយដល់ឆ្នាំទី៦ បានសម្លាប់ប្រជាជនរាប់ម៉ឺននាក់ និងជាច្រើនលាននាក់ទៀតរត់ភៀសខ្លួន។ អំឡុងពេលសង្គ្រាមនេះ អាមេរិក ក៏បានផ្ដល់ការគាំទ្រយ៉ាងច្រើនដល់ក្រុមឧទ្ទាមប្រឆាំងរួមមានការហ្វឹកហាត់ និងយុទ្ធោបករណ៍ជាច្រើន ប៉ុន្តែមិនបានជួយប្រយុទ្ធទល់នឹងទាហានលោក Assad ដែលមានរុស្ស៊ី និងអ៊ីរ៉ង់នៅពីក្រោយឡើយ។
យ៉ាងណាមិញ ដោយមានគាំទ្រខ្លាំងពីរុស្ស៊ី លោក Assad នៅតែបន្តកាន់អំណាចពេញដៃ ហើយកងទ័ពរបស់លោក ក៏បានដណ្ដើមកាន់កាប់ទឹកដីបានមកវិញយ៉ាងច្រើនទៀតផង។ ចូលមកដល់អាណត្តិលោក ត្រាំ អាមេរិកក៏មិនសូវផ្ដោតការយកចិត្តទុកដាក់របស់ខ្លួនលើបញ្ហាស៊ីរី ហើយលោកថែមទាំងចង់បញ្ឈប់ការគាំទ្រលើក្រុមឧទ្ទាមទៅទៀត។ ដោយសាររឿងនេះ អនាគតស៊ីរី សឹងតែធ្លាក់ទៅក្រោមកណ្ដាប់រុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនទៅហើយ។
ខណៈដែលក្រុងវ៉ាស៊ីនតោនដកខ្លួន រុស្ស៊ីបានក្លាយជាតួឯកដើម្បីជួយបញ្ចប់ជម្លោះស៊ីរីឲ្យបានឆាប់តាមដែលអាចធ្វើបាន។ ខណៈដែលចំណាយទាំងលុយ, ទ័ព និងសព្វាវុធអស់ច្រើនសន្ធឹក ក្រុងមូស្គូកំពុងរិះរកមធ្យោបាយបញ្ចុះបញ្ចូលភាគីទាំងសងខាងធ្វើសម្បទានបន្ថែមសម្រាប់ការបង្កើតដំណោះស្រាយនយោបាយឲ្យឆាប់ ប៉ុន្តែក្រុមឧទ្ទាមដែលបន្តចិញ្ចឹមចិត្តបណ្តេញ អាសាដ ចេញពីតំណែងដើម្បីមានការបោះឆ្នោត៕
Tag:
ស៊ីរី
បារ៉ាក់ អូបាម៉ា
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com