អន្តរជាតិ
​ចិន​សន្យាថា​នឹង ពង្រឹង​ការវាយតម្លៃ​ក្នុង​ ​«​សង្គ្រាម​ប្រឆាំង​ភាពក្រីក្រ​»
15, Mar 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​កង្វះខាត​ចំណីអាហារ​និង​សម្លៀកបំពាក់​នឹងត្រូវ​ដោះស្រាយ​ដើម្បី​ឈានទៅ​លុបបំបាត់​ភាពក្រីក្រ​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ចិន​ម្នាក់​ក្នុងពេលដែល​រដ្ឋាភិបាល​ចិន​សម្រេច​ប្រកាស​ពង្រឹងសមត្ថភាព​ក្នុងការ​អនុវត្ត​«​សង្គ្រាម​ប្រឆាំង​ភាពក្រីក្រ​»​។ ដើម្បី​ធានាថា ការអនុវត្ត​គោលនយោបាយ​លុបបំបាត់​ភាពក្រីក្រ​មាន​ប្រសិទ្ធភាព​នោះ ចិន​បាន​សន្យាថា នឹងដាក់​ផែនការ​វាយតម្លៃ​ដ៏​តឹងរ៉ឹង​បំផុត​មួយ​និង​កំណត់​ឲ្យ​បាន​ច្បាស់​ពី​ចំនួន​ពលរដ្ឋ​ដែល​រស់នៅក្នុង​ភាពក្រីក្រ​។


​ពាក់ព័ន្ធ​បញ្ហា​នេះ លោក Liu Yongfu ប្រធានការិយាល័យ​នៃ​ក្រុមប្រឹក្សារដ្ឋ​ទទួលបន្ទុក​លុបបំបាត់​ភាពក្រីក្រ​និង​អភិវឌ្ឍ បាន​បញ្ជាក់ថា ចិន​នឹង​ផ្តោត​សំខាន់​លើ​ការដោះស្រាយ​បញ្ហា​ស្បៀងអាហារ​, សម្លៀង​បំពាក់​, ប្រព័ន្ធ​អប់រំ សុខាភិបាល និង​សន្តិសុខ​លំនៅដ្ឋាន​ជាដើម ដើម្បី​ធានាថា ប្រជាជនមាន​លទ្ធភាព​ទទួលបាន​ការគាំទ្រ​និង​ទំនុកបម្រុង​បានល្អ​។​

​របាយការណ៍​ការងារ​ឆ្នាំ ២០១៧​របស់​រដ្ឋាភិបាល​ចិន​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​អនុវត្ត​គោ​លន​យោ​បាត​និង​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​គណនេយ្យភាព និង​បន្ត​វាយតម្លៃ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ចំពោះ​ចំណាត់​ការប្រឆាំង​ភាពក្រីក្រ​។ ក្នុង​របាយការណ៍​ដដែល​នោះ រដ្ឋាភិបាល​ចិន​ក៏​សន្យាថា ខ្លួន​នឹងដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ចំពោះ​រាល់​ការ​បំប៉ោង​, បំភ្លៃ និង​ធ្វើ​ឲ្យ​ខុស​ចំនួន​ស្ថិតិ​ជនក្រីក្រ រួមទាំង​ធានាថា គោលនយោបាយ​នានា​របស់​រដ្ឋ​អាច​ផ្តល់​ប្រយោជន៍​ដល់​សាធារណ​។

 លោក Liu បាន​បន្ថែមថា​ទៀតថា «​ចំណូល​មធ្យម​ប្រចាំឆ្នាំ​ប្រហែល ៥០០០​យ៉​ន់ ឬ ៧២៣​ដុល្លារ​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ក្រុមគ្រួសារ​ដែលមាន​កូន​រៀនសូត្រ​នៅ​មហាវិទ្យាល័យ ព្រោះ​តម្លៃ​សម្រាប់​សាកលវិទ្យាល័យ​កើនឡើង​ចន្លោះ​ពី ២០០០០ ទៅ ៣​ម៉ឺន​យ៉​ន់​រួច​ទៅហើយនោះ​»​។

​ការលុបបំបាត់​ភាពក្រីក្រ​គឺ​មិនមែនជា​កិច្ចការ​ងាយស្រួល​ឡើយ​សម្រាប់​ចិន​។ បើតាម​ស្តង់ដារ​ដែល​កំណត់ឡើង​ដោយ​រដ្ឋាភិបាលកណ្តាល​ក្រុង​ប៉េកាំង តំបន់​តែមួយ​ប៉ុណ្ណោះ​ដែល​អាច​ប្រយុទ្ធប្រឆាំង​ភាពក្រីក្រ​បាន​ជោគជ័យ​បន្ទាប់ពី​ចំនួន​ប្រជាជន​ក្រីក្រ​បំផុត​ធ្លាក់​ចុះទៅ​នៅក្រោម​ពីរ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែល​ស្ថិតនៅ​ជនបទ​ទាំងអស់ ស្រប​ពេលដែល​តំបន់​ច្រើន​នៅ​មិនទាន់​សម្រេចបាន​តាម​កា​រ​កំណត់​នោះ​។​

​បើតាម​លោក Liu តំបន់ Jinggangshan ស្ថិតនៅ​ភាគ​អាគ្នេយ៍​ខេត្ត Jiangxi នោះបាន​សម្រេច​ជោគជ័យ​ក្នុងការ​បោសសម្អាត​ភាពក្រីក្រ​បាន​បន្ទាប់​អាច​ធានាបាន​ពី​ការវាយតម្លៃ​ពាក់ព័ន្ធ​ចំនួន​ប្រជាជន​ក្រីក្រ​នេះ​បាន​ត្រឹមត្រូវ​។​បន្ទាប់ពី​ទៅ​ក្រុង​នេះ​អាច​ដក​ខ្លួ​ចេញពី​បញ្ជីក្រុង​ដែល​ក្រីក្រ​បាន​កាលពី​ចុងខែ​កុម្ភៈ​កន្លងមក ការិយាល័យ​ដោះស្រាយ​ភាពក្រីក្រ​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន​បានរៀបចំ​ការវាយតម្លៃ​ម្តង​ក្នុងនាម​ជា​ភាគី​ទី​បី​។​

 ក្រុមការងារ​បាន​រក​ឃើញថា ប្រជាជន​៨០​ភាគរយ​ឆ្លង​ផុតពី​បន្ទាត់​នៃ​ភាពក្រីក្រ ហើយ​កម្រិត​នៃ​ភាពក្រីក្រ​ធ្លាក់​មក​ត្រឹម ១,៦​ភាគរយ​ប៉ុណ្ណោះ​។ បន្ថែម​ពីនេះ​ប្រជាជន​មូលដ្ឋាន​ប្រហែល ៩០​ភាគរយ​បានទទួល​ស្គាល់​ចំណាត់ការ​ប្រឆាំង​អំពើពុករលួយ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន ហើយ​វា​ជា​រឿង​ដែល​គួរ​សាទរ​ផងដែរ​។

​ប៉ុន្តែ​ប្រជាជន​ខ្លះ​នៅតែ​ស្ទាក់ស្ទើរ​នៅឡើយ​ចំពោះ​ការឆ្លង​ផុតពី​ភាពក្រីក្រ ហើយ​ពួកគេ​បារម្ភ​ថា គោលនយោបាយ​ប្រឆាំង​ភាពក្រីក្រ​ដែល​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ប្រហែលជា​នឹងត្រូវ​បញ្ឈប់​ការអនុវត្ត​។ យ៉ាងណាក៏ដោយ​លោក Liu បានបញ្ជាក់​ប្រាប់​ពួកគេ​ថា គោលនយោបាយ​ទាំងអស់​ដែល​ត្រូវបាន​អនុវត្ត​កន្លងមក​នឹងត្រូវ​បន្ត​អនុវត្ត​ទៀត​បន្ទាប់ពី​តំបន់​នេះ​ឆ្លង​ផុតពី​បញ្ជី​ឈ្មោះ​ទីក្រុង​រងគ្រោះ​ដោយ​ភាពក្រីក្រ​ក៏ដោយ​។ នេះ​ជា​មធ្យោបាយ​ក្នុងការ​ធានាថា ភាពក្រីក្រ​មិន​ត្រឡប់មកវិញ​ទេ​។​

​សូមបញ្ជាក់ថា ចិន​បាន​យោង​ប្រជាជន ១២,៤​លាន​នាក់​ឲ្យ​រួច​ផុតពី​ភាពក្រីក្រ​ឆ្នាំ ២​ឥ​១៦ ហើយ​ទិន្នន័យ​នេះ​បង្ហាញថា លទ្ធផល​វា​លើស​ការរំពឹងទុក​ទៅទៀត​។ បើតាម​របាយការណ៍​កា​រងារ​រដ្ឋាភិបាល យ៉ាងហោចណាស់​ប្រជាជន ១០​លាន​នាក់​ផ្សេងទៀត​នឹងត្រូវ​រដ្ឋាភិបាល​ជួយ​ឲ្យ​រួច​ផុតពី​ភាពក្រីក្រ​នៅ​ឆ្នាំ ២០១៧​នេះ​៕


Tag:
 ចិន​
  សង្គ្រាម​ប្រឆាំង​ភាពក្រីក្រ​
  ស៊ី ជិន​ពីង​
  Liu Yongfu
© រក្សាសិទ្ធិដោយ thmeythmey.com