អន្តរជាតិ
អាជ្ញាធរ​ថៃ រឹបអូស​កុយរមាស​ត​ម្លៃ​ជិត​៥​លាន​ដុល្លារ ពី​អ្នកដំណើរ​ចេញពី​ភ្នំពេញ និង​វៀតណាម ទៅ​ថៃ​
15, Mar 2017 , 8:10 pm        
រូបភាព
រូបពី Bangkok Post
រូបពី Bangkok Post
​អាជ្ញាធរ​ថៃ បាន​រឹបអូស​កុយរមាស​តម្លៃ​ជិត​៥​លាន​ដុល្លារ ដែល​នាំចូល​ពី​ទីផ្សារងងឹត ពី​អ្នកដំណើរ​ជនជាតិ​ថៃ​ម្នាក់ ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ថៃ​។ អាជ្ញាធរ​ថៃ ចាត់ទុក​ចំនួន​កុយរមាស​នេះ គឺជា​ទំហំ​ដ៏​ធំ​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

 
​អគ្គនាយកដ្ឋាន​គយ​ថៃ បាន​ឲ្យ​ដឹងថា កុយរមាស​ដែល​អាជ្ញាធរ​ថៃ រឹបអូស​បាន​នេះ​មាន​ទម្ងន់​ជាង​១០០​គីឡូក្រាម ដែល​ត្រូវបាន​ស្ត្រី​ជនជាតិ​ថៃ​ពីរ​នាក់ នាំចូល​មក​នៅ​ចំណុច​ព្រលានយន្តហោះ​ប្រទេស​ថៃ ដោយមាន​ការរៀបចំ​គេចវេស​ពី​ការចាប់ខ្លួន​បាន​យ៉ាង​ល្អ​។ អគ្គនាយកដ្ឋាន​គយ​ថៃ បន្តថា ស្ត្រី​ជនជាតិ​ថៃ​ដែលជា​ឈ្មួញ​ខុសច្បាប់​ទាំងពីរ​នាក់​នេះ គឺ​ម្នាក់​បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ពី​ភ្នំពេញ និង​ម្នាក់ទៀត​ធ្វើដំណើរ​តាម​ជើងយន្តហោះ​ពី​វៀតណាម ចូលទៅ​ទឹកដី​ថៃ​។ 
 
​នៅពេលដែល​ជនសង្ស័យ​ទាំងពីរ​នេះ បាន​ទៅដល់​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ​នោះ ពួកគេ​ក៏បាន​ជួប​និយាយ​ជាមួយគ្នា​នៅ​ទីនោះ​។ ក្រោយពី​មើលឃើញ​ភាពមិនប្រក្រតី​នៃ​ការសន្ទនា​គ្នា​នោះ អគ្គនាយកដ្ឋាន​គយ និង​មន្ត្រី​ព្រលានយន្តហោះ​ថៃ ក៏មាន​ការសង្ស័យ​លើ​ការ​បូ​ប​ស្ពាយ​របស់​ពួកគេ​ទាំងពីរ ហើយក៏​សម្រេចចិត្ត​សុំ​ត្រួតពិនិត្យ ដោយ​រកឃើញថា ហាក់ដូច​ជាមាន​វត្ថុ​អ្វីដែល​ធ្ងន់ៗ​នៅ​ខាងក្នុង​។​
 
​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បន្ទាប់ពី​ត្រួតពិនិត្យ និង​ស្កេ​ន (Scan) អីវ៉ាន់​ស្ត្រី​ទាំងពីរ​នាក់​នេះហើយ​។ មន្ត្រី​អគ្គនាយកដ្ឋាន​គយ បាន​រកឃើញថា វ៉ា​លី​ទាំងនេះ​មាន​ផ្ទុក​កុយរមាស​ក្នុង​មួយ​វ៉ា​លី មាន​ចំនួន ៥៧​គីឡូក្រាម និង​៦១​គីឡូក្រាម​។ កុយរមាស​ទាំងនេះ​អាច​លក់បាន​តម្លៃ​ជាង​១៤៨​លាន​បាត (​ជិត​៥​លាន​ដុល្លារ​អាមេរិក​)»​។​
 
​បើតាម​អាជ្ញាធរ​ថៃ ដែល​ទទួលបាន​របាយ​ការណ៍​ពី​អាជ្ញាធរ​បារាំង​នោះ កុយរមាស​ដែល​ឈ្មួញ​នាំចូល​ប្រទេស​ថៃ​នេះ អាចមាន​ប្រភព​ចេញពី​ប្រទេស​បារាំង ខណៈដែល​កូន​រមាស​មួយ​ក្បាល ត្រូវបាន​ព្រានព្រៃ​បាញ់សម្លាប់​នៅក្នុង​ទីកន្លែង Thoiry Zoo នៃ​ប្រទេស​បារាំង​។ មន្ត្រី​នាយកដ្ឋាន​គយ​ថៃ អះអាងថា ស្ត្រី​ជនជាតិ​ថៃ ដែល​រត់ពន្ធ​កុយរមាស​ខុសច្បាប់​ទាំងពីរ​នេះ អាចជា​សមាជិក​នៃ​ក្រុមបងធំ​រកស៊ី​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ផងដែរ​។ 
 
​តម្លៃ​កុយរមាស​នៅក្នុង​ទីផ្សារងងឹត​អាច​លក់បាន​តម្លៃ​៦​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ហើយ​មានតម្លៃ​ថ្លៃ​ជាងមាស និង​សារធាតុ​( CocaIne)​ទៅទៀត ។ តម្រូវការ​កុយរមាស​នេះ​ភាគច្រើន​នាំទៅ​ប្រទេស​ចិន និង​វៀតណាម សម្រាប់​ផលិត​ឱសថ​បុរាណ និង​ថ្នាំសម្រើប​បង្កើន​ចំណង​ផ្លូវភេទ​៕ 

Tag:
 ថៃ​
 ​វៀតណាម​
 កម្ពុជា
 ​កុយរមាស​
© រក្សាសិទ្ធិដោយ thmeythmey.com