អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមគ្រូពេទ្យ​ហូ​ឡង់ ប្រឆាំង​គម្រោង​ច្បាប់​ដែល​ជួយ​ដល់​ចាស់ជរា​ក្នុងការ​ធ្វើអត្តឃាត​
01, Apr 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
 
 
​សហព័ន្ធ​គ្រូពេទ្យ​ហូ​ឡង់ បាន​វាយតម្លៃថា វា​ជា​រឿង​ដែល​មិនអាច​ទទួលយកបាន​នោះឡើយ ទាក់ទង​នឹង​គម្រោង​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​មាន​ជំនួយ​ក្នុងការ​ធ្វើអត្តឃាត (​សុមរណៈ​) សម្រាប់​មនុស្ស​វ័យ​ចំណាស់​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហរ​ទំព័រ Sciences et Avenir រួមជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​បន្ទាប់ពី​បែលហ្ស៊ិក កាលពី​ឆ្នាំ​២០០២ ហូ​ឡង់ បាន​ក្លាយជា​ប្រទេស​បន្ទាប់​ដែល​ផ្តល់​ភាពស្របច្បាប់​ចំពោះ​សុមរណៈ (​ការស្លាប់​ដោយ​ស្រួល​) សម្រាប់​អ្នកជំងឺ​ដែលមាន​សភាព​ឈឺចាប់​ខ្លាំង ពិបាក​ទ្រាំ និង​គ្មាន​សង្ឃឹមថា អាចជា​សះស្បើយ​។ កាលពីពេល​ថ្មី​នេះ រដ្ឋាភិបាល​ហូ​ឡង់​ក៏​ចង់​ឲ្យ​មានការ​អនុញ្ញាត​បែបនេះ ដល់​ចាស់ជរា​ផងដែរ​។​
 
​តាមរយៈ​លិខិត​មួយ​ផ្ញើ​រួមគ្នា​ទៅកាន់​សភា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ក្រសួងយុត្តិធម៌​ហូ​ឡង់ មនុស្ស គិត​ចង់​បញ្ចប់ជីវិត​ខ្លួន បន្ទាប់ពី​មានការ​ពិចារណា​យ៉ាង​ល្អិតល្អន់​បំផុត រួមទាំង​ហេតុផល​ដ៏​សមរម្យ អាច​ទទួលបាន​ជំនួយ​ក្នុងការ​ធ្វើអត្តឃាត​ប្រកបដោយ​កិត្តិយស​។​
 
​សម្រាប់​សហព័ន្ធ​ពេទ្យ​ហូ​ឡង់ ទង្វើ​បែបនេះ​មិនអាច​ទទួលយកបាន​នោះឡើយ​។ ក្រុមការងារ​លើកកម្ពស់​វិជ្ជាជីវៈ​ពេទ្យ​ហូ​ឡង់ KNMG បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ថ្លែងការណ៍​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធ​កន្លងមក ថា គ្រប់​ហេតុផល​ទាំងអស់ គឺ​មិន​ទទួលយកបាន​នោះឡើយ​។ 
 
​សហព័ន្ធ​ពេទ្យ​ហូ​ឡង់ ដែលមាន​សមាជិក​ប្រមាណ​៥៩០០០​នាក់ គម្រោង​ច្បាប់​ស្តីពី​ការ​ផ្តល់ជំនួយ​ក្នុងការ​ធ្វើអត្តឃាត បាន​ក្លាយជា​កត្តា​ដែល​ជំរុញ​ឲ្យ​មនុស្ស​ចាស់​ចង់​ធ្វើអត្តឃាត ដោយសារ​ពួកគេ​មាន​អារម្មណ៍​ថា គ្មាន​សុវត្ថិភាព និង​គ្មាន​ការផ្តល់​តម្លៃ​ពី​សង្គម​។​
 
KNMG បានស្នើ​ដល់​គណបក្សនយោបាយ​ធំៗ​ទាំង​៤​នៅ​ហូ​ឡង់ ឲ្យ​មានការ​ពិភាក្សា​ឲ្យ​បាន​ដិតដល់​លើ​ករណីនេះ​។ គណបក្ស​សេរីនិយម VVD  របស់លោក​នាយករដ្ឋមន្ត្រី​ផុត​អណ​ត្តិ Mark Rutt បក្ស D66 និង​បក្ស GroenLinks បានបង្ហាញ​ជំហរ​គាំទ្រ​គម្រោង​ច្បាប់ ខណៈ​បក្ស Christian Democratic Appeal (CDA) បាន​សម្តែង​ការប្រឆាំង​៕
 
 

Tag:
 ចាស់ជរា​
  អត្តឃាត​
  សុមរណៈ
© រក្សាសិទ្ធិដោយ thmeythmey.com