អន្តរជាតិ
កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ៤​គ្រាប់ ផ្គើន​សមយុទ្ធ​អាមេរិក​-​កូរ៉េខាងត្បូង​
06, Mar 2017 , 10:23 am        
រូបភាព
​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដល់​ទៅ​៤​គ្រាប់​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមីនា នេះ ដែល​ទំនងជា​ការឆ្លើយតប​នឹង​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ដែល​កំពុង​ធ្វើឡើង​ដែរនោះ​។ ក្នុងចំណោម​មី​ស៊ី​ល​ទាំង​៤​គ្រាប់ មា​នន​៣​គ្រាប់​បាន​ធ្លាក់ចូល​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន ដែលមាន​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ​ពី​ដីគោក​ជប៉ុន​។ ទាំង​ជប៉ុន និង​កូរ៉េខាងត្បូង សុទ្ធតែ​បង្កើន​ការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់​ក្រោយ​ការបាញ់​នេះ បើទោះជា​គេ​មិនទាន់​ដឹង​ប្រភេទ​នៃ​មី​ស៊ី​ល​ទេនោះ​។​


​យោធា​កូរ៉េខាងត្បូង និង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បានប្រកាសថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចំនួន​៤​គ្រាប់ តម្រង់​គោលដៅ​សមុទ្រ​ខាងកើត​។ យោធា​កូរ៉េខាងត្បូង និយាយថា មី​ស៊ី​ល​ទាំង​៤​គ្រាប់ ត្រូវបាន​បាញ់​ចេញពី​ទីតាំង​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ Dongchang-ri ក្បែរ​ព្រំដែន​ចិន ហើយ​ហោះ​បាន​ចម្ងាយ​ជាង​១​ពាន់​គីឡូម៉ែត្រ​មុន​ធ្លាក់ចូល​សមុទ្រ​ខាងកើត ក្នុងនោះ​មាន​៣​គ្រាប់​ធ្លាក់ចូល​ដែនទឹក​ជប៉ុន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonhap ផ្សាយ​ថា កូរ៉េខាងត្បូង និង​អាមេរិក កំពុង​វិភាគ​ព័ត៌មាន​ទទួលបាន​ទាំងឡាយ ដើម្បី​កំណត់​ប្រភេទ​មី​ស៊ី​ល និង​អានុភាព​របស់​វា​។ ក្រោយ​ការបាញ់​នេះ នាយករដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតី​ស្ដីទី​កូរ៉េខាងត្បូង Hwang Kyo-anh ក៏បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដើម្បី​ពិនិត្យ​ស្ថានការណ៍​នេះ​។ ចំណែក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ក៏បាន​ប្រាប់​សភា​ដែរ​ថា ការបាញ់​នេះ ជាការ​សកម្មភាព​គ្រោះថ្នាក់ និង​បាន​បំពាន​បម្រាម​ក្រុមប្រឹក្សាសន្តិសុខ​។​

​ខណៈដែល​គេ​មិនទាន់​ដឹង​ពី​ប្រភេទ​មី​ស៊ី​ល​នេះ មន្ត្រី​យោធា​កូរ៉េខាងត្បូង​បានលើកឡើង​ពី​លទ្ធភាព​ដែល​មី​ស៊ី​លបាញ់​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមីនា ជា​មី​ស៊ី​ល​អន្តរទ្វីប (ICBMs) អាច​បាញ់​ដល់​ទឹកដី​ភាគ​ខាងលិច​អាមេរិក បើ​បាញ់​ក្នុង​រយៈកម្ពស់​ខ្ពស់​។ ប៉ុន្តែ​ដោយសារ​ការបាញ់​លើក​នេះ​មាន​ច្រើន​គ្រាប់​ក្នុងពេល​តែមួយ គេ​សន្និដ្ឋានថា មី​ស៊ី​ល​នេះ អាចជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី Scud ឬក៏​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម Rodong ទៅវិញ​។​

​ការបាញ់​មី​ស៊ី​ល​ម្ដង​ច្រើន​គ្រាប់​បែបនេះ អាចធ្វើ​ឡើងជា​ការឆ្លើយ​តប​នឹង​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ដែល​ចាប់ផ្ដើម​កាលពី​សប្ដាហ៍​មុន​។ សមយុទ្ធ​នេះ មាន​គោលដៅ​ពង្រឹងសមត្ថភាព​កងទ័ព​សម្ព័ន្ធមិត្ត​ដើម្បី​ត្រៀម​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​ពី​កូរ៉េខាងជើង​។ ប៉ុន្តែ​កូរ៉េខាងជើង បានចាត់ទុក​សមយុទ្ធ​យោធា​ដែលមាន​វត្តមាន​នាវា​ដឹក​យន្តហោះ​អាមេរិក​ដែរ ជាការ​រៀបចំ​ធ្វើសង្គ្រាម​ប្រឆាំង​ខ្លួន ដែល​ត្រូវមាន​វិធានការ​ការពារ​បន្ទាន់​។​

​នេះ​ជា​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៧ ដែល​រដ្ឋ​កុម្មុយនីស្ត​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បំពាន​សេចក្ដីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ​។ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ល ដែល​គេ​ជឿថា ជា​ប្រភេទ​មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​ឆ្ងាយ​។ សកម្មភាព​ផ្គើន​ម្ដង​ហើយ​ម្ដងទៀត​របស់​កូរ៉េខាងជើង មិនបាន​ផ្ដល់​ផល​ល្អ​ដល់​ខ្លួន​ឡើយ គឺមាន​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ ដែល​សូម្បីតែ​ចិន​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត ក៏​បង្ខំចិត្ត​ថ្កោលទោស​ទង្វើ​បំពាន​នេះដែរ​៕


Tag:
 កូរ៉េខាងជើង​
  ជប៉ុន​
  ICMB
© រក្សាសិទ្ធិដោយ thmeythmey.com