អន្តរជាតិ
Duterte៖ «​ទុក​ជីវិត​ឲ្យ​ឧក្រិដ្ឋជន​ម្នា​ក់រស់ ជា​គ្រោះថ្នាក់​សម្រាប់​ជន​ស៊ីវិល​»
14, Mar 2017 , 10:50 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលគាំទ្រការអនុវត្តទោសប្រហារជីវិតឡើងវិញ (រូបថត Xinhua)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ដែលគាំទ្រការអនុវត្តទោសប្រហារជីវិតឡើងវិញ (រូបថត Xinhua)

​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​ថ្ងៃទី​១៣ ខែមីនា បាន​វាយបក​លើ​អ្នក​រិះគន់ ដែល​ប្រឆាំង​ការអនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ​។ សេចក្ដីស្នើ​អនុវត្ត​ទោស​ប្រហារជីវិត​នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ពិភាក្សា​នៅឯ​ស្ថាប័ន​នីតិបញ្ញត្តិ មុននឹង​ធ្លាក់​ដល់ដៃ​លោក Duterte ជា​ចុងក្រោយ​។ លោក​និយាយ​ការពារ​បំណង​អនុវត្ត​ទោស​ដ៏​ធ្ងន់​នេះ​ថា ការរក្សា​ជីវិត​ឧក្រិដ្ឋជន​ម្នាក់ គឺជា​ការ​រឿង​គ្រោះថ្នាក់​សម្រាប់​ជីវិត​ជនស្លូតត្រង់​ដទៃទៀត​។​


​ការវិលត្រឡប់​មកវិញ​នៃ​ការ​ទោស​ប្រហារជីវិត រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​សកម្មជន​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន ខណៈ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Rodrigo Duterte ចង់​អនុវត្ត​ទោស​នេះ​ឡើងវិញ ដើម្បី​លុបបំបាត់​អំពើ​ឧក្រិដ្ឋ​នៅក្នុង​ប្រទេស​ដូចជា​ករណី​ជួញដូរ​គ្រឿងញៀន និង​ករណី​រំលោភ​ជាដើម​។ ជារឿយៗ​លោក Duterte អះអាងថា ការអនុវត្ត​ទោស​នេះ នឹង​ជួយ​កាត់បន្ថយ​ករណី​ឧក្រិដ្ឋកម្ម​ធំៗ​ក្នុងប្រទេស ព្រោះ​ជនល្មើស​ខ្លាច​ជាប់ទោស​ស្លាប់​។

​ក្នុង​សន្និសីទកាសែត​មួយ​នៅ​វិមាន Malacañang ប្រធានាធិបតី​រូបនេះ​បាន​និយាយ​ការពារ​ការអនុវត្ត​ទោស​នេះ​ថា ការសង្គ្រោះ​ជីវិត​ជនឧក្រិដ្ឋ​ម្នាក់ គឺ​ដូច​ជាការ​ប្រថុយ​គ្រោះថ្នាក់​របស់​ជីវិត​ជនស្លូតត្រង់​ជាច្រើន​នាក់​ដូច្នោះ​ដែរ​។ លោក​បន្តថា​៖ «​យើង​រវល់​ការពារ​ជនឧក្រិដ្ឋ ដល់​ថ្នាក់​គ្មាន​ពេល​ដើម្បី​បន់ស្រន់​ឲ្យ​ព្រលឹង​ជនស្លូតត្រង់​ជា​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ទៅហើយ​»​។​

​បើទោះជា​មានការ​លើកឡើង​ថា ទោស​ប្រហារជីវិត​មិនគួរ​អនុវត្ត​ដើម្បី​ទុក​ឱកាស​ឲ្យ​ឧក្រិដ្ឋជន​កែខ្លួន​ក្ដី លោក​ប្រធានាធិបតី Duterte នៅតែ​បញ្ជាក់ថា នេះ​ជា​កម្ម​ពៀរ​របស់​ពួកឧក្រិដ្ឋជន​ទាំងនោះ ហើយ​ច្បាប់​ត្រូវតែ​លើ​គ្រប់​មនុស្ស​ទាំងអស់​។ បើ​សារព័ត៌មាន ABS-CBN News លោក​ក៏​លើក​ជា​សំណួរ​ដែរ​ថា អ្វី​ជា​បំណង​នៃ​ច្បាប់ព្រហ្មទណ្ឌ​? ចម្លើយ​គឺ​វា​ជា​កម្ម​ពៀរ ដូច្នេះ​ឧក្រិដ្ឋជន​ត្រូវតែ​ទទួល​កម្ម​ពៀរ​របស់​ពួកគេ​។ 

​លោក Duterte បានលើកឡើង​ពី​របាយការណ៍​របស់​កា​រិ​យា​ល័យ​កែប្រែ ដែល​បង្ហាញថា ចំនួន​ករណី​ឧ​ក្រិដ​កម្ម​កើនឡើង​ខ្លាំង បន្ទាប់​ទោស​ប្រហារជីវិត​ត្រូវបាន​លុបចោល​មក​នោះ​។ កាល​ឆ្នាំ​២០០៦ ចំនួន​អ្នក​ជាប់ពន្ធនាគារ​មានទោស​ប្រព្រឹត្ត​បទឧក្រិដ្ឋ​មាន​ដល់​ទៅ​ជាង​៦​ពាន់​នាក់​ឯណោះ ហើយ​ចំនួន​នេះ​បាន​កើនឡើង​រហូតមក​។​

​ជាមួយនឹង​ជំហរ​ចង់បាន​ការអនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ លោក Duterte បានផ្ដល់​ជម្រើស​មួយ​សម្រាប់​ប្រជាជន​ហ្វីលីពីន​ថា ពួកគេ​ចង់​ឲ្យ​នរណា​ស្លាប់ៈ ជនស្លូតត្រង់ ឬ​ឧក្រិដ្ឋជន​។ «​អ្នក​ចង់​ឲ្យ​នរណា​ស្លាប់​! ប្រជាជន​ដែល​មិន​ដឹងអី ឬ​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​បាបកម្ម​។ រើស​មួយ​ទៅ​ចង់​ឲ្យ​អ្នកស្លាប់​! កូនៗ​របស់​អ្នក​ដែល​ដើរទៅ​សាលារៀន ហើយ​ត្រូវគេ​ប្លន់​សម្លាប់ ឬ​ពួកឧក្រិដ្ឋជន​ទាំងនោះ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​ប្រធានាធិបតី​ហ្វីលីពីន​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com