អន្តរជាតិ
កូរ៉េខាងជើង​គំរាម​វាយ​ទ័ព​អាមេរិក​និង​កូរ៉េខាងត្បូង បើ​ហ៊ាន​បំពាន​អធិបតេយ្យ​ខ្លួន​តែ​បន្តិច​
14, Mar 2017 , 9:59 pm        
រូបភាព
​កូរ៉េខាងជើង​ព្រមាន​វាយប្រហារ​វិញ​បើសិនជា​កងទ័ព​អាមេរិក​និង​កូរ៉េខាងត្បូង​ដែល​កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នោះ​ហ៊ាន​បំពាន​អធិបតេយ្យ​ឬ​ប៉ះពាល់​ដល់​ខ្លួន​នោះ​។ ក្រោយ​ភាព​តានតឹង​កើនឡើង អាមេរិក​បាន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​និង​បញ្ជូន​សព្វាវុធ​របស់ខ្លួន​ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​យន្តហោះ​គ្មាន​អ្នកបើក​ទៅ​ឧបទ្វីប​កូរ៉េ​ដូចគ្នា​។


​ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ប្រើប្រាស់​កម្លាំង​វាយប្រហារ​លើ​ទ័ព​អាមេរិក​និង​កូរ៉េខាងត្បូង​ដោយ​មិន​​ប្រណី​ឡើយ បើសិនជា​កងទ័ព​ដែល​កំពុង​ធ្វើ​សមយុទ្ធ​រួមគ្នា​នេះ​ហ៊ាន​រំលោភ​អធិបតេយ្យ​និង​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ប៉ះពាល់​ដល់​ខ្លួន​នោះ​។ កូរ៉េខាងជើង​សំដៅ​ដល់ នាវា​ដឹក​យន្តហោះ​អាមេរិក Carl Vinson បច្ចុប្បន្នកំពុង​ដឹកនាំ​នាវា​និង​កងទ័ព​អាមេរិក​និង​កូរ៉េខាងត្បូង​ដើម្បី​បន្តធ្វើ​សមយុទ្ធ​រួមគ្នា​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ដែល​ត្រូវបាន​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រុង​ព្យុងយ៉ាង​បាន​ព្រមាន​ដូច្នេះ​៖« ប្រសិនបើ​ពួកគេ​រំលោភ​អធិបតេយ្យ​ឬ​ប៉ះពាល់​ដល់​កូរ៉េខាងជើង​តែ​បន្តិច​នោះ ទាហាន​កូរ៉េខាងជើង​នឹង​វាយប្រហារ​វិញ​ពីលើ​អាកាស​, លើដី​, លើទឹក និង​ពីក្រោម​ទឹក​ផង​ដោយ​មិន​អន់ឱន​ឲ្យ​ឡើយ​»​។​

​ទីភ្នាក់ងារ​ដដែល​នោះបាន​បន្តថា​៖​​«​កាលពី​ថ្ងៃ​១១ មីនា​តែមួយ​ថ្ងៃ នាវា​ដឹក​យន្ត​សត្រូវ​ច្រើន​គ្រឿង​ធ្វើដំណើរ​ក្បែ​ក​ដែនទឹក​របស់​កូរ៉េខាងជើង​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​ដោយមាន​ការទម្លាក់​គ្រាប់​និង​បំពេញ​ប្រតិបត្តិការ​វាយឆ្មក់​លើស​ត្រូវ​ជាដើម​»​។​

​បើតាម​អ្នកនាំពាក្យ​កងទ័ពជើងទឹក​អាមេរិក នាវា​ដឹក​យន្តហោះ Carl Vinson កំពុងស្ថិត​ក្នុង​ប្រតិបត្តិការ​ប្រចាំឆ្នាំ​ដោយ​មកកាន់​តំបន់​ដើម្បី​ចូលរួម​លំ​ហាត់​យោធា​ជាមួយ​កងទ័ព​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង​។​

​កូរ៉េខាងជើង​ព្រមាន​អាមេរិក​និង​កូរ៉េខាងត្បូង​ជាថ្មី ក្រោយ​របប​នេះ​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចំនួន ៤​គ្រាប់​កាលពីដើម​ខែមីនា​កន្លង​ទៅ​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ជាការ​គំរាម​និង​ឆ្លើយតប​ចំពោះ​សកម្មភាព​សមយុទ្ធ​យោធា​របស់​កូរ៉េខាងត្បូង​និង​អាមេរិក​ផងដែរ ហើយ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ក៏​មើលឃើញថា វា​ជាការ​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​។​

​កាលពី​ខែ​មុន លោក ដូ​ណា​ល់ ត្រាំ ព្រមាន​ចាត់វិធានការ​ប្រឆាំង​កូរ៉េខាងជើង​ផងដែរ​ដើម្បី​កុំ​ឲ្យ​កូរ៉េខាងជើង​បន្ត​បង្ករឿង​និង​ក្អេងក្អាង​។ កាលពី​សប្តាហ៍​មុន​ដែរ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​បញ្ជាក់​ផងដែរ​ថា​សហរដ្ឋអាមេរិក​កំពុង​វាយតម្លៃ​ជាថ្មី​ចំពោះ​វិធាន​ការដែល​ត្រូវ​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង ហើយ​រាល់​វិធានការ​ទាំងអស់​ក្តៅ​ឬ​ត្រជាក់​ស្ថិតក្នុង​ជម្រើស​ដូចគ្នា​។​

​ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​នេះ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​បញ្ជូន​ខែល​ការពារ​មី​ស៊ី​ល THAAD ទៅកាន់​កូរ៉េខាងត្បូង ហើយ​លោក​ក៏​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅ​សម្ញែង​កម្លាំង​ទ័ព​នៅ​ឧបទ្វីប​កូរ៉េ​ទៀត​។ មហា​យក្ស​ចិន​ដែលជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​នោះ​ខឹងសម្បារ​ជាខ្លាំង​ពេលដែល​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក​ត្រូវបាន​ដំឡើង​នៅ​កូរ៉េខាងត្បូង​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​របស់ខ្លួន​នោះ​។​

​ខណៈដែល​ភាព​តានតឹង​បន្ត​កើនឡើង រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson ត្រៀម​មក​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង ជប៉ុន និង​ចិន​ចាប់ពី​ថ្ងៃ​សុក្រ​ខាងមុខនេះ ហើយ​គេ​រំពឹងថា​បញ្ហា​កូរ៉េខាងជើង​នឹង​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​កិច្ចពិភាក្សា​ថែម​ទៀតផង​។​


Tag:
 ​កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  Carl Vinson
  THAAD
  Rex Tillerson
© រក្សាសិទ្ធិដោយ thmeythmey.com