អន្តរជាតិ
រដ្ឋអាជ្ញា​ពិសេស​រកឃើញថា លោកស្រី ប៉ាក ហ្គឺ​ន​ហេ ពាក់ព័ន្ធ​រឿង​ពុករលួយ​
06, Mar 2017 , 2:45 pm        
រូបភាព
​ក្រុម​រដ្ឋអាជ្ញា​ពិសេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៦ ខែមីនា បានប្រកាស​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់ខ្លួន ជុំវិញ​ករណី​ពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ (Park Geun-hye) ។ ក្រុម​រដ្ឋអាជ្ញា​ពិសេស​រកឃើញថា លោកស្រី ប៉ាក ដែល​ត្រូវ​សភា​បោះឆ្នោត​ដកតំណែង​ប្រធានាធិបតី មាន​ជាប់​សង្ស័យ​ក្នុងករណី​សូកប៉ាន់ និង​រំលោភ​អំណាច​ដែល​ប្រព្រឹត្ត​ដោយ​មិត្តភក្តិ Choi Soon-sil និង បណ្ដា មនុស្ស​ជំនិត​របស់​លោកស្រី​ផ្ទាល់​ផង​។


​ក្រុម​រដ្ឋអាជ្ញា​ពិសេស ដែល​បង្កើតឡើង​ដើម្បី​ស៊ើបអង្កេត​រឿងអាស្រូវ​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ បានបញ្ចប់​ការស៊ើបអង្កេត​របស់ខ្លួន​ហើយ​កាលពី​សប្ដាហ៍​មុន និង​បាន​បញ្ជូន​លទ្ធផល​ស៊ើបអង្កេត​នេះ​ទៅ​ឲ្យ​ស្ថាប័ន​រដ្ឋអាជ្ញា ដើម្បី​ស៊ើបអង្កេត​បន្តទៀត​។ លទ្ធផល​ស៊ើបអង្កេត​បង្ហាញថា លោកស្រី ប៉ាក ហ្គឺ​ន​ហេ ពិតជា​មាន​ជាប់ទាក់ទង​ក្នុង​សំណុំរឿង​ពុករលួយ​របស់​មិត្តភក្តិ​លោកស្រី គឺ​លោកស្រី Choi Soon-sil ដែល​រង​ការចោទប្រកាន់ថា​បាន​លូកលាន់​កិច្ចការរដ្ឋ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ រដ្ឋអាជ្ញា​ពិសេស បាន​បញ្ជាក់ថា លោកស្រី ប៉ាក ជាប់​សង្ស័យ​សមគំនិត​ជាមួយ​លោកស្រី Choi Soon-sil ដោយ​ទទួល​សំណូក​ពី​ប្រធាន​ក្រុមហ៊ុន Samsung ដើម្បី​ប្រយោជន៍​រកស៊ី​របស់ខ្លួន​។ លោក Lee Jae-yong ប្រធាន​ក្រុមហ៊ុន Samsung Group និង​មនុស្ស​ប្រហែល​៣០​នាក់​ទៀត​មាន​ទីប្រឹក្សា​លោកស្រី ប៉ាក ជាច្រើន​នាក់ ក៏ត្រូវ​បាន​តុលាការ​កាត់ទោស​ដោយសា​រ​រឿងនេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា ការស៊ើបអង្កេត​នេះ មិន​ធ្វើឡើង​ដោយ​ពេញលេញ​ឡើយ ព្រោះ​ភាគី​ពាក់ព័ន្ធ​មិន​សហការ​ជាមួយ​ក្រុម​រដ្ឋអាជ្ញា​ពិសេស​។ លោក Park Young-soo មកពី​ក្រុម​រដ្ឋអាជ្ញា​ពិសេស​នេះ និយាយថា ការស៊ើបអង្កេត​ដែល​បញ្ចប់​នេះ ទទួលបាន​លទ្ធផល​ពាក់​កណ្ដាល​ប៉ុណ្ណោះ ដ្បិត​គ្មាន​ពេលវេលា​គ្រប់គ្រាន់ ហើយ​ភាគី​ផ្សេងទៀត​មិន​សហការ​ទៅទៀត​។ ក្រុម​រដ្ឋអាជ្ញា​នេះ ថែមទាំង​ចង់​សួរចម្លើយ​លោកស្រី ប៉ាក ទៀតផង ពួកគេ​មិន​ទទួលបាន​ការអនុញ្ញាត​ឡើយ​។​

​ជំហាន​បន្ទាប់​ពីនេះ គឺ​ការ​បង្ហាញមុខ​របស់លោក​ស្រី​ចំពោះមុខ​រដ្ឋអាជ្ញា​ប្រទេស ដែល​នឹង​បន្តការងារ​ស៊ើបអង្កេត​លើ​ចំណុច​សេសសល់​។ គេ​មិនដឹង​ច្បាស់​ថា លោកស្រី នឹង​ចូលខ្លួន​ឬ​យ៉ាងណាដែរ​។ នេះ​ក៏​ព្រោះតែ​ក្រុម​រដ្ឋអាជ្ញា​ពិសេស មិនអាច​សួរដេញដោល​រក​ឬ​សគល់​បញ្ហា​បានឡើយ លោកស្រី ប៉ាក នៅមាន​អភ័យឯកសិទ្ធិ​ពី​រួច​ផុតពី​កាត់ទោស​ទាំងឡាយ បើទោះជា​លោកស្រី​អស់តំណែង​ក្ដី ប៉ុន្តែ​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​មិនទាន់​សម្រេច​ចុងក្រោយ​នៅឡើយ​។​

​សូមបញ្ជាក់ថា លោកស្រី ប៉ាក បាន​អវត្តមាន​ប៉ុន្មាន​ដង​រួចមកហើយ​ក្នុង​សវនាការ​តុលាការ​ធម្មនុញ្ញ ដែល​សម្រេច​អនាគត​លោកស្រី​ក្នុង​ឆាកនយោបាយ​កូរ៉េខាងត្បូង​។ បើ​តុលាការ​ធម្មនុញ្ញ​សម្រេចចិត្ត​ទុក​ការបោះឆ្នោត​របស់​សភា​ជា​រឿង​បានការ លោកស្រី ប៉ាក ត្រូវ​អស់តំណែង​ស្វ័យប្រវត្តិ​។ ប៉ុន្តែ​បើ​តុលាការ​ទាត់ចោល​ការសម្រេច​របស់​សភា លោកស្រី​នឹង​ទទួលបាន​តំណែង​នេះ​វិញ ខណៈ​តំណែង​នេះ​កំពុងកាន់​បណ្ដោះអាសន្ន​ដោយ​នាយករដ្ឋមន្ត្រី Hwang Kyo-anh ៕


Tag:
 កូរ៉េខាងត្បូង​
  Park Geun-hye
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com