អន្តរជាតិ
នយោបាយអន្តរជាតិ
ហ៊ីឡារី គ្លីនតុន ទើបចេញមុខបន្ទោស ដូណាល់ ត្រាំ រឿងបន្ថយលុយទ្រទ្រង់វិស័យការទូត 01, Apr 2017 , 2:39 pm
×
អតីតបេក្ខជនប្រធានាធិបតីនិងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីឡារី គ្លីនតុន ចាប់ផ្តើមចេញមុខរិះគន់រដ្ឋបាលលោកដូណាល់ ត្រាំ ក្រោយរក្សាភាពស្ងៀមស្ងាត់អស់ជាយូរក្រោយចាញ់ឆ្នោត។លោកស្រីបន្ទោសលោក ត្រាំ រឿងទាមទារកាត់លុយសម្រាប់ប្រើប្រាស់ក្នុងវិស័យការទូតដែលជានយោបាយស្នូលនៃការលើកស្ទួយឥទ្ធិពលអាមេរិកនៅបរទេសនោះ។
ទំនងជាអត់ទ្រាំលែងបាន លោកស្រី ហ៊ីឡារី គ្លីនតុន បានទិតៀនគម្រោងកាត់បន្ថយលុយសម្រាប់ក្រសួងការបទេសដែលស្នើឡើងដោយលោក ដូណាល់ ត្រាំ។ អាចថា លោកស្រី អាចធ្វើចិត្តឲ្យរឹងប៉ឹងបានឡើងវិញហើយ បន្ទាប់ពីចំណាយពេលវេលាក្នុងភាពស្ងៀមស្ងាត់មួយរយៈដោយបាក់ស្បាតព្រោះចាញ់ឆ្នោតនោះ។
ក្នុងវេទិកានៅសាកលវិទ្យាល័យ Georgetown អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីឡារី គ្លីនតុន ថ្លែងថា គោលបំណងកាត់បន្ថយហិរញ្ញវត្ថុទ្រទ្រង់ក្រសួងការបរទេសនិងជំនួយរបស់លោក ត្រាំជាកំហុសឆ្គងដ៏ធំមួយ។
«យើងកំពុងឃើញសញ្ញានៃការផ្លាស់ប្តូរដែលវាជាការប្រកាសអាសន្នសម្រាប់យើងទាំងអស់គ្នា។ ការស្នើការលុយសម្រាប់វិស័យសុខាភិបាលអន្តរជាតិ, ជំនួយសម្រាប់ការអភិវឌ្ឍ និងវិស័យការទូតរបស់រដ្ឋបាលអាមេរិកបច្ចុប្បន្ននឹងធ្វើឲ្យប៉ះពាល់ដល់ស្ត្រីនិងកុមារ ហើយវាក៏ជាកំហុសឆ្គងធំសម្រាប់ប្រទេសយើងដែរ»។ នេះជាការបញ្ជាក់របស់លោកស្រី ហ៊ីឡារី ដែលស្រងសម្តីដោយទីភ្នាក់ងារព័ត៌មាន AFP។
កាលពីខែមីនាកន្លងទៅ លោក ដូណាល់ ត្រាំ បានបង្ហាញផែនការកាត់បន្ថយថវិកាជាតិដែលទ្រទ្រង់វិស័យការទូតអាមេរិករហូតដល់ ២៨ ភាគរយ ដែលវាបង្កឲ្យមនុស្សម្នាជាច្រើនព្រួយបារម្ភ។ ប៉ុន្តែទោះជាបែបនេះក្តី សភាអាមេរិកទាំងពីរជាន់នឹងសម្រេចចុងក្រោយលើការកំណត់ថវិកានេះ។
ក្នុងនាមជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ ២០០៩ ដល់ ២០១៣ នេះបានផ្តល់យោបល់ថា រដ្ឋបាលថ្មីមិនគួរធ្វើបែបនេះទេព្រោះបញ្ហាពិភពលោកកើតឡើងច្រើនក្នុងនោះមានការបន្តកើនឡើងនៃចំនួនជនភៀសខ្លួនពិភពលោក ហើយវាមិនមែនជាបញ្ហានរណាម្នាក់ឡើយ។ វាជាបញ្ហារួមរបស់ពិភពលោក ហើយក្នុងនាមជាមហាអំណាចដែលមានការទទួលខុសត្រូវ អាមេរិកត្រូវខ្វាយខ្វល់ជួយដោះស្រាយ។
លោកស្រីពន្យល់ថា បច្ចុប្បន្នពិភពលោកប្រឈមបញ្ហាស្មុគស្មាននិងពាក់ព័ន្ធគ្នាទៅវិញទៅមក ដែលវាតម្រូវឲ្យមានការបន្តសកម្មភាពពហុភាគីដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយមិនមែនផ្តោតតែលើបញ្ហាមួយឬពីរដែលជារឿងអាទិភាពឡើយ។
លោកស្រីបញ្ជាក់បន្ថែមដូច៖ «ខ្ញុំសង្ឃឹមថា រដ្ឋបាលថ្មីនឹងនៅបន្តការដឹកនាំពិភពលោកដើម្បីសន្តិភាពនិងសន្តសុខសកល។ នេះក៏ដោយសារពិភពលោកទាំងមូលនឹងបន្តដើរទៅមុខនិងធ្វើការរួមគ្នាដោយមានឬអាចគ្មានអាមេរិកផង»៕
Tag:
ហ៊ីឡារី គ្លីនតុន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com