អន្តរជាតិ
ជប៉ុន​សម្ញែង​សាច់ដុំ​យោធា​ដោយ​បញ្ជូន​នាវាចម្បាំង​ធំ​បំផុត​ទៅ​សមុទ្រ​ចិន​ខាងត្បូង​
14, Mar 2017 , 3:01 pm        
រូបភាព
ដោយ: ថ្មីៗ
​ជប៉ុន​គ្រោង​នឹង​បញ្ជូន​នាវាចម្បាំង​ធំ​បំផុត​មួយ​របស់ខ្លួន​ទៅ​បង្អួត​សាច់ដុំ​យោធា​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ខែឧសភា​ខាងមុខ​។ នាវា​នេះ​នឹង​ចូល​សំចត​នៅ​ឥណ្ឌូណេស៊ី​, សិង្ហ​បុរី​, ហ្វ​លី​ពី​ន និង​ស្រីលង្ការ​ផង​មុននឹង​បន្តដំណើរ​ទៅ​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​អាមេរិក​និង​កងទ័ព​ឥណ្ឌា​នៅ​មហាសមុទ្រ​ឥណ្ឌា​នា​ខែកក្កដា​។ នេះ​ជាការ​បង្ហាញ​អំណាច​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​ជប៉ុន​ដែល​ជា​រដ្ឋ​មិន​ជាប់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​វា​អាច​បង្ក​ភាព​តានតឹង​ខ្លាំង​ផង​។ យ៉ាងណាមិញ ទោះជា​ក្នុងស្ថានភាព​ណាក៏ដោយ ក្រុង​តូ​ក្យូ​បានបញ្ជាក់​ច្បាស់​ណាស់​កាលពី​ខែកុម្ភៈ​កន្លងទៅ​ថា ខ្លួន​មិន​បញ្ជូន​ទ័ព​ទៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។​


សូម​ស្តាប់​សំឡេង៖ 





​ខណៈដែល​គ្រប់គ្នា​កំពុង​ចាំមើល​គោលនយោបាយ​ការបរទេស​តំបន់​អាស៊ី​របស់​រដ្ឋបាល លោក ដូ​ណា​ល់ ត្រាំ សម្ព័ន្ធមិត្ត​អាមេរិក ​ជប៉ុន​កំពុង​ព្យាយាម​បង្កើន​តួនាទី​របស់ខ្លួន​ក្នុង​តំបន់​។​រដ្ឋាភិបាល​ជប៉ុន​បច្ចុប្បន្ន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ស៊ីន​ហ្សូ អា​បេ បន្តពង្រឹង​ឡើងវិញ​នូវ​អំណាច​យោធា​របស់ខ្លួន​ដែល​ត្រូវបាន​កម្រិត​ឲ្យ​មាន​ត្រឹម​សិទ្ធិ​ស្វ័យការពារ​ក្រោយ​សង្គ្រាមលោកលើកទីពីរ​នោះ​។  ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ជប៉ុន​ហាក់​ព្យាយាម​ចូល​លូកដៃ​កាន់តែ​ជ្រៅ​ចូលក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ ទាំង​ដែល​ខ្លួន​មិនមាន​ជាប់​ពាក់ព័ន្ធ​អ្វី​សោះ​នោះ​។

​ប្រភព​ចំនួន​បី​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ជប៉ុន​ត្រៀម​បញ្ជូន​នាវាចម្បាំង​ដ៏​ធំ​បំផុត​មួយ​របស់ខ្លួន​ទៅ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ទៅ​ចូលរួម​សមុទ្រ​យោធា​មួយ​ជាមួយ​អាមេរិក​និង​ឥណ្ឌា​។​

​នាវាចម្បាំង​និង​ជានា​វា​ដឹក​ឧទ្ធម្ភាគចក្រ​របស់​ជប៉ុន​ដែលមាន​ឈ្មោះថា Izumo នេះ​ត្រូវ​បានដាក់​ឲ្យ​បម្រើកងទ័ពជប៉ុន​កាលពី​ពីរ​ឆ្នាំមុន​នោះ​។  Izumo មាន​ប្រវែង ២៤៩​ម៉ែត្រ ហើយ​វា​ជានា​វា​ធំ​បំផុត​ដែល​ជប៉ុន​មាន ហើយ​ក៏វា​ជា​ប្រភេទ​នាវា​សម័យ​សង្គ្រាមលោកលើកទី ២​។ នាវា​នេះ​អាច​ផ្ទុក​ឧទ្ធម្ភាគចក្រ​បាន ៩​គ្រឿង​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​ជប៉ុន​បាន​កែច្នៃ​នាវា​នេះ​ទៅជា​នាវាចម្បាំង​ដោយសារតែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​ជប៉ុន​មិន​អនុញ្ញាត​ឲ្យ​ជប៉ុន​ទិញ​ឬ​ផលិត​សព្វាវុធ​សម្រាប់​ប្រយុទ្ធ​ឡើយ​។ អ្វីដែល​សំខាន់ នាវា Izumo នេះ​មាន​សមត្ថភាព​ចម្បង​បំផុត​ក្នុងការ​បំពេញ​ប្រតិបត្តិ​ការប្រឆាំង​នាវាមុជទឹក​ផងដែរ​។​

​បើតាម​មន្ត្រី​ម្នាក់​ក្នុងចំណោម​ប្រភព​ទាំងបី​ខាងលើ​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​នោះ នាវា​ដឹក​ឧទ្ធម្ភាគចក្រ​ជប៉ុន​នេះ​នឹង​ចាប់ផ្តើម​ដំណើរ​របស់ខ្លួន​នា​ខែឧសភា​ខាងមុខ​ដោយ​នាវា​នេះ​ចូល​សំចត​នៅ​កំពង់ផែ​សិង្ហ​បុរី​, ឥណ្ឌូណេស៊ី​, ហ្វីលីពីន និង​ស្រីលង្ការ​។ រហូតដល់​ខែកក្កដា​នាវា​នេះ​នឹង​បន្តដំណើរ​ទៅកាន់​មហាសមុទ្រ​ឥណ្ឌា ដើម្បី​ចូលរួម​លំ​ហាត់​យោធា Malabar ជាមួយ​កងទ័ពជើងទឹក​អាមេរិក​និង​កងទ័ព​ឥណ្ឌា​ផងដែរ​។ នៅ​ខែសីហា នាវាចម្បាំង​ជប៉ុន​នឹង​ត្រឡប់​ទៅកាន់​ប្រទេស​ជប៉ុន​វិញ​ផងដែរ​។​



​មន្ត្រី​ជប៉ុន​ខាងលើ​ក៏បាន​បញ្ជាក់​ពាក់ព័ន្ធ​បំណង​នៃ​ការ​បង្អួត​នាវាចម្បាំង​របស់​ជប៉ុន​នេះដែរ ដោយ​លោក​លើកឡើងថា ជប៉ុន​គ្រាន់តែ​ចង់​សាកល្បង​សមត្ថភាព​នាវា Izumo ប៉ុណ្ណោះ ព្រោះ​វា​នឹងចូលរួម​ក្នុង​ប្រតិបត្តិការ​សឹក​។

១.​ជប៉ុន​អញ្ជើញ ប្រធានាធិបតី​ហ្វីលីពីន ទៅ​ទស្សនកិច្ច​លើ​នាវា​របស់ខ្លួន​

​នៅពេលដែល​នាវាចម្បាំង​ជប៉ុន​នេះ​ទៅដល់​ហ្វីលីពីន  នាវា​នេះ​នឹង​ចូល​សំចត​នៅ​Subic Bay ដែល​ស្ថិតនៅ​ចម្ងាយ ១០០​គីឡូម៉ែត្រ​នៅ​ភាគ​ខាងលិច​រដ្ឋធានី​ម៉ានីល​។ មន្ត្រី​ជប៉ុន​បាន​បង្ហើប​ថា ខ្លួន​ចង់​អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅលើ​នាវាចម្បាំង​នេះ​ផងដែរ​។ ការអញ្ជើញ​មេដឹកនាំ​កំពូល​ហ្វីលីពីន​នេះ​ជា​ឥរិយា​ថ​មួយ​របស់​ជប៉ុន​ដែលមានចេ​តនាពង្រឹង​ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នា​នា​ជាពិសេស​ផ្នែក​យោធា​ជាមួយ​ហ្វីលីពីន​ផងដែរ​។​

​ជប៉ុន​និង​ហ្វីលីពីន​មាន​ទំនាក់ទំនង​ល្អប្រសើរ​តាំងពី​ជំនាន់​ប្រធានាធិបតី អា​ហ្គី​ណូ ម្ល៉េះ ហើយ​ដើម្បី​សម្រេច​មហិច្ឆតា​ប្រឆាំង​មហា​យក្ស​ចិន ជប៉ុន​បានផ្តល់​នាវា​ល្បាត​ផង និង​ជួល​យន្តហោះ​ល្បាត​ផង​ឲ្យ​ប្រទេស​ហ្វីលីពីន​កន្លងមក​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្រោយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្កូ ឌឺ​ទើ​តេ​ឡើងកាន់តំណែង​កាលពី​ឆ្នាំមុន ហ្វីលីពីន បាន​បន្ទន់​ជំហរ និង​ងាក​ទៅ​ចាប់ដៃ​ត្រូវរ៉ូវ​ជាមួយ​មហា​យក្ស​ចិន​វិញ​។  ឃើញ​សកម្មភាព​បែបនេះ មហាអំណាច​ជប៉ុន​មិនសូវ​សប្បាយចិត្ត​ដែរ​។​

​ដើមខែ​មករា លោក ស៊ីន​ហ្សូ អា​បេ បាន​ប្រញាប់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន ហើយ​បន្តទៅ​ជួប​ប្រធានាធិបតី​ហ្វីលីពីន​ដល់​លំនៅ​ដា្ឋ​ន​នា​ក្រុង Davao ផង​។ លោក អា​បេ បាន​ក្លាយជា​មេដឹកនាំ​ពិភពលោក​មុនគេ​បំផុត​ដែល​ទៅលេង​លោក ឌឺ​ទើ​តេដ​ល់​ផ្ទះ ហើយ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធជា​លក្ខណៈ​បុគ្គល​រវាង​មេដឹកនាំ​ទាំងពីរ​ផងដែរ​។​

​សម្រាប់​លោក ឌឺ​ទើ​តេ វិញ​នោះ​ថ្វីបើ​លោក​ងាក​ទៅរក​ចិន​ក៏ដោយ លោក​ព្យាយាម​រក្សា​ជំហរ​អា​ព្យា​ក្រឹត្យ​ដែរ​ ដោយលោក​ប្រឹង​រឹតបន្តឹង​ចំណងមិត្តភាព​ជាមួយ​ជប៉ុន​ដូចគ្នា​។ នេះ​ក៏ដោយ​សារ អស់ពី​អាមេរិក ហ្វីលីពីន អាច​ពឹង​ផ្អែកលើ​មហាអំណាច​ដូចជា​ជប៉ុន​នេះ​បាន​សម្រាប់​ការអភិវឌ្ឍ និង​ការលូតលាស់​នៃ​សេដ្ឋកិច្ច​។ សូមបញ្ជាក់​បន្តិច​ថា ជប៉ុន​ក្លាយជា​រដ្ឋ​ផ្តល់ជំនួយ​ច្រើន​ដល់​ហ្វីលីពីន ហើយ​អ្នកជំនួញ​ជប៉ុន​ច្រើន​ដែរ​បាន​បន្ត​ដាក់ទុន​វិនិយោគ​នៅក្នុង​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លងមកនេះ​។​

២.​ជប៉ុន​ធ្លាប់​ប្រកាសថា​មិន​បញ្ជូន​ទ័ព​ទៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ

​ត្រឡប់មកវិញ តាំងពីដើម​មហាអំណាច​ជប៉ុន​នេះ​បាន​លើកឡើងថា ខ្លួន​គាំទ្រ​សម្ព័ន្ធមិត្ត​អាមេរិកក្នុងការរក្សាការពារសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​ជប៉ុន​ក៏​ប្រឆាំង​សកម្មភាព​សាងសង់​កោះ​សិប្បនិម្មិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដូចគ្នា​។​

​ប៉ុន្តែ​មហា​យក្ស​ចិន​តែងតែ​ទិតៀន​ការ​លូកលាន់​របស់​ជប៉ុន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ព្រោះជប៉ុន​គ្មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ឡើយក្នុងជម្លោះ​។ ដូច្នេះ ការបញ្ជូន​នាវាចម្បាំង​ធំ​បំផុត​របស់​ជប៉ុន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​លើក​នេះ​នឹងធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ​ជាថ្មី​ថែមទៀត ព្រោះ​ចិន​ចាត់ទុកថា ការ​សម្ញែង​សាច់ដុំ​យោធា​នេះ​ជាការ​បង្ករឿង​សុទ្ធសាធ​។​

 គេ​បារម្ភ​ដែរ​នៅពេល​សកម្មភាព​បង្អួត​សព្វាវុធ​ទៅវិញទៅមក​នេះ​បន្ត​កើតឡើង​ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​និង​ប្រឈមមុខគ្នា​ផងដែរ​។ វា​អាច​ឈានដល់​ការប៉ះទង្គិច​គ្នា​ផង បើសិនជា​មានការ​ប្រឈមមុខ គ្នាកើនឡើងខ្លាំងនោះ។

​ប៉ុន្តែ​សម្រាប់​ជប៉ុន​ការ​បង្អួត​សាច់ដុំ​យោធា​នេះ​ប្រហែល​ជាមាន​កម្រិត​។ ជប៉ុន​បានបញ្ជាក់​ច្បាស់​ហើយ​ថា តួនាទី​សំខាន់​របស់ខ្លួន​គឺមាន​ត្រឹម​ជួយ​រក្សា​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍ និង​ធ្វើយ៉ាងណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយ​ប្រទេស​ក្នុង​តំបន់​តាមរយៈ​ការជួយ​ផ្តល់​ការហ្វឹកហ្វឺន​និង​បំពាក់បំប៉ន​សមត្ថភាព​យោធា​ប៉ុណ្ណោះ​។​

​អ្វីដែល​គេ​គួរកត់សម្គាល់​នោះ​គឺ ជប៉ុន​នឹងមិន​លូកលាន់​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​បញ្ជូន​ទ័ព​ទៅ​ឈរជើង​និង​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ​ឡើយ​។ ក្នុងជំនួប​ជាមួយ​ប្រមុខ​ការពារជាតិ​អាមេរិក James Mattis កាលពីដើម​ខែកុម្ភៈ លោកស្រី​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Tomomi Inada  បាន​ថ្លែងថា ដាច់ខាត កងទ័ព​ស្វ័យការពារ​ជប៉ុន​នឹងមិន​ត្រូវ​បញ្ចូនទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។

​លោកស្រី​បាន​សង្កត់ធ្ងន់ថា គោលជំហរ​ជប៉ុន​គឺ​ធ្វើជា​អ្នកគាំទ្រ​ច្បាប់​អន្តរជាតិ និង​រក្សា​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​ជប៉ុន​មិនដើរ​ហួស​បន្ទាត់​ក្រហម ដោយចូល​ប្រឡូក​ក្នុង​សកម្មភាព​យោធា​ណាមួយ​ដែល​ដាច់​ឆ្ងាយ​ពី​ការហ្វឹកហ្វឺន និង​លំ​ហាត់​យោធា​ឡើយ​។​


© រក្សាសិទ្ធិដោយ thmeythmey.com