អន្តរជាតិ
ស៊ុយអែតសម្រេចអនុវត្តកាតព្វយោធាឡើងវិញ ព្រោះខ្លាចរុស្ស៊ីឈ្លានពាន 03, Mar 2017 , 9:59 pm
× ស៊ុយអែត បានសម្រេចប្រើប្រាស់កាតព្វកិច្ចយោធាឡើងវិញដើម្បីពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន ក្រោយផ្អាកការអនុវត្តច្បាប់នេះចាប់ពីឆ្នាំ២០១០។ រដ្ឋាភិបាលក្រុងស្តុកខុមអះអាងថា ការយកកាតព្វកិច្ចយោធានេះមកអនុវត្តឡើងវិញគឺដើម្បីធានាពីសន្តិសុខនិងសុវត្ថិភាពប្រទេសរបស់ខ្លួន ការពារការគំរាមកំហែងផ្នែកសន្តិសុខពីខាងក្រៅជាពិសេស សកម្មភាពរបស់រុស្ស៊ី។
រយៈពេល ៧ឆ្នាំក្រោយពេលសម្រេចផ្អាកការអនុវត្តកាតព្វកិច្ចយោធា នាខែមីនានេះ រដ្ឋាភិបាលស៊ុយអែតបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការនេះឡើងវិញ។ ពាក់ព័ន្ធបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិស៊ុយអ៊ែត Peter Hulqvist បានបញ្ជាក់ថា ការសម្រេចគ្រប់យ៉ាងវាទាក់ទងបញ្ហាសន្តិសុខផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ស៊ុយអែតមិនដែលស្គាល់សង្គ្រាមឡើយអស់រយៈពេលជាង ២០០ឆ្នាំមកនេះ ហើយរដ្ឋមួយនេះក៏មិនស្ថិតក្នុងក្រុមបក្សសម្ព័ន្ធយោធាណាតូដែរ។ ប៉ុន្តែបញ្ហាសន្តិសុខកើនឡើងខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ស៊ុយអែតចាំបាច់ត្រូវការកសាងកម្លាំងទ័ពរបស់ខ្លួនឡើងវិញ។ ក្នុងចំណោមបញ្ហាសន្តិសុខដែលស៊ុយអែតបារម្ភខ្លាំងជាងគេនោះមានរុស្ស៊ីដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីការពារជាតិស៊ុយអ៊ែតបានបញ្ជាក់ដូច្នេះថា៖« យើងស្ថិតក្នុងបរិបទសន្តិសុខដែលរុស្ស៊ីបានក្រសោបយកទឹកដីគ្រីមៀ ពីអ៊ុយក្រែន។ ហើយពួកគេកំពុងធ្វើសមយុទ្ធនៅក្បែរៗទឹកដីយើង»។
ចាប់ពីឆ្នាំ ២០១៤មក ពេលដែលរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែននិងក្រសោបយកទឹកដីគ្រីមៀ ប្រទេសមួយចំនួននៅអឺរ៉ុបដូចជាស៊ុយអែតនេះបារម្ភខ្លាំងពីអនាគតរបស់ខ្លួន ព្រោះគេរំពឹងថារុស្ស៊ីអាចនឹងវាតទីបន្ថែមទៀត។ នេះក៏ដោយសារ ស៊ុយអែតត្រូវការពារខ្លួនឯងផ្ទាល់ ព្រោះរដ្ឋនេះមិនមែនជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ ដែលអាចទទួលបានជំនួយពីប្រទេសសម្ព័ន្ធមិត្តពេលរងការវាយប្រហារឡើយ។
មន្ត្រីជាន់ខ្ពស់រូបនេះបានពន្យល់បន្ថែមផងដែរថា នាពេលបច្ចុប្បន្នកងទ័ពស៊ុយអែតត្រូវជ្រើសរើសពឹងផ្អែកលើគោលការណ៍ស្ម័គ្រចិត្តប៉ុណ្ណោះ ហើយវាលំបាកក្នុងការបំពេញកន្លែងទំនេរក្នុងអង្គភាពកងទ័ពនីមួយៗ។ ដូច្នេះហើយវាជារឿងចំបាច់ដែលប្រទេសនេះត្រូវចាប់ផ្តើមអនុវត្តកាតព្វយោធាឡើងវិញដើម្បីដោះស្រាយបញ្ហានេះ។
តាមពិតទៅ ស៊ុយអែតចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធាកាលពីឆ្នាំ ១៩០១ និងផ្អាកទៅវិញឆ្នាំ ២០១០។ ក្រោយការបញ្ចប់កាតព្វកិច្ចយោធា ការងារជាទាហានមិនត្រូវបានយុវវ័យចាប់អារម្មណ៍ឡើយ។ ការសម្រេចអនុវត្តកាតព្វកិច្ចយោធាឡើងវិញនេះធ្វើឡើងដោយមានការសម្រេចពីរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គមប្រជាធិបតេយ្យ។ យោងតាមសេចក្តីសម្រេចនេះ រាល់ប្រជាជនស៊ុយអែតទាំងស្រីទាំងប្រុស ដែលកើតក្នុងឆ្នាំ ១៩៩៩ ឬក្រោយនោះគ្រប់លក្ខខណ្ឌចូលបម្រើយោធានេះ។ កាតព្វយោធានេះមានរយៈពេលសរុប ១១ខែ ហើយការអនុវត្តកាត្វកិច្ចយោធាជាផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃ ១មករាឆ្នាំ ២០១៨ខាងមុខ។
ក្នុងរយៈពេលប្រហែល ២០ឆ្នាំចុងក្រោយនេះ ស៊ុយអែតក៏មិនសូវខ្វាយខ្វល់រឿងធ្វើទំនើបកម្មយោធាដែរ។ ថវិកាយោធាត្រូវបានកាត់បន្ថយដោយរដ្ឋាភិបាលយល់ឃើញថា វាជារឿងមិនចាំបាច់និងខ្ជះខ្ជាយ។ ថវិកាភាគច្រើនត្រូវបានគេបង្វែរទៅជួយប្រតិបត្តិការការពារសន្តិភាពនោបរទេស និងសកម្មភាពពាក់ព័ន្ធផ្សេងទៀត មិនមែនជាការធ្វើទំនើបកម្មវិស័យយោធាឡើយ៕
Tag:
ស៊ុយអែត
រុស្ស៊ី
Peter Hulqvist
កាតព្វកិច្ចយោធា
© រក្សាសិទ្ធិដោយ thmeythmey.com