អន្តរជាតិ
អស់តំណែង​ភ្លាម រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​ហៅ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ មក​សួរនាំ​សំណុំរឿង​ពុករលួយ​
15, Mar 2017 , 2:19 pm        
រូបភាព
លោកស្រី ប៉ាក ហ្គឺហេ ចាកចេញពីវិមានប្រធានធិបតី ក្រោយអស់តំណែង (រូបភាព Reuters)
លោកស្រី ប៉ាក ហ្គឺហេ ចាកចេញពីវិមានប្រធានធិបតី ក្រោយអស់តំណែង (រូបភាព Reuters)
​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង បាន​កោះហៅ​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​សប្ដាហ៍​ក្រោយ ជុំវិញ​សំណុំរឿង​ពុករលួយ ដែល​នាំទៅដល់​ការបោះឆ្នោត​ទម្លាក់​តំណែង​លោកស្រី​។ លោកស្រី ប៉ាក ត្រូវបាន​សភា​បោះឆ្នោត​ទម្លាក់​ពី​តំណែង​នៅ​ថ្ងៃទី​៩ ខែធ្នូ ហើយ​មកដល់​ថ្ងៃទី​១០ ខែមីនា តុលាការ​ធម្មនុញ្ញ ក៏បាន​បោះឆ្នោត​យល់ព្រម​រក្សា​ការសម្រេច​របស់​សភា ដែល​នាំ​ឲ្យ​លោកស្រី បាត់បង់​តំណែង​ជា​ផ្លូវការ​។​


​មន្ត្រី​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​តំបន់​សេ​អ៊ូ​ល​កណ្ដាល បាន​និយាយថា ក្រុម​រដ្ឋអាជ្ញា​បាន​បញ្ជូន​ដីកាកោះ​មក​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ឲ្យ​បង្ហាញខ្លួន​ដើម្បី​សាកសួរ​នៅ​ថ្ងៃទី​២១ ខែមីនា លើ​សំណុំរឿង​ពុករលួយ​។ មន្ត្រី​មេធាវី​ប្រធានាធិបតី​អស់តំណែង​រូបនេះ ក៏បាន​ទទួល​ដីកាកោះ​ថ្ងៃទី​១៥ ខែមីនា​នេះ​រួចហើយ​ដែរ ហើយ​ក៏បាន​សន្យា​ចូលរួម​សហការ​ឲ្យ​ពេញទំហឹង​ក្នុងការ​ស៊ើបអង្កេត​នេះ​ទៀតផង​។​

​លោកស្រី ប៉ាក ហ្គឺ​ន​ហេ កូនស្រី​អតីត​មេដឹកនាំ​ផ្ដាច់ការ ប៉ាក ជុង​ហ៊ី បាន​ជាប់​ឈ្មោះ​ជា​ជនសង្ស័យ​លើ​ករណី​បំពាន​អំណាច និង​សមគំនិត​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធ Choi Soon-sil ក្នុងការ​ប្រើប្រាស់​ឥទ្ធិពល​លោកស្រី គំរាម​ទារប្រាក់​ពី​ក្រុមហ៊ុន​ក្នុងស្រុក​។ លោកស្រី ប៉ាក បាន​ទាត់ចោល​ការប្រកាន់​ទាំងអស់នេះ ខណៈ​មនុស្ស​ជំនិត​លោកស្រី​ជាច្រើន​នាក់ ត្រូវបាន​រដ្ឋអាជ្ញា​កោះហៅ​មក​សួរនាំ​ជុំវិញ​ការពាក់ព័ន្ធ​របស់​ពួកគេ​។​

​យ៉ាងណាក្ដី ក្រុម​រដ្ឋអាជ្ញា​មិនអាច​កោះហៅ​លោកស្រី​មក​សាកសួ​បានឡើយ បើទោះជា​ត្រូវ​សភា​បោះឆ្នោត​ទម្លាក់​ពី​តំណែង​ក៏ដោយ រហូតមកដល់​ពេលដែល​តុលាការ​ធម្មនុញ្ញ​ចាត់ទុកជា​បានការ​លទ្ធ​ផល​បោះឆ្នោត​សភា ដែល​ធ្វើ​ឲ្យ​លោកស្រី​ក្លាយជា​ប្រធានាធិបតី​ជាប់ឆ្នោត​ទី​១ ត្រូវ​បណ្ដេញចេញ​។ ការសម្រេច​របស់​តុលាការ​មានន័យថា អភ័យឯកសិទ្ធិ​របស់​លោកស្រី ប៉ាក ត្រូវ​បាត់បង់ ហើយ​អាច​ប្រឈមមុខ​ការចាប់ខ្លួន ឬក៏​ការកោះហៅ​បាន​គ្រប់ពេល​ទាំងអស់​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ប្រសិនបើ​អតីត​ប្រធានាធិបតី​រូបនេះ បដិសេធ​ចូលខ្លួន​តាម​ការកោះហៅ​ដោយ​មិនមាន​មូលហេតុ​ផ្លូវច្បាប់​ត្រឹមត្រូវ​ទេ រដ្ឋអាជ្ញា​អាច​ប្រើ​អំណាច​បង្ខំ​ឲ្យ​លោកស្រី​ចូលខ្លួន​តាមរយៈ​ការចេញ​ដីកា​របស់​តុលាការ​។ យ៉ាងណាក្ដី រដ្ឋអាជ្ញា​កូរ៉េខាងត្បូង មិនបាន​ពិនិត្យ​លទ្ធភាព​ចំណាត់ការ​នេះ​នៅឡើយ​ទេ​។

​រឿង​មួយទៀត​នោះ ប្រសិនបើ​លោកស្រី​ចូលខ្លួន​តាម​ការកោះហៅ​នេះ លោកស្រី​នឹង​ក្លាយជា​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទី​៤ ដែល​ត្រូវ​សាកសួរ​ករណី​ឧក្រិដ្ឋ​របស់ខ្លួន​។ អតីត​ប្រធានាធិបតី​៣​រូប​ទៀត​ដែល​ធ្លាប់​បង្ហាញមុខ​មាន លោក Roh Tae-woo, លោក Chun Doo-hwan និង​លោក Roh Moo-hyun​។ អតីត​ប្រធានាធិបតី Roh បានធ្វើ​អត្តឃាត​ក្នុង​ឆ្នាំ​២០០៩ ក្រោយ​ការចោទប្រកាន់ថា​សមាជិក​គ្រួសារ​របស់លោក​ទទួល​លុយ​ខុសច្បាប់​៕


Tag:
 ​កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ហេ
© រក្សាសិទ្ធិដោយ thmeythmey.com