អន្តរជាតិ
តួ​ក​គី​ចាត់ទុក​ហូ​ឡង់​ជា «​រដ្ឋ​គាំទ្រ​ភេរវកម្ម​» ស្របពេល​ជម្លោះ​ការទូត​កាន់​ធ្ងន់ធ្ងរ​
15, Mar 2017 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ហៅ​ប្រទេស​ហូ​ឡង់​ជា​«​រដ្ឋ​គាំទ្រ​ភេរវកម្ម​»​និង​ជា​រដ្ឋ​ដែលមាន​ច​រិ​ក​ស្អុយរលួយ ស្រប​ពេលដែល​ជម្លោះ​ការទូត​ភាគី​ទាំងពីរ​កើន​កម្តៅ​ខ្លាំង​។ លោក​ចោទប្រកាន់ថា ហូ​ឡង់​នេះ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល​ប្រជាជន​ម៉ូ​ស្លី​ម នៅ​Srebrenica រាប់ពាន់នាក់​កាលពី​ឆ្នាំ ១៩៩៥​។


​មេដឹកនាំ​តួ​ក​គី​លោក Recep Tayyip Erdogan ក្តៅស្លឹកត្រចៀក​កាន់តែខ្លាំង​រហូត​បន្ត​វាយប្រហារ​ហូ​ឡង់​ឥត​ឈប់​។ លោក​លែង​ខ្វល់​ពី​ភាសា​ការទូត​អ្វី​ទៀតហើយ ហើយ​លោក​ហៅ​ហូ​ឡង់​ថា​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​, មាន​ច​រិ​ក​ស្អួ​យ​រលួយ​និង​មាន​បាតដៃ​ប្រឡាក់​ឈាម​ផង​។

​ការចោទប្រកាន់​នេះ ធ្វើឡើង​ស្របពេល​ដែល​ទំនាក់ទំនង​ការទូត​តួ​ក​គី​និង​ហូ​ឡង់​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត ក្រោយ​ហូ​ឡង់​ហាម​រដ្ឋមន្ត្រី​តួ​ក​គី​ចូល​ថ្លែង​សុន្ទរកថា​នៅលើ​ទឹកដី​ខ្លួន​កាលពី​សប្តាហ៍​មុន​។​

​បើ​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT ដោយ​ចាត់ទុក​ហូ​ឡង់​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម លោក Erdogan បាន​លើកយក​ការសម្លាប់​រង្គាល​ប្រជាជន ម៉ូ​ស្លី​ម​នៅ Srebrenica កាលពី​ឆ្នាំ ១៩៩៥ ដោយ​លោក​ចោទថា ហូ​ឡង់​នេះ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​គ្រោះមហន្តរាយ​មនុស្សជាតិ​នេះដែរ​។​

«​យើង​ដឹង​ច្បាស់​ថា​ហូ​ឡង់​ទទួលខុស​ត្រូវចំ​ពោះ​ការសម្លាប់​រង្គាល​នៅ Srebrenica​។ យើង​ដឹងថា​ប្រទេស​នេះ​មាន​ចារិក​ស្អុយរលួយ​ខ្លាំង​ប៉ុណ្ណា​នោះ​ដោយសារ​ការពារ​ព័ន្ធ​របស់​ប្រទេស​នេះ​ក្នុងការ​សម្លាប់​រង្គាល​ប្រជាជន​បូ​ស្នៀ ៨​ពាន់​នាក់​។ គ្មាន​អ្នកណាម្នាក់​អាច​ផ្តល់​មេរៀន​ពាក់ព័ន្ធ​សីលធម៌​ឡើយ​ជា​ពិ​សស​ក្រុម​អ្នកមាន​បាតដៃ​ប្រឡាក់​ឈាម​»​។

​កាលពី​ប៉ុន្មាន​ថ្ងៃមុន រដ្ឋាភិបាល​តួ​ក​គី​បាន​ចោទប្រកាន់ថា ហូ​ឡង់ និង​អាល្លឺម៉ង់​សុទ្ធ​តែមាន​ឥរិយាបថ​អាក្រក់​ដូច​ក្រុម​ណា​ស៊ី បន្ទាប់ពី​អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ​ហាមប្រាម​រដ្ឋ​មន្ត្រី​តួ​ក​គី​ចូល​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជន​តួ​ក​គី​ដែល​រស់ក្នុង​ទឹកដី​ខ្លួន​។ ប្រទេស​ទាំងនោះ​បដិសេធ​ដោយសារ​រដ្ឋាភិបាល​តួ​ក​គី​កំពុងស្ថិត​ក្នុង​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​ពី​ពលរដ្ឋ​ខ្លួន​នៅក្រៅ​ស្រុក​ខណៈ​ការបោះឆ្នោត​ប្រជាមតិ​បង្កើន​អំណាច​ប្រធានាធិបតី​តួ​ក​គី​កាន់តែ​ជិត​មកដល់​។

​ក្រោយ​មានការ​ហាម​មន្ត្រី​តួ​ក​គី​នេះ ប្រជាជន​តួ​ក​គី​ជាច្រើន​បាននាំគ្នា​បាតុកម្ម​តវ៉ា​នៅ​ទីក្រុង Rotterdam តែ​ពួកគេ​ត្រូវ​អាជ្ញាធរ​ហូ​ឡង់​បំបែក​។ តួ​ក​គី​អះអាងថា​អាជ្ញាធរ​ហូ​ឡង់​ប្រើប្រាស់​មធ្យោបាយ​ព្រៃផ្សៃ​បង្ក្រាប​បា​តុ​រក​ក្នុងនោះ​មានប្រើ​ឆ្កែ​និង​បាញ់​ទឹក​ផង​។ ឆ្លើយតប​ការហាម​មន្ត្រី​និង​បង្ក្រាប​បាតុករ​ខ្លួន រដ្ឋាភិបាល​តួ​ក​គី​បានសម្រេច​បញ្ចប់​ទំនាក់​ទំនង​កម្រិត​ខ្ពស់​ជាមួយ​ហូ​ឡង់​។​

«​ហូ​ឡង់​និង​ឥរិយាបទ​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​របស់​វា​នេះ បានធ្វើ​ឲ្យ​ខូចខាត​ដល់​តម្លៃ​អឺរ៉ុប​និង​សហភាព​អឺរ៉ុប​។​ឥឡូវនេះ សម្រាប់​អ្នក​ដែល​ចង់​សហការ​ជាមួយ​អឺរ៉ុប ត្រូវ​យល់ថា​អឺរ៉ុប​លែង​ជា​និមិត្តសញ្ញា​នៃ​សិទ្ធិមនុស្ស​និង​សេរីភាព​ទៀតហើយ​។ ប្រទេស​អឺរ៉ុប​ខ្លះ​ក្លាយជា​អាយ៉ង​នៃ​គណបក្ស​ដែលមាន​និន្នាការ​ជ្រុលនិយម​រើសអើង​ពូជសាសន៍​ឬ​មាន​លក្ខណៈ​ដូច​ក្រុម​ហ្វា​ស៊ី​ស​ផង​»​។
 
​លោក​ប្រធានាធិបតី​តួ​ក​គី រូបនេះ​បានប្រកាសថា លោក​នឹង​ប្រឹងប្រែង​ប្រមែរ​ប្រមូល​ការសហការ​ពី​បណ្តា​សមាជិក​សហគមន៍​ឥស្លាម​លើ​ពិភពលោក​ដើម្បី​រួមគ្នា​ប្រឆាំង​ការ​ស្អប់ខ្ពើម​រើសអើង​ពូជសាសន៍ រួមទាំង​ការ​ស្អប់ខ្ពើម​ប្រជាជន​ឥស្លាម​លើ​ពិភពលោក​ផង​។​

​ម្សិលមិញ​នេះដែរ លោក​ប្រធានាធិបតី Erdogan ក៏បាន​រិះគន់​សហភាព​អឺរ៉ុប​មិន​សំចៃមាត់​ផងដែរ​។ លោក​និយាយថា សហភាព​អឺរ៉ុប​អនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស​រើសអើង​ផងដែរ ក្រោយពេល​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​បានស្នើ​ឲ្យ​លោក​ឈប់​និយាយ​ប៉ប៉ាច់ប៉ប៉ោច​និង វាយប្រហារ​លើ​គេឯង​ទៀត​ដើម្បី​បញ្ចៀស​បញ្ហា​ការទូត​ធ្ងន់ធ្ងរ​៕


Tag:
 Recep Tayyip Erdogan
  ហូ​ឡង់​
  Srebrenica
  តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com