អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្ត្រីការបរទេស​អាមេរិក​តាម​បង្ខំ​សមាជិក​ណា​តូ​ឲ្យ​បង្កើន​ចំណាយ​យោធា​ដល់​ព្រុ​ច​សែ​ល​
01, Apr 2017 , 7:39 pm        
រូបភាព
 
​ទៅដល់​ព្រុ​ច​សែ​ល​ភ្លាម រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson មិនបាន​បង្អែរ​បង្អង់​យូរ​ឡើយ ដោយ​ប្រញាប់​និយាយ​រឿង​សាច់​ការពាក់ព័ន្ធ​ការចំណាយ​រដ្ឋ​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​។ លោក​បង្ខំ​ឲ្យ​សមាជិក​ណា​តូ​ទាំងអស់​ប្រញាប់ប្រញាល់​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា​ឲ្យ​គ្រប់​តាម​ការកំណត់​ត្រឹម​ចុង​ឆ្នាំនេះ​ជា​កំហិត​។​
 
​បន្ទាប់ពី​ចាកចេញ​ពី​តួ​ក​គី រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson បាន​បន្តដំណើរ​ទៅកាន់​ក្រុង​ព្រុ​ច​សែ​ល​ទៀត​ដើម្បី​ជួប​បណ្តា​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ទាំង​២៧​ផ្សេងទៀត​ដែរ​។ ក្នុងជំនួប​ជា​លើកដំបូង ប្រមុខ​ការទូត​អាមេរិក​យក​រឿង​ថវិកា​ការពារជាតិ​មក​ជជែក​តែម្តង​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ រំលឹក​បណ្តា​រដ្ឋមន្ត្រីរ​ដ្ឋ​ជា​សម្ព័ន្ធមិត្ត​អាមេរិក​និង​ជា​សមាជិក​ទាំងអស់​ជាថ្មី ពាក់ព័ន្ធ​កាតព្វកិច្ច​បង្កើន​ថវិកា​ការពារជាតិ​ឲ្យ​គ្រប់ ២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ត្រឹម​ចុង​ឆ្នាំនេះ​។ លោក​និយាយ​ដដែល​ថា អាមេរិក​មិនអាច​បន្ត​ចំណាយលុយ​ច្រើនជាងគេ ដើម្បី​ជួយ​ការពារ​រដ្ឋ​ណា​តូ​បែបនេះ​ទេ​។​
 
​លោក​បញ្ជាក់ថា​៖«​ដូចដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ច្បាស់​ហើយ វា​មិនមាន​និរន្តរភាព​សម្រាប់​អាមេរិក​ក្នុង​ការបន្ត​បងលុយ​បង់​វិភាគទាន​លើស​កម្រិត​សម្រាប់​ការចំណាយ​ការពារជាតិ​របស់​ណា​តូ​នោះឡើយ​»​។​
 
 ខែឧសភា​កិច្ចប្រជុំ​កំពូល​បក្សសម្ព័ន្ធ​យោធា​ណា​តូ នឹងត្រូវ​រៀបចំឡើង ហើយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងមាន​វត្តមាន​ផងដែរ​។ លោក Tillerson ស្នើ​ឲ្យ​បណ្តា​រដ្ឋ​ណា​តូ​ទាំងនោះ​ស្វះ​ស្វែងរក​ចំណុច​ស្រុះស្រួល​គ្នា​នៅក្នុង​ប្រជុំ​កំពូល​ខែឧសភា ដើម្បី​កំណត់​ផែនការ​ចំណាយ​ការពារជាតិ​ឲ្យ​បាន​ត្រឹម​ចុងឆ្នាំ ២០១៧​នេះដែរ​។​
 
​តាមពិត​ទៅណា​តូ​បាន​ឯកភាព​ម្តង​ហើយ​កាលពី​កិច្ចប្រជុំ​កំពូល​នៅ Wales នា​ឆ្នាំ ២០១៤ ហើយ ប្រទេស​ជា​សមាជិក​នឹង​បង្កើត​ថវិកា​ការពារជាតិ​ឲ្យ​ដល់ ២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅពេល​ខាងមុខ​។ ប៉ុន្តែ​មាន​ប្រទេស​មួយចំនួន​ប៉ុណ្ណោះ​ដែល​អាចធ្វើ​បាន​តាម​ការ​សន្យា​។​
 
​ពាក់ព័ន្ធ​ការទាមទារ​ឲ្យ​បង្កើន​ការចាយវាយ​លើ​វិស័យ​ការពារជាតិ​នេះ ប្រមុខ​ណា​តូ Jens Stoltenberg បាន​ព្យាយាម​បង្វែរ​ការចាប់​អាមេរិក​ដោយ​លោក​អះអាងថា រដ្ឋ​ណា​តូ​នឹង​បង្កើន​ការចំណាយ​ប៉ុន្តែ​មិនមែន​ដើម្បី​តម្រូវ​ចិត្ត​អាមេរិក​ទេ​។ លោក​ទាញយក​បញ្ហា​សន្តិសុខ​និង​ការគំរាមកំហែង​ផ្សេងទៀត​ជាពិសេស​ពី​សំណាក់​រុស្ស៊ី​មក​ធ្វើជា​អំណះអំណាង ដែល​វា​ជា​មូលហេតុ​ចម្បង​សម្រាប់​ណា​តូ​បង្កើន​លុយ​ការពារជាតិ​។​
 
​កន្លងមក ដោយសារ​រឿង​បង្កើន​ការចំណាយ​ក្នុងនាម​ជា​សមាជិក​ណា​តូ​នេះ លោក ដូ​ណា​ល់ ត្រាំ​បានធ្វើ​ឲ្យ​អាល្លឺម៉ង់​ខឹងសម្បា​រដាច់​ក្បាល​ដាច់​កន្ទុយ​។ លោក ត្រាំ បាន​លើកឡើងថា អាល្លឺម៉ង់​ជំពាក់​លុយ​ណា​តូ និង​អាមេរិក​ច្រើនសន្ធឹក​។ អាល្លឺម៉ង់​វាយប្រហារ​តប​វិញ​ថា អាល្លឺម៉ង់​គ្មាន​ជំពាក់​អាមេរិក​មួយ​រៀល​ឡើយ​៕
 

Tag:
 Rex Tillerson
  ណា​តូ​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com