អន្តរជាតិ
តួ​ក​គី​ចោទថា សហភាព​អឺរ៉ុប​រើសអើង​ពេល​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​
15, Mar 2017 , 10:39 am        
រូបភាព
ប្រធានាធិបតីតួកគី លោក Tayyip Erdogan
ប្រធានាធិបតីតួកគី លោក Tayyip Erdogan
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បាន​ទិតៀន​សហភាព​អឺរ៉ុប​ខ្លាំងៗ​ដោយ​ចោទថា អង្គការ​តំបន់​នេះ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ដោយមាន​លក្ខណៈ​រើសអើង​។ ការចោទប្រកាន់​នេះ​ធ្វើឡើង​បន្ទាប់​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​ស្នើ​តួ​ក​គី​ឲ្យ​ឈប់​ប្រើ​ពាក្យសម្តី​វាយប្រហារ​គេឯង​ទៀត​ដើម្បី​កុំ​ឲ្យ​បញ្ហា​ការទូត​ផ្ទុះឡើង​កាន់តែខ្លាំង ។​


​តួ​ក​គី​បាន​ចោទ​សហភាព​អឺរ៉ុប​ត្រង់ៗ​ថា អង្គការ​តំបន់​នេះ​អនុវត្ត​គោល​គោលការណ៍​ប្រជាធិបតេយ្យ​មាន​ស្តង់ដារ​ច្រើន​ជាន់ ហើយ​តួ​ក​គី​សោកស្តាយ​ដែល​សហភាព​អឺរ៉ុប​នៅតែ​ឈរ​ជាមួយ​ហូ​ឡង់​ដោយ​ព្រងើយកន្តើយ​ចំពោះ​ខ្លួន​។​

​តួ​ក​គី​ខឹងសម្បារ​ជាមួយ​រដ្ឋាភិបាល​ហូ​ឡង់ ហើយ​ប្រទេស​នេះ​បាន​ព្យួរ​ទំនាក់ទំនង​ការទូត​កម្រិត​ខ្ពស់​ជាមួយ​ហូ​ឡង់​ទៀត​ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​រប​ស់​ខ្លួន​ត្រូវបាន​ហាម​មិន​ឲ្យ​ចូល​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជន​តួ​ក​គី​នៅ​ហូ​ឡង់​នោះ​។ បន្ថែម​ពីនេះ មន្ត្រី​ទូត​ហូ​ឡង់ និង​ជើងហោះហើរ​ការទូត​ទាំង​អស់ពី​ហូ​ឡង់​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ដី​តួ​ក​គី​វិញ​ដែរ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការបរទេស​តួ​ក​គី​បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​នៅ​ថ្ងៃ​អង្គារ​ទី ១៤ ខែមីនា​នេះ​ថា​៖« សម​ភាគី​នៅ​សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ និង​មូលដ្ឋានគ្រឹះ​សិទ្ធិមនុស្ស​ដែលមាន​ស្តង់ដារ​ច្រើន​ជាន់​។ វា​ជា​បញ្ហា​ធំ​ដែល​សហភាព​អឺរ៉ុប​លាក់បាំង​ខ្លួន​ពីក្រោយ​ការ​សាមគ្គី​គ្នា​និង​ឈរ​ជាមួយ​ប្រទេស​ហូ​ឡង់​ដែល​បាន​បំពាន​សិទ្ធិមនុស្ស​និង​តម្លៃ​អឺរ៉ុប​ផង​នោះ​»​។

​ក្រសួងការបរទេស​តួ​ក​គី​ចេញ​សេចក្តីថ្លែងការណ៍​ទិតៀន​សហភាព​អឺរ៉ុប ក្រោយ​ពេលដែល​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini  និង ស្នងការ​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការងារ​ទទួល​សមា​ជិ​ក​ថ្មី Johannes Hahn បាននាំគ្នា​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី​បញ្ឈប់​រាល់​ការចេញ​សេចក្តីថ្លែងការណ៍​ឬ​ប្រើ​សម្តី​វាយប្រហារ​នានា​ដើម្បី​បញ្ចៀស​នូវ​ការប្រឈមមុខគ្នា​កាន់តែខ្លាំង​រវាង​ភាគី​ហូ​ឡង់​និង​តួ​ក​គី​នោះ​។​

​តាមពិតទៅ​រដ្ឋាភិបាល​តួ​ក​គី​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Tayyip Erdogan កំពុង​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​ប្រជាជន​តួ​ក​គី​នៅក្រៅ​ប្រទេស​រួមទាំង​នៅ​ហូ​ឡង់​ផង ចំពោះ​ការរៀបចំ​ប្រជាមតិ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បង្កើត​អំណាច​ឲ្យ​ប្រធានាធិបតី​ឬ​និយាយ​ម្យ៉ាង​ទៀតថា​ដើម្បី​ប្តូរ​ប្រព័ន្ធ​ដឹកនាំ​បច្ចុប្បន្ន​ទៅជា​ប្រព័ន្ធ​ប្រធានាធិបតីនិយម​ដូច​នៅ​អាមេរិក​វិញ​។ ពេល​អាជ្ញាធរ​ហូ​ឡង់​ហាម​រដ្ឋមន្ត្រី​ខ្លួន​ចូល​ថ្លែង​សុន្ទរកថា លោក Edogan ក៏​ប្រដូច​សកម្មភាព ហូ​ឡង់​ទៅនឹង​សកម្មភាព​ក្រុម​ណា​ស៊ី​អាល្លឺម៉ង់​ផងដែរ​។

​យោងតាម​ស្ថានភាព​បច្ចុប្បន្ន អាជ្ញាធរ​ហូ​ឡង់​សម្រេច​ហាម​រដ្ឋមន្ត្រី​តួ​ក​គី​រហូត​បង្ក​ឲ្យ​មានការ​ប្រឈមមុខគ្នា​ផ្នែក​ការទូត​នេះ ក៏​ដោយសារតែ​ការបោះឆ្នោត​ប្រទេស​នេះ​ជិត​មកដល់​ដែរ​។ រដ្ឋាភិបាល​ហូ​ឡង់​ខ្លាច​ថា ការបើក​ឲ្យ​ទ្វារ​ឲ្យ​មន្ត្រី​តួ​ក​គី​ចូលជួប​ថ្លែង​សុន្ទរកថា​ទាញយក​ការគាំទ្រ​ពី​ប្រជាជន​តួ​ក​គី​នៅ​ហូ​ឡង់​នឹង​ជួយ​ឲ្យ​ក្រុម​អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​មានប្រៀប​ក្នុងការ​បោះឆ្នោត​នេះ​៕


Tag:
 តួ​ក​គី​
  សហភាព​អឺរ៉ុប​
  ហូ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com