អន្តរជាតិ
រថភ្លើង​អាកាស​ទី​១ ត្រៀម​បង្ហាញខ្លួន​នៅ​ក្រុង​ហាណូយ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​
14, Mar 2017 , 2:07 pm        
រូបភាព
ទូរថភ្លើង ត្រូវបានស្ទូចដាក់លើខ្សែរថភ្លើងអាកាសទី១ ក្នុងរដ្ឋធានីហាណូយ (រូបថត Xinhua)
ទូរថភ្លើង ត្រូវបានស្ទូចដាក់លើខ្សែរថភ្លើងអាកាសទី១ ក្នុងរដ្ឋធានីហាណូយ (រូបថត Xinhua)
ដោយ: ថ្មីៗ
​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នឹង​បង្ហាញផ្លូវ​រថភ្លើង​ក្នុង​ទីក្រុង​ទី​១ របស់ខ្លួន​នៅពេល​ខាងមុខនេះ​។ ខ្សែ​រថភ្លើង​ក្នុង​ទីក្រុង​នេះ សាងសង់ និង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន សម្រាប់​ភ្ជាប់​ពី​វី​ថី Cat Linh ទៅកាន់​តំបន់ Hadong ។ ខ្សែ​រថភ្លើង​ថ្មី​នេះ នឹង​ជួយ​សម្រួល​ចរាចរណ៍​ក្នុង​រដ្ឋធានី​វៀតណាម ក៏ដូចជា​ការតភ្ជាប់​ផ្នែក​ទាំងឡាយ​នៃ​ទីក្រុង​ផងដែរ​។​


​ខ្សែ​រថភ្លើង​ទី​១​ក្នុង​រដ្ឋធានី​ហាណូយ នឹង​លេច​ជា​រូបរាង​ក្នុងពេល​ខាងមុខ​។ ខ្សែ​រថភ្លើង​ប្រវែង​១៣​គីឡូម៉ែត្រ ភ្ជាប់​ពី​តំបន់ Cat Linh ទៅកាន់ Hadong ត្រូវបាន​កសាង​ដោយ​ការិយាល័យ​ទី​៦ នៃ​ក្រុមហ៊ុន​វិស្វកម្ម​ផ្លូវដែក​របស់​ចិន (CREC)​។ ទូ​ទី​១​នៃ​រថភ្លើង​នេះ ត្រូវបាន​ស្ទូច​ដាក់​ស្ថានីយ៍​រួចរាល់​ហើយ​សម្រាប់​ការសាកល្បង​។​

​ជាមួយគ្នានេះ ការដេញថ្លៃ​ប្រព័ន្ធ​ទំនាក់ទំនង និង​ការផ្គត់ផ្គង់​ថាមពល​សម្រាប់​ខ្សែ​រថភ្លើង​នេះ ក៏ត្រូវ​បញ្ចប់​រួចហើយ​ដែរ​។ ខ្សែ​រថភ្លើង​ក្នុង​ទីក្រុង​ដំបូង​គេ​របស់​ក្រុង​ហាណូយ នឹង​ចាប់ផ្ដើម​ការធ្វើដំណើរ​សាក​ល្បង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៧ ក្រោយ​ប្រព័ន្ធ​ថាមពល​សម្រាប់​ការផ្គត់ផ្គង់​ខ្សែ​រថភ្លើង​នេះ ត្រូវបាន​ត​ភ្ជាប់​ចប់សព្វគ្រប់​ដូចគ្នា​។​

​ជា​ខ្សែ​រថភ្លើង​មិន​ធ្លាប់មាន​សម្រាប់​រដ្ឋធានី​វៀតណាម រថភ្លើង​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ស្តង់ដា​គុណភាព​របស់​ចិន​ទាំងស្រុង​។ ការ​ស្ទូច​ទូ​ទី​១​របស់​រថភ្លើង​ដាក់​លើផ្លូវ​រថភ្លើង​នេះ ក៏​មានន័យថា​គម្រោង​ដ៏​ធំ​នេះ កំពុង​ឈានទៅ​ដំណាក់កាល​បញ្ចប់​នៅពេល​ខ្លី​ខាងមុខ និង​ត្រូវ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​បន្ទាប់​។​

​គម្រោង​រថភ្លើង​លើ​អាកាស​នេះ ជា​គម្រោង​កិច្ចសហប្រតិបត្តិការ​ដ៏​ធំ​រវាង​វៀតណាម និង​ចិន ជា​អ្នកជិតខាង​គ្នា​។ ខ្សែ​រថភ្លើង​នេះ នឹងមាន​១២​ស្ថានីយ៍ និង​ស្ថានីយ​ជំហប់​ឱកាស​មួយ (Train Depot)​។ គម្រោង​នេះ ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាជន​វៀតណាម​យ៉ាងខ្លាំង តាំងពី​ការចេញផ្សាយ​គម្រោង​នេះ​ក្នុង​ឆ្នាំ​២០១៥ ។ ប្រជាជន​ក្រុង​ហាណូយ កំពុង​អន្ទះសា​រង់ចាំ​ការ​ដំណើរការ​ផ្លូវការ​ខ្សែ​រថភ្លើង​នេះ​។ លោក Bui Hai Nam ជា​ពលរដ្ឋ​ម្នាក់​និយាយថា លោក​ធ្លាប់តែ​ឃើញ​រថភ្លើង​នេះ​តាម​ទូរទស្សន៍​ប៉ុណ្ណោះ ហើយ​លោក​នឹង​ក្លាយជា​អ្នកដំណើរ​ដំបូង​គេ​ដែល​ជិះ​រថភ្លើង​ល្អ និង​ជួយ​បរិស្ថាន​។​

​ខណៈដែល​ការរីកចម្រើន​ផ្នែក​នគ​រោ​ប​នីយកម្ម​កើនឡើង​ខ្លាំង រដ្ឋធានី​ហាណូយ ដែលមាន​ប្រជាជន​៨​លាន​នាក់ ប្រឈមមុខ​បញ្ហា​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។ បញ្ហា​នេះ ប៉ះពាល់​ខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ ពួកគេ​ភាគច្រើន​ជឿថា ខ្សែ​រថភ្លើង​អាកាស នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។ មិនតែប៉ុណ្ណោះ គុណភាព​នៃ​សំណង់​របស់​ចិន ក៏​ទាក់ទាញ​ភាគី​វៀតណាម​ខ្លាំង​ទៀតផង ទើប​ពួកគេ​ជ្រើសរើស​ចិន​សម្រាប់​គម្រោង​នេះ​៕


Tag:
 ចិន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com