អន្តរជាតិ
ជាប់គុកបានសម្រេច ដែលនេះជាការប៉ងប្រាថ្នាចុងក្រោយរបស់ស្ត្រីហូឡង់វ័យ៩៩ឆ្នាំម្នាក់ 05, Mar 2017 , 8:30 pm
×
ស្ត្រីចំណាស់ជនជាតិហូឡង់អាយុ៩៩ឆ្នាំ ឈ្មោះ Annie បំពេញក្តីសុបិន្តចុងក្រោយរបស់ខ្លួនបានដោយជោគជ័យ។ ក្តីសុបិន្តនោះ គឺលោកយាយចង់ឲ្យគេឃាត់ខ្លួន និងឃុំជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ពោលគឺគាត់ចង់ភ្លក់គ្រប់រសជាតិក្នុងជីវិត។ នេះបើតាមការផ្សាយរបស់កាសែត The Independent។
លោកយាយជនជាតិហូឡង់វ័យ៩៩ឆ្នាំ រីករាយជាទីបំផុតសម្រាប់ជីវិតចុងក្រោយរបស់ខ្លួន។ គាត់បានធ្វើតារាងបញ្ជីដ៏វែងទាក់ទងនឹងសកម្មភាពដែលគាត់ធ្វើក្នុងជីវិត។ តាមរយៈរូបថតដែលបង្ហោះដោយទំព័រហ្វេសប៊ុករបស់ការិយាល័យប៉ូលិស Nijmegen-Zuid នៃប្រទេសហូឡង់ លោកយាយ Annie ជាប់ខ្នោះទាំងមុខញញឹម។
តាមពិតទៅ នេះជាគម្រោងការដែលរៀបចំដោយក្មួយស្រីម្នាក់របស់លោកយាយ Annie។ ក្មួយស្រីរូបនោះ បានអះអាងថា គាត់បានសហការជាមួយប៉ូលិសដើម្បីចាប់លោកយាយ Annie បើទោះបីជាគាត់មិនបានប្រព្រឹត្តអ្វីខុសក៏ដោយ តែវាជាការសម្រេចក្តីសុបិន្តជូនគាត់។
លោកយាយ Annie ត្រូវបញ្ជូនទៅកាន់ពន្ធនាគារក្នុងក្រុង Nijmengen Zuid ជាយរាជធានីអាំស្ទែរដាម នៃប្រទេសហូឡង់។ លោក Peter Smit ដែលអ្នកនាំពាក្យការិយាល័យប៉ូលិស Nijmegen-Zuid បានបញ្ជាក់ថា លោកយាយបានជាប់ឃុំតែប៉ុន្មាននាទីប៉ុណ្ណោះ។ លោកបានអះអាងថា ការិយាល័យរបស់មិនដែលធ្វើបែបនេះឡើយ តែនេះជាករណីពិសេស ដើម្បីបំពេញក្តីសុបិន្តឲ្យមនុស្សចាស់ម្នាក់។
លោក Smit បានបន្ថែមប្រាប់ The Independent ថា ក្នុងឆាកជីវិត គាត់មិនដែលប្រព្រឹត្តបទឧក្រិដ្ឋណាមួយឡើយ ដូច្នេះការចង់ក្លាយខ្លួនជាអ្នកទោស គឺជាបទពិសោធន៍មួយដែលអ្នកស្រី Annie ចង់បាន មុននឹងគាត់លាចាកលោក។
លោកយាយ Annie មិនមែនជាមនុស្សទីមួយនោះឡើយ ដែលចង់បានបទពិសោធន៍ជាប់ពន្ធនាគារ។ កាលពីខែកញ្ញាកន្លងមក ស្ត្រីអាមេរិកឈ្មោះ Edie Simms វ័យ១០២ឆ្នាំ ក៏បានសម្រេចក្តីសុបិន្តរបស់ខ្លួន គឺការស្គាល់រសជាតិជាប់ពន្ធនាគារមុនពេលលាចោកលោកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com