អន្តរជាតិ
Duterte ជឿថា អាមេរិក​រង់ចាំ​ឱកាស​ហ្វីលីពីន​ឈ្លោះ​គ្នា​ជាមួយ​ចិន នឹង​អាល​បានធ្វើ​សង្គ្រាម​
14, Mar 2017 , 9:19 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបថត Xinhua)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបថត Xinhua)
ដោយ: ថ្មីៗ
​វត្តមាន​កប៉ាល់​ចិន​នៅក្បែរ​តំបន់​ក្រោម​សមុទ្រ Benham Rise ក្នុង​គោលដៅ​ស្រាវជ្រាវ​ក្រោម​សមុទ្រ កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​សម្រាប់​រដ្ឋបាល​ប្រធានាធិបតី Rodrigo Duterte ជុំវិញ​អធិបតេយ្យ​របស់​ហ្វីលីពីន​លើ​កោះ​នេះ​។ បើទោះជា​ចិន​មិនទាន់​ទាមទារ​យក​កោះ​នេះ​ក៏ដោយ លោក Duterte ជឿថា ចិន​មិន​ធ្វើ​អ្វី​ហួសហេតុ​នៅ​តំបន់​នោះ​រហូត​ឈានដល់​ក្លាយជា​ការប្រឈមមុខ​ផ្នែក​យោធា​ដែរ ព្រោះ​អាមេរិក នឹង​ឆ្លៀតឱកាស​ធ្វើសង្គ្រាម​មិន​ខាន​។​
-


​ប្រធានាធិបតី Rodrigo Duterte បានចេញ​បញ្ជា​ឲ្យ​កងទ័ព​ហ្វីលីពីន​ជូនដំណឹង​ដល់​នាវា​ស្រាវជ្រាវ​ចិន នៅ​តំបន់​ក្រោម​សមុទ្រ Benham Rise ថា តំបន់​នោះ​ជា​កម្មសិទ្ធិ​របស់​ហ្វីលីពីន​។ លោក​បញ្ជាក់ថា កងទ័ព​ត្រូវ​ប្រាប់​ពី​កម្មសិទ្ធិ​របស់​ហ្វីលីពីន​លើ​តំបន់​ក្រោម​ទឹក និង​តំបន់​ជីវចម្រុះ​មាន​ផ្ទៃក្រឡា​១៣​លាន​ហិច​តា​នេះ ហើយ​ត្រូវ​ប្រាប់​ដោយ​អាកប្ប​ក​រិ​យា​សមរម្យ និង​ប្រកបដោយ​មិត្តភាព​។ 

​កាលពី​ឆ្នាំ​២០០៩ ក្រុង​ម៉ានីល ដែលមាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន​រឿង​សមុទ្រ​ចិន​ខាងត្បូង បានដាក់​ពាក្យសុំ​កម្មសិទ្ធិ​លើ​តំបន់ Benham Rise ដែល​នៅ​ជិត​កោះ Luzon ទៅកាន់​គណៈកម្មការ​អង្គការសហប្រជាជាតិ​។ អង្គការសហប្រជាជាតិ ក៏​ទទួលស្គាល់​កម្មសិទ្ធិ​រប​ស់​ហ្វីលីពីន​លើ​តំបន់​នេះ ដែល​គេ​ជឿថា​សម្បូរ​ដោយ​ប្រេង និង​ធនធានធម្មជាតិ​។ ទំនង​មូល​ហេតុនេះ ទើប​ចិន​បញ្ជូន​នាវា​ស្រាវជ្រាវ​មកកាន់​តំបន់​នេះ​។​



​យ៉ាងណាមិញ បើតាម​សារព័ត៌មាន​ហ្វីលីពីន GMA លោក​ប្រធានាធិបតី Duterte និយាយថា ចិន នឹងមិន​ធ្វើ​សកម្មភាព​បំពាន​អធិបតេយ្យ​ហ្វីលីពីន​ឡើយ​។ លោក​ក៏មាន​ទំនុកចិត្ត​ដែរ​ថា ចិន​មិន​សាងសង់​អ្វី​លើ​តំបន់​នោះដែរ ប៉ុន្តែ​អាច​បង្កបញ្ហា​ខ្លះ ជាការ​ឆ្លើយតប​នឹង​សកម្មភាព​អាមេរិក​។ អាមេរិក​បាន​បញ្ជូន​នាវា​របស់ខ្លួន​មកកាន់​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ទប់ទល់​សកម្មភាព​រប​ស់​ចិន តែ​គេ​មិនដឹង​ច្បាស់​ថា មាន​នាវា​អាមេរិក​នៅក្បែរ Benham Rise ឬ​អត់​ទេ​។

«​អាមេរិក រង់ចាំតែ​យើង​បង្កបញ្ហា​នៅ​តំបន់​នោះ​ប៉ុណ្ណោះ​។ តែ​ហេតុអ្វី​បានជា​យើង​ត្រូវ​បង្កបញ្ហា​នោះ​? ខ្ញុំ​មិនអាច​ប្រៀបផ្ទឹម​អំណាច​របស់​ចិន​បានឡើយ​។​» នេះ​ជាការ​បញ្ជាក់បន្ថែម​បែប​មិន​ពេញចិត្ត​របស់​ប្រធានាធិបតី Duterte ក្នុង​សន្និសីទកាសែត​ថ្ងៃទី​១៣ ខែមីនា ចំពោះ​ទង្វើ​អាមេរិក មុននឹង​លោក​សរសើរ​ចិន​ដែល​ទើបតែ​បង្ហាញ​អានុភាព​ប្រឆាំង​ភេរវកម្ម​របស់ខ្លួន​។​

​ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana នៅតែ​សង្ស័យ​គោលបំណង​ពិត​របស់​ចិន ព្រោះ​គេ​សង្កេតឃើញ​នាវា​ស្រាវជ្រាវ​បាតសមុទ្រ​របស់​ចិន ធ្វើដំណើ​ខ្វាត់ខ្វែង​នៅក្រោម​សមុទ្រ​តំបន់​នោះ​ជាច្រើន​ខែ​កាលពី​ឆ្នាំមុន​។ ហ្វីលីពីន ក៏​នឹង​បញ្ជូន​កប៉ាល់​ល្បាត​ទៅកាន់​តំបន់ Benham Rise និង​សាងសង់​សំណង់​រឹង​លើ​តំបន់​នោះ ដើម្បី​ប្រាប់​អ្នកដទៃ​ថា Benham Rise ជា​ទឹកដី​របស់​ហ្វីលីពីន​ផងដែរ​។​

​កម្ដៅ​នៃ​ការប្រឈមមុខ​រវាង​ហ្វីលីពីន និង​ចិន​បាន​ធ្លាក់ចុះ ក្រោយ​ការ​កាន់តំណែង​របស់លោក Duterte ដែលមាន​ទំនោរ​ខ្លាំង​ទៅរក​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​។ លោក​ថែមទាំង​ពន្យារពេល​អនុវត្ត​សាលដីកា​ក្រុងឡាអេ​ឆ្នាំ​២០១៦ ទៀត ព្រោះ​លោក​មិន​ចង់​ល្អក់កករ​ជាមួយ​ចិន​នៅពេល​នេះឡើយ ខណៈដែល​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ស្អិតល្មួត​ជាង​មុន​ទៅទៀត ហើយ​ការ​ធ្វ​ពាណិជ្ជកម្ម​ក៏​កើនឡើង​ដែរ​៕


Tag:
 ហ្វីលីពីន​
  ចិន​
  អាមេរិក​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com