អន្តរជាតិ
ប្រធានាធិបតី​ចិន​ជំរុញ​ការលើកស្ទួយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​យោធា​
14, Mar 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បានប្រកាសថា ចិន​នឹង​ផ្តោតលើ​ការច្នៃប្រឌិត​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ដើម្បី​គាំទ្រ​ការធ្វើ​ទំនើបកម្ម​យោធា​របស់ខ្លួន​។ ការលើកឡើង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​មហិច្ឆតា​របស់​ចិន​ក្នុង​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ស្រប​ពេលដែល​មហាអំណាច​មួយ​នេះ​ប្រឹង​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅលើ​ពិភពលោក​។​


​ក្នុងជំនួប​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​កាលពី​ថ្ងៃអាទិត្យ​ទី ១២​មីនា ប្រមុខរដ្ឋ​ចិន​លោក​ស៊ី ជិន​ពីង បានប្រកាសថា ចិន​នឹង​ព្យាយាម​លើកស្ទួយ​ការច្នៃប្រឌិត​ផ្នែក​វិទ្យាសាស្ត្រ​ក្នុង​កម្មវិធី​ទំនើបកម្ម​យោធា​របស់ខ្លួន​នៅពេល​ខាងមុខ​។

«​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​គឺជា​គន្លឹះ​ធំ​នៃ​ការធ្វើ​ទំនើបកម្ម​យោធា​របស់​យើង​»​។ នេះ​ការ​ថ្លែង​របស់លោក ស៊ី ជិន​ពីង ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ីន​ហួរ​។​

​លោក​បន្តថា​៖«​វា​គួរតែមាន​ការគាំទ្រ​បន្ថែម​លើ​វិ​ទ្ត​សាស្ត្រ​និង​បច្ចេកវិទ្យា​សម្រាប់​កងទ័ព​រំដោះប្រជាជន​។ យើង​ត្រូវ​បង្កើន​ការគាំទ្រ​ការច្នៃប្រឌិត​និង​អភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ដោយមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​និង​យកចិត្ត​ដាក់​ខ្លាំង​»​។​

​ប្រធានាធិបតី ស៊ី ជិន​ពីង ជា​អ្នកអនុវត្ត​នយោបាយ​ទំនើបកម្ម​យោធា​ចិន​កន្លងមក​ក្នុងនោះ​មាន​ទាំង​គម្រោង​ផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ​, មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប និង​នាវាមុជទឹក​ទំនើបៗ​ថែមទៀត​។ គម្រោង​ទំនើប​យោធា​នេះ ជា​មហិច្ឆតា​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការឈាន​ឆ្ពោះទៅ​កសាង​ឥទ្ធិពល​និង​អំណាច​របស់ខ្លួន​នៅក្រៅ​ប្រទេស​។​

​ក្រៅពី​យកចិត្តទុកដាក់​លើ​ការបង្កើន​ការស្រាវជ្រាវ​និង​ការច្នៃប្រឌិត​ក្នុង​វិស័យ​បច្ចេកវិទ្យា​យោធា​ ប្រមុខរដ្ឋ​ចិន​នេះ​បានកំណត់​យក​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​មន្ត្រី​ស៊ីវិល និង​មន្ត្រី​យោធា​ជា​គោល​សម្រាប់​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ព​ផងដែរ​។ រដ្ឋាភិបាល​នឹង​យកចិត្តទុកដាក់​ចំពោះ​ការអភិវឌ្ឍ​ប្រព័ន្ធ​ហ្វឹកហ្វឺន​និង​ការបំពាក់​បំប៉ន​សមត្ថ​ភាព​កងទ័ព​ទ្រង់ទ្រាយ​ធំ ដើម្បី​ធានា ពី​គុណភាព​និង​សមត្ថភាព​កងទ័ព​ជារួម​។​

​កន្លងមក ដើម្បី​បង្កើន​សមត្ថភាព​យោធា​ឲ្យ​កាន់តែ​ខ្លាំងក្លា ក្រុង​ប៉េកាំង​កន្លងមក​បាន​ផ្តោតលើ​ការប្រយុទ្ធ​ឆាំង​ក្រុមមន្ត្រី​យោធា​ពុករលួយ​នៅតាម​ជួរ​កងទ័ព​ពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម ហើយ​និង​កាត់បន្ថយ​ចំនួន​កងទ័ព​ផងដែរ​ដោយសារ​កងទ័ព​ចិន​មាន​ចំនួន​ច្រើន​លើសលុប​។ គោលនយោបាយ​កណ្តាប់ដៃ​ដែក​របស់​ប្រធានាធិបតី ប្រឆាំង​អំពើពុករលួយ​ហាក់​មាន​ផ្លែផ្កា​ច្រើន​ដែរ​កន្លងមក ដោយសារ​មន្ត្រី​ពុករលួយ​ច្រើន​នាក់​ត្រូវបាន​គេ​ចាប់ខ្លួន​និង​កាត់ទោស​។​

​ប៉ុន្តែ​គម្រោង​កាត់បន្ថយ​កងទ័ព​ចំនួន ៣​សែន​នាក់ របស់លោក ស៊ី ជិន​ពីង ដែល​បានប្រកាស​ពី​ឆ្នាំ ២០១៥ នោះ​បង្កើត​បញ្ហា​ចម្រូងចម្រាស​ច្រើន​។ ប៉ុន្មាន​ខែ​មុនពេល​លោក ស៊ី ជិន​ពីង លើកឡើង​ពី​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​យោធា គេ​ឃើញ​ក្រុម​យោធា​ចិន​ដែល​ត្រូវបាន​គេ​រំសាយ​នោះ​នាំគ្នា​បាតុកម្ម​តវ៉ា​ដោយ​ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គាំទ្រ​ពួកគេ​ឲ្យ​បាន​ដិតដល់​ផងដែរ​៕


Tag:
 ចិន​
  ស៊ី ជិន​ពីង​
  ទំនើបកម្ម​កងទ័ព​ចិន​
 ​ បច្ចេកវិទ្យា​យោធា
© រក្សាសិទ្ធិដោយ thmeythmey.com