ពីនេះ ពីនោះ
កំណត់ហេតុរបស់ជីវតាក្វាន់៖ ខ្មែរសម័យចេនឡា មានមនុស្សព្រៃ២ប្រភេទ 21, Nov 2020 , 9:29 am
× ភ្នំពេញ៖ កំណត់ហេតុរបស់ជីវតាក្វាន់អំពីប្រពៃណីនៃអ្នកស្រុកចេនឡា បានពិពណ៌នាថា អ្នកស្រុកនេះ មានមនុស្សព្រៃពីរប្រភេទ គឺពួកចេះនិយាយនិងស្តាប់ភាសាអ្នកស្រុកបាន ហើយលក់ខ្លួនជាទាសៈបម្រើគេ និងពួកមនុស្សព្រៃដែលស្តាប់ភាសាអ្នកស្រុកនេះមិនបាន ហើយរស់នៅតាមព្រៃភ្នំ។
អត្ថបទខាងក្រោមនេះ គឺជាការដកស្រង់ពីកំណត់ហេតុជីវតាក្វាន់អំពីមនុស្សព្រៃសម័យចេនឡា៖
មនុស្សព្រៃមានពីរបែប។ ទីមួយ៖ ពួកចេះនិយាយភាសាអ្នកស្រុកស្តាប់គ្នាបាន គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈបម្រើគេនេះឯង។ ទីពីរ៖ ពួកមនុស្សព្រៃដែលនិយាយស្តាប់ភាសាគ្នាមិនបាន គ្មានរវល់នឹងការរីកចម្រើននោះទេ។ ពួកនេះ គ្មានចេះធ្វើផ្ទះជ្រកនៅទេ។ ពួកគេតែងតែនាំគ្នាទាំងគ្រួសារដើររស់នៅតាមភ្នំ។ ក្បាលគេ មានពាក់អ្វីម្យ៉ាងធ្វើពីដី រាងដូចឆ្នាំង។ បើដើរទៅជួបនិងសត្វព្រៃ គេបាញ់និងព្រួញ ឬពួយនិងលំពែង។ ពេលបានសត្វនោះមក ពួកគេក៏គូសដុំថ្មបង្កើតភ្លើងចម្អិនសត្វ រួចអង្គុយដំកង់(អង្គុយជារង្វង់)ចែកគ្នាស៊ី។ រួចហើយពួកគេដើរទៅទៀត។ ពួកនេះ កាចសាហាវណាស់ តែងសម្លាប់គ្នានៅក្រុមជាមួយ ហើយពួកគេចេះផ្សំថ្នាំពិសពូកែស័ក្តិសិទ្ធិណាស់។
នៅដីវាល គេមានដាំសណ្តែកគួ ដើមក្រវាញ និងដាំកប្បាស ត្បាញសំពត់ជាវិជ្ជាជីវៈ។ សំពត់របស់គេនោះ សាច់ក្រាស់គ្រើម ហើយមានពណ៌ក្រវេមក្រវាមណាស់។
ប្រភព៖ «កំណត់ហេតុរបស់ជីវតាក្វាន់អំពីប្រពៃណីនៃអ្នកស្រុកចេនឡា» បកប្រែពីឯកសារដើមភាសាចិន ដោយលោក លី ធាមតេង
© រក្សាសិទ្ធិដោយ thmeythmey.com