អន្តរជាតិ
វៀតណាម​បាន​រំឭក​សហរដ្ឋអាមេរិក​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ
14, Mar 2017 , 7:39 pm        
រូបភាព
ដោយ: VOA
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​នានា​នៅក្នុង​ប្រទេស​វៀតណាម បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​ប្រាប់​គណៈប្រតិភូ​ពាណិជ្ជករ​អាមេរិកាំង កាលពី​សប្ដាហ៍​មុន​ថា លោក​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅក្នុង​សហរដ្ឋអាមេរិក ហើយ​លោក​សង្ឃឹមថានឹង​បាន​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី Donald Trump ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងៗ​ទៀត​។​


​ប្រទេស​វៀតណាម​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ផលិតផល​រោងចក្រ ដែល​ការនាំចេញ​នេះ មាន​ចំនួន​ប្រហែល ១៩ ភាគរយ នៃ​សេដ្ឋកិច្ច​សរុប​តម្លៃ ២ រយ​ពាន់​លាន​ដុល្លារ​អាមេរិក​របស់​វៀត​ណា​ម​។​

​លោកស្រី Marie Diron អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Moody's Investors Service នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​និយាយថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក ដែលជា​ប្រទេស​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​វៀតណាម​ជាក់​ជា​មិន​ខា​ន‍​»​។​

​អ្នកវិភាគ​នានា​ថា លោក Trump មិន​ត្រូវគេ​រំពឹងថា នឹង​ផ្ដល់​អាទិភាព​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅក្នុង​រយៈពេល​ខ្លី​នោះទេ ប៉ុន្តែ​ថ្ងៃ​ណាមួយ លោក​ប្រាកដជា​ពិចារណា​លើ​កិច្ចព្រមព្រៀង​ទាំងនោះ​ជាក់​ជាមិនខាន​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាទូទៅ​តម្រូវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​កាត់បន្ថយ​ពន្ធ​លើ​ទំនិញ​នាំចេញ​នាំចូល​ទៅវិញទៅមក​។​

​នាយករដ្ឋមន្ត្រី​វៀតណាម​អាច​មានឱកាស​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក ដោយហេតុថា ក្រុមហ៊ុន​អាមេរិកាំង​ដែល​លក់​ផលិតផល​ផ្សេងៗ​ដូចជា ក្រុមហ៊ុន​លក់​អាហារ​ទទួលទាន​ភ្លាមៗ ក្រុមហ៊ុន​លក់​ទូរស័ព្ទដៃ និង​ក្រុមហ៊ុន​លក់​ធានារ៉ាប់រង​ជាដើម ចង់​មានលទ្ធភាព​បន្ថែមទៀត​ចូលទៅ​កាន់​ទីផ្សារ​អ្នកមាន​ប្រាក់ចំណូល​មធ្យម​ដែល​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស​វៀតណាម​។​

​ប្រជាជន​វៀតណាម​ច្រើនជាង​មួយ​ភាគបី ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន​ប្រហែល ៩៣ លាន​នាក់ នឹងមាន​ប្រាក់ចំណូល​មធ្យម ឬ​លើ​មធ្យម​នៅត្រឹម​ឆ្នាំ ២០២០​។ នេះ​បើតាម​ការសិក្សា​របស់​ក្រុមហ៊ុន Boston Consulting Group​។​

​សហរដ្ឋអាមេរិក​ជាទី​ផ្សារ​នាំចេញ​កំពូល​របស់​ប្រទេស​វៀតណាម ដែល​នេះ​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការនាំចេញ​របស់​វៀតណាម​លើស​តម្លៃ​នៃ​ការ​នាំចូល​របស់ខ្លួន​កាលពី​ឆ្នាំមុន ដោយ​ការនាំចេញ​មានតម្លៃ ៣៨,១ ពាន់​លាន​ដុល្លារ​អាមេរិក និង​ការ​នាំចូល​មានតម្លៃ ៨,៧ ពាន់​លាន​ដុល្លារ​អាមេរិក​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com