អន្តរជាតិ
ដូ​ណា​ល់ ត្រាំ បញ្ជូន​អនុ​ប្រធានាធិបតី​ខ្លួន​មក​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​អាស៊ី​នា​ខែក្រោយ​
14, Mar 2017 , 10:39 pm        
រូបភាព
​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence នឹង​បំពេញ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​នៅ​ខែ​ក្រោយនេះ​ដោយ​លោក​នឹង​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​, កូរ៉េខាងត្បូង​, ជប៉ុន​និង​អូស្ត្រាលី​ផងដែរ​។ ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​ស្រប​ពេលដែល​ភាពមិនច្បាស់លាស់​ក្នុង​នយោបាយ​ការបរទេស​មកកាន់​តំបន់​អាស៊ី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កើនឡើង​ខ្លាំង​។​


​ស្រប​ពេលដែល​បណ្តា​ប្រទេស​ជាច្រើន​ព្រួយបារម្ភ​ពី​ការចាកចេញ​របស់​រដ្ឋ​បាល​អា​មេ​រិ​ក្រោម​ការដឹកនាំ​របស់លោក ដូ​ណា​ល់ ត្រាំ ពី​តំបន់​អាស៊ី គេ​ឃើញ​មាន​សញ្ញា​វិជ្ជមាន​មួយ​កើតឡើង​។ នោះ​គឺ​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence មកកាន់​តំបន់​អាស៊ី​ប៉ា​ហ្វិ​កនៅ​ខែក្រោយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អនុ​ប្រធានាធិបតី​អាមេរិក Mike Pence នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បួន ក្នុងនោះ​មាន​ឥណ្ឌូណេស៊ី​, កូរ៉េខាងត្បូង​, ជប៉ុន និង​អូស្ត្រាលី​។

​យ៉ាងណាក៏ដោយ​គេ​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ដំណើរ​ទស្ស​កិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​នៅឡើយ​ទេ​។​តែ​គេ​រំពឹងថា ប្រធានបទ​ជាច្រើន​នឹងត្រូវ​លើកឡើង​ក្នុងពេលដែល​អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​ទៅដល់​ជប៉ុន និង​កូរ៉េខាងត្បូង ជាពិសេស​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​និង​ការធ្វើ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​របស់​មហា​យ​ក្ស​ចិន​។​

​កាលពីដើម​ខែមីនា​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​របស់ខ្លួន​ចំនួន ៤​គ្រាប់ ដោយ​កាំជ្រួច ៣​គ្រាប់​បាន​ធ្លាក់ចូល​ដែនទឹក​របស់​ជប៉ុន ហើយ​កូរ៉េខាងជើង​បាន​អះអាងថា វា​ជា​ប្រភេទ​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​ថែមទៀត​ផង​។ ឆ្លើយតប​សកម្មភាព​បង្ក​រឿងនេះ​អាមេរិក​បានសម្រេច​បញ្ជូន​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល THAAD ទៅកាន់​កូរ៉េខាងត្បូង​ផង ហើយ​និង​បាន​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់ B-52 ទៅកាន់​កូរ៉េខាងត្បូង​ថែម​ទៀតផង​។​
 
​នៅ​ឥណ្ឌូណេស៊ី គេ​រំពឹងថា លោក Mike Pence នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ (Joko Widodo) ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផង​និង​បញ្ហា​តំបន់​ផង​។

​បើតាម​រដ្ឋមន្ត្រី​សន្តិសុខ​ឥណ្ឌូណេស៊ី អនុ​ប្រធានាធិបតី​អាមេរិក​នឹង​ជជែក​ពី​បញ្ហា​ប្រឆាំង​ភេរវកម្ម​និង​បញ្ហា​សន្តិសុខ​ផ្សេងទៀត​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​។ លោក​បាន​បញ្ជាក់ថា​៖«​យើង​បាន​ជជែក​ពិភាក្សា​ហើយពី​គម្រោង​មក​បំពេញ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក​មកកាន់​ឥណ្ឌូណេស៊ី ហើយ​យើង​ក៏បាន​ពិភាក្សា​ពី​បញ្ហា​យុទ្ធសាស្ត្រ​ដែល​ត្រូវដាក់​ចូលក្នុង​របៀបវារៈ​នៃ​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​យើង​»​។​

​ឥណ្ឌូណេស៊ី​ត្រូវបាន​គេ​ស្គាល់​ថា​ប្រទេស​ម៉ូ​ស្លី​ម​ធំ​បំផុត​លើ​លោក ហើយ​ប្រទេស​នេះ​មានលទ្ធភាព​ក្នុង​ការរក្សាសន្តិសុខ​និង​ទប់ស្កាត់​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ វា​ជា​រឿង​សំខាន់​សម្រាប់​សហរដ្ឋអាមេរិក​ដែល​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឥណ្ឌូណេស៊ី​។​

​តាមពិតទៅ វត្តមាន​លោក Mike Pence នៅក្នុង​តំបន់​កើតឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រេច​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ហើយ​គេ​មិនដឹង​ច្បាស់​ថា អាមេរិក​នឹង​បន្ត​ក្រសោប​តំបន់​អាស៊ីអាគ្នេយ៍​ដូច​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ឬ​អត់​ឡើយ​។ ប៉ុន្តែ​យ៉ាងហោចណាស់ គេ​អាច​ឃើញ​ពន្លឺ​ខ្លះៗ​ក្រោយ​ទស្ស​និច្ច​របស់លោក Mike Pence នេះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  Mike Pence
  បា​រ៉ា​ក់ អូ​បា​ម៉ា​
  ចូ​កូ វី​ដូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com