អន្តរជាតិ
ពេលណា​ក៏បាន​! រដ្ឋាភិបាល​អង់គ្លេស ទទួល​ភ្លើង​ខៀវ​ពីស​ភា​ដើម្បី​ផ្ដើម​ការចរចា​ចាកចេញ
14, Mar 2017 , 8:39 pm        
រូបភាព
សភាជាន់ខ្ពស់ចក្រភពអង់គ្លេស ផ្ដល់ភ្លើងខៀវឲ្យនាយករដ្ឋមន្ត្រី Theresa May បើកការចរចាលែងលះជាមួយសហភាអឺរ៉ុប (រូបភាព Xinhua)
សភាជាន់ខ្ពស់ចក្រភពអង់គ្លេស ផ្ដល់ភ្លើងខៀវឲ្យនាយករដ្ឋមន្ត្រី Theresa May បើកការចរចាលែងលះជាមួយសហភាអឺរ៉ុប (រូបភាព Xinhua)
​សភា​ជាន់ខ្ពស់​របស់​ចក្រភព​អង់គ្លេស បានផ្ដល់​ភ្លើង​ខៀវ​ឲ្យ​រដ្ឋាភិបាល​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May ដើម្បី​ចាប់ផ្ដើម​ការចរចា​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​។ ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១៣ ខែមីនា សភា​ជាន់ខ្ពស់​អង់គ្លេស បាន​បោះឆ្នោត​ដោយ​សំឡេង​ភាគច្រើន​គាំទ្រ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការជូនដំណឹង​នៃ​ការចាកចេញ បើទោះជា​ស្កុ​តឡែ​ន​ប្រឆាំង​ក្ដី​។ ចាប់ពីពេលនេះ លោកស្រី May អាច​ផ្ដើម​ការចរចា​ពេលណា​ក៏បាន ប៉ុន្តែ​លោកស្រី​ទំនងជា​រង់ចាំ​ដល់​ចុងខែ​មីនា​។​


សូមស្តាប់សំឡេង៖




​សភា​ជាន់ខ្ពស់​ចក្រភព​អង់គ្លេស បាន​បោះឆ្នោត​អនុម័ត​សេចក្ដីស្នើច្បាប់ Brexit ដើម្បី​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Theresa May អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ដែលជា​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​។ អង្គសភា បាន​ទាត់ចោល​បញ្ហា​សិទ្ធិ​ប្រជាជន​នៃ​រដ្ឋ​សមាជិក​អឺរ៉ុប​រស់នៅ​អង់គ្លេស ក្រោយ​សភា​ជាន់​ទាប​ប្រឆាំង​ការទាមទារ​នេះ និង​បាន​បោះឆ្នោត​ដោយ​មិនមាន​ការកែប្រែ​អ្វី​សោះ ដោយ​សំឡេងគាំទ្រ​២៧៤ ទល់​សំឡេង​ប្រឆាំង​១១៨ ។​

​បន្ទាប់​ពីនេះ គេ​រំពឹងថា ច្បាប់​នេះ​នឹង​ទទួលបាន​ការយល់ព្រម​ពី​មហាក្សត្រី​យ៍ Elizabeth II មុននឹង​ចូល​ជា​ធរមាន​។ ចំណែក​នាយករដ្ឋមន្ត្រី May ក៏​អាច​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon បាន​ភ្លាមៗ​ដែរ ដើម្បី​ចាប់ផ្ដើម​ការចរចា​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​ដែល​ត្រូវ​ចំណាយពេល​២​ឆ្នាំ​។ ហើយ​អង់គ្លេស នឹង​ក្លាយជា​ប្រទេស​ទី​១ ដែល​ចាក​ចេញពី​សហភាព​អឺរ៉ុប ចាប់តាំងពី​ការបង្កើត​កាលពី​ជិត​៦០​ឆ្នាំមុន​។​

​តាមពិតទៅ លោកស្រី May អាច​ចុច​ប៊ូ​តុង​ចរចា​បាន​នៅ​ថ្ងៃទី​១៣ ខែមីនា​តែម្ដង​។ ប៉ុន្តែ​បើតាម​សារព័ត៌មាន BBC ប្រភពពី​ការិយាល័យ​នាយករដ្ឋមន្ត្រី May និយាយថា លោកស្រី May នឹងមិន​ចាប់ផ្ដើម​ការចរចា​ក្នុងពេល​នេះឡើយ ហើយ​លោកស្រី​អាច​រង់ចាំ​រហូតដល់​ដំណាច់​ខែមីនា ដើម្បី​ផ្ដល់ដំណឹង​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​ស្ដីពី​ការចាកចេញ​នេះ​។ លោកស្រី May ធ្លាប់​ប្រកាស​ហើយ​ថា លោកស្រី​នឹង​ជូនដំណឹង​នៃ​ការចាកចេញ​នៅ​ថ្ងៃទី​៣១ ខែមីនា​។​

​អ្វី​ដែលជា​បញ្ហា​ផ្ទៃ​ក្នុងនោះ គឺ​ស្កុ​តឡែ​ន ដែល​បោះឆ្នោត​ប្រឆាំង​ការចាកចេញ​ក្នុង​ប្រជាមតិ​ខែមិថុនា ឆ្នាំ​២០១៦ កំពុង​ស្វែងរក​លទ្ធភាព​នៃ​ការផ្ដាច់​ខ្លួន​ពី​ចក្រភព​អង់គ្លេស​។ នេះ​ក៏​ព្រោះតែ​លោកស្រី May សម្រេចចិត្ត​មិន​នៅក្នុង​ទីផ្សារ​រួមគ្នា​របស់​អឺរ៉ុប ជា​ថ្នូ​នឹង​ការគ្រប់គ្រង​លំហូរ​អន្តោ​ប្រេ​វេស​ន៍​។ ដោយសារ​រឿងនេះ ស្កុ​តឡែ​ន​ចង់បាន​អនាគត​ផ្សេង​ពី​ចក្រភព​អង់គ្លេស បើទោះជា​លោកស្រី May ព្រមាន​ហើយ​ថា ប្រជាមតិ​ស្ដីពី​ឯករាជ្យ​នេះ នឹង​បង្កើត​ភាពមិនច្បាស់លាស់​កាន់តែ​ខ្លាំង​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី May ក៏​មិនចាំបាច់​សុំ​ការយល់ព្រម​ពី​សភា​លើ​កិច្ចព្រមព្រៀង​ណាមួយ​សម្រេចបាន​ជាមួយ​សហភាព​អឺរ៉ុប​ក្នុងពេល​ចរចា​ដែរ​។ លោកស្រី May ធូរទ្រូង​មិនតិច​លើ​រឿងនេះ ព្រោះ​កាលពី​ខែមករា តុលាការ​កំពូល​អង់គ្លេស​សម្រេច​ឲ្យ​សភា​ជា​អ្នកមាន​សិទ្ធិ​សម្រេច​ចុងក្រោយ​លើ​កិច្ចព្រមព្រៀង​ទាំងនោះ​។ តាមពិតទៅ សភា​ជាន់ខ្ពស់​ក៏​ធ្លាប់​បញ្ចូល​ចំណុច​នេះ​ក្នុង​សំណើ​ច្បាប់​នេះ តែ​ត្រូវ​សភា​ជាន់​ទាប​ទាត់ចោល​។ ចុងក្រោយ​នេះ សភា​ជាន់ខ្ពស់​ក៏​អនុម័ត​ទាំង​ផ្ទុយ​ពី​ការសម្រេច​របស់​តុលាការ​តែម្ដង​៕


Tag:
 Brexit
  អឺរ៉ុប​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com