អន្តរជាតិ
ភាព​តានតឹង​ឧបទ្វីប​កូរ៉េ​៖ ចិន អត់​ចង់ឃើញ​ជម្លោះ​កើតឡើង​មុខ​ទ្វារផ្ទះ​របស់ខ្លួន​ឡើយ​
15, Mar 2017 , 9:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង នាសន្និសីទកាសែតនៅវិមានប្រជាជនចិន (រូបថត Xinhua)
នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង នាសន្និសីទកាសែតនៅវិមានប្រជាជនចិន (រូបថត Xinhua)
​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើន​កម្ដៅ​ខ្លាំង​នាពេល​ចុង​ក្រោយនេះ​។ កូរ៉េខាងជើង បាន​គំរាម​វាយបក​លើ​អាមេរិក និង​កូរ៉េខាងជើង ដែល​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា បើ​សមយុទ្ធ​នោះ​ប៉ះពាល់​អធិបតេយ្យ​របស់​ខ្លួន​តែ​បន្តិច​។ ចំណែកឯ​ចិន ដែល​ជាមាន​ទ្វារផ្ទះ​ទល់មុខ​ឧបទ្វីប​កូរ៉េ ពិតជា​មិន​ចង់ឃើញ​បញ្ហា​កើតឡើង​ឡើយ​។ ជារឿយៗ ចិន បាន​ប្រាប់​ទាំង​កូរ៉េខាងជើង និង​អាមេរិក ក៏ដូចជា​កូរ៉េខាងត្បូង ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ដែល​បង្ក​ជា​បញ្ហា និង​ងាក​ចូល​តុ​ចរចា​វិញ​។​


​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង (Li Ke Qiang) បាន​ព្រមាន​ថា ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ អាច​ក្លាយជា​ជម្លោះ​ប្រដាប់អាវុធ ដែល​ភាគី​ទាំងអស់​នឹងត្រូវ​រង​ផលប៉ះពាល់​មិន​ខាន​។ ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​១៥ ខែមីនា នាយករដ្ឋមន្ត្រី​ចិន បញ្ជាក់ថា ចិន​មិន​ចង់ឃើញ​ជម្លោះ​ផ្ទុះឡើង​នៅមុខ​ទ្វារផ្ទះ​របស់ខ្លួន​ឡើយ ហើយ​មានតែ​ការសន្ទនា​ប៉ុណ្ណោះ ជា​ផ្លូវ​អាច​ដោះស្រាយ​បញ្ហា និង​បន្ធូរ​បន្ថយកម្ដៅ​នៃ​ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង​អាមេរិក ព្រមទាំង​កូរ៉េខាងត្បូង​នោះ​។​

​ប្រមុខ​រដ្ឋាភិបាល​ចិន ថ្លែង​បែបនេះ​នៅ​ចំពោះមុខ​អ្នកកាសែត​ជាច្រើន​នៅ​វិមាន​ប្រជាជន​ចិន នាឱកាស​បិទ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សភា​ប្រជាជន​ចិន​។ លោក លី ខឺ​ឈាំ​ង ក៏បាន​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន ដែល​បាន​អនុវត្ត​យ៉ាង​ដឹ​តដល់​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​លើ​សំណុំរឿង​កូរ៉េខាងជើង​។ ចិន​នៅតែ​ប្រកាន់ខ្ជាប់​ការចរចា​ដើម្បី​ដោះស្រាយ​ភាព​តានតឹង​នេះ ហើយ​ធ្វើយ៉ាងណា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​ឲ្យ​បាន​។​

​ទង្វើ​ព្រហើន​ចុងក្រោយ​របស់​របប​ក្រុង​ព្យុងយ៉ាង​តាមរយៈ​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចំនួន ៤​គ្រាប់​កាលពីដើម​ខែមីនា​កន្លង​ទៅ ពិតជា​ធ្វើ​ឲ្យ​អាមេរិក កូរ៉េខាងត្បូង ជប៉ុន រួមទាំង​ចិន​ជា​សម្ព័ន្ធមិត្ត​ផង​នោះ ព្រួយបារម្ភ​ខ្លាំង​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ជាការ​គំរាម​និង​ឆ្លើយតប​ចំពោះ​សកម្មភាព​សមយុទ្ធ​យោធា​របស់​កូរ៉េខាងត្បូង​និង​អាមេរិក​ផងដែរ ហើយ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ក៏​មើលឃើញថា វា​ជាការ​ត្រៀមលក្ខណៈ​ធ្វើសង្គ្រាម​ប្រឆាំង​ខ្លួន​នោះ​។​

​ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​នេះ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​បញ្ជូន​ខែល​ការពារ​មី​ស៊ី​ល THAAD ទៅកាន់​កូរ៉េខាងត្បូង ហើយ​លោក​ក៏​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅ​សម្ញែង​កម្លាំង​ទ័ព​នៅ​ឧបទ្វីប​កូរ៉េ​ទៀត​។ មហា​យក្ស​ចិន​ដែល​នៅ​ពីក្រោយ​កូរ៉េខាងជើង​រហូតមក ខឹងសម្បារ​ជាខ្លាំង ពេលដែល​ខែល​ការពារ​មី​ស៊ី​ល​អាមេរិក​ត្រូវបាន​ដំឡើង​នៅ​កូរ៉េខាងត្បូង​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ព្រំដែន​របស់ខ្លួន​នោះ​។​

​បើទោះជា​មិន​ពេញចិត្ត​ទង្វើ​របស់​កូរ៉េខាងជើង ចិន​មិន​ស្ងប់ចិត្ត​ដែល​អាវុធ​របស់​អាមេរិក​ត្រូវបាន​ពង្រាយ​ច្រូងច្រាង​ក្បែរ​ផ្ទះ​របស់ខ្លួន​នោះ​។ ចិន ក៏បាន​ព្រមាន​កូរ៉េខាងត្បូង​ពី​ផលវិបាក​នានា ប្រសិនបើ​នៅតែ​ជម្នះ​ពង្រាយ​ខែល​ការពារ THAAD ទៀត​នោះ​។ មួយវិញទៀត ចិន​ក៏​មិន​ស្ដាប់​ការបកស្រាយ​របស់​អាមេរិក ដែល​អះអាង​ម្ដង​ហើយ​ម្ដង​ទៀតថា ខែល​ការពារ​នេះ ជា​វិធាន​ការការពារ​សុ​ទ្ទ​សាធ និង​និយាយ​វិញ​ថា THAAD គំរាមកំហែង​សន្តិសុខ​ចិន និង​អាច​បង្ក​អស្ថិរភាព​ក្នុង​តំបន់​បានដែរ​៕


Tag:
 ចិន​
  អាមេរិក​
  ឧបទ្វីប​កូរ៉េ​
  Li Ke Qiang
© រក្សាសិទ្ធិដោយ thmeythmey.com