អន្តរជាតិ
ក្រៅពី​ករណី​ពុករលួយ លោកស្រី ប៉ាក ប្រឈម​នឹង​បណ្តឹង​ពីបទ​បោះបង់​ឆ្កែ​ចោល​
15, Mar 2017 , 5:41 pm        
រូបភាព
លោក​ស្រី ប៉ាក ថតជាមួយ​ឆ្កែ​ចិញ្ចឹម​របស់ខ្លួននៅ​វិមាន​ប្រធានាធិបតីកន្លងមក។ រូបថត Reuters
លោក​ស្រី ប៉ាក ថតជាមួយ​ឆ្កែ​ចិញ្ចឹម​របស់ខ្លួននៅ​វិមាន​ប្រធានាធិបតីកន្លងមក។ រូបថត Reuters
​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក ហ្គឺ​ន​ហេ ដែល​កំពុង​រង​ការចោទប្រកាន់​ករណី​ពុករលួយ និង​រំលោភ​អំណាច​រដ្ឋ​នោះ ប្រហែលជា​ត្រូវ​រង​បណ្ដឹង​មួយទៀត​។ អតីត​ប្រធានាធិបតី​រូបនេះ ត្រូវបាន​ចោទប្រកាន់ថា​បាន​បោះបង់​ឆ្កែ​ដែល​លោកស្រី​ធ្លាប់​ចិញ្ចឹម អំឡុងពេល​ស្នាក់នៅ​វិមាន​ប្រធានាធិបតី​។ លោកស្រី បាន​ចាក​ចេញពី​វិមាន​នេះ បន្ទាប់ពី​អស់តំណែង តែ​លោកស្រី​មិនបាន​យក​ឆ្កែ​ទាំង​៩​ក្បាល​ទៅជា​មួយ​ឡើយ​។​


​ក្រុម​ការពារ​សិទ្ធិ​សត្វ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៣ ខែមីនា បានដាក់​ពាក្យបណ្ដឹង​មួយ​ទៅកាន់​រដ្ឋអាជ្ញា ដើម្បី​បើក​ការស៊ើបអង្កេត​ករណី​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដែល​រង​ការចោទប្រកាន់ថា​បោះបង់​សត្វ​ឆ្កែ​ចិញ្ចឹម ផ្ទុយ​ច្បាប់​ការពារ​សិទ្ធិ​សត្វ​។ មន្ត្រី​វិមាន​ប្រធានាធិបតី Choeng Wa Dae បាន​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ថា លោកស្រី ប៉ាក មិនបាន​យក​ឆ្កែ​ទាំង​៩​ក្បាល ទៅជា​មួយ​លោកស្រី ពេល​ចាកចេញ​ឡើយ​។​

​បើតាម​សារព័ត៌មាន Korean Times សកម្មជន​ការពារ​សិទ្ធិ​សត្វ Care បានចេញ​មុខ​ធានា​ទទួល​ចិញ្ចឹមសត្វ​ឆ្កែ​ទាំងអស់ មុននឹង​ពួកវា​មាន​ម្ចាស់​ថ្មី​។ ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន Care និយាយថា ប្រសិនបើ​ឆ្កែ​របស់​លោកស្រី ប៉ាក ត្រូវបញ្ជូន​ទៅកាន់​មណ្ឌល​ថែរក្សា​សត្វ នោះ​បញ្ហា​នឹង​កើតឡើង​ម្ដងទៀត​មិន​ខាន​។​

​ឆ្កែ​ដែល​លោកស្រី ប៉ាក ចិញ្ចឹម​នេះ ជា​ពូជ​ឆ្កែ Jindo ហើយ​ត្រូវគេ​ដាក់​ងារ​ជា «​ពូជ​ឆ្កែ​ទី​១» និង​ជា​ឆ្កែ​សំណព្វ​របស់​ប្រធានាធិបតី​អស់តំណែង​នេះ​តែម្ដង​។ លោកស្រី ទទួលបាន​ឆ្កែ​ពូជ​នេះ ចំនួន​២​ក្បាល​កាលពី​ឆ្នាំ​២០១៣ ពេល​លោកស្រី​ចាប់ផ្ដើម​ចូល​រស់នៅ​វិមាន​ប្រធានាធិបតី ក្រោយ​ឈ្នះឆ្នោត​៕


Tag:
 កូរ៉េខាងជើង​
  ប៉ាក ហ្គឺ​ន​ហេ​
© រក្សាសិទ្ធិដោយ thmeythmey.com