អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​៖ ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី​បច្ចុប្បន្ន​យ៉ាប់​ជាង​សម័យ​សង្គ្រាមត្រជាក់​ទៀត​
02, Apr 2017 , 7:39 pm        
រូបភាព
 
 
​អ្នកនាំពាក្យ​ប្រធានាធិបតី Dmitry Peskov បាន​លើកឡើងថា ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​ធ្លាក់ចុះ​ដល់​កម្រិត​មួយ​អាក្រក់​ជាង​សម័យ​សង្គ្រាមត្រជាក់​ទៅទៀត​។ លោក​បង្ហាញ​ការហួសចិត្ត​ចំពោះ​ចលនា​ឃោសនាការ​របស់​អាមេរិក​ប្រឆាំង​រុស្ស៊ី ដែល​ធ្វើ​ពលរដ្ឋ​អាមេរិក​មើលឃើញ​រុស្ស៊ី​ជាស​ត្រូវ និង​ជា​ចោរ​អ៊ីនធឺណិត​គ្រប់ពេលវេលា​។
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌​ន​មាន ABC អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​លោក Dmitry Peskov បាន​ព្រលយ​ពាក្យ​ថា ចំណង​ការទូត​អាមេរិក​និង​រុស្ស៊ី​បច្ចុប្បន្ន​អាក្រក់​ខ្លា​មង​ជាង​សម័យ​សង្គ្រាមត្រជាក់​ទៅទៀត​។​
 
​លោក Peskov បាន​កត់សម្គាល់ថា អ្វីដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​គ្រប់យ៉ាង​រវាង​មហាអំណាច​ទាំងពីរ​ធ្លាក់ចុះ​ខ្លាំង​នោះ​គឺ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ចំនួន ៣៥​នាក់​និង​បិទ​ចោល​ទីតាំង​ទូត​រុស្ស៊ី​ចំនួន ២​កន្លែង​ផង​។ អាមេរិក​ចាត់ទុក​សក​ម្ម​ភាព​មន្ត្រី​ទូត​រុស្ស៊ី​ដែល​បំពេញភារកិច្ច​នៅ​អាមេរិក​ជា​សកម្មភាព​ចារកម្ម​ទៅវិញ​។​
 
​លោក​លើកឡើង​ដូច្នេះ​ថា​៖ «​វា​ជា​អ្វីដែល​យើង​មិនដែល​ធ្លាប់​ឃើញ​ក្នុង​វិស័យ​ការទូត​ពិភពលោក​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​។ យើង​ស្រមៃ​មើល ទ្រព្យសម្បត្តិ​រុស្ស៊ី​ដែល​ការពារ​ដោយ​អភ័យឯកសិទ្ធិ​ការទូត​ត្រូវបាន​កាន់កាប់​ដោយ​ក្រុម​ភ្នាក់ងារ​សម្ងាត់​អាមេរិក​។ តើ​នេះ​ជា​សកម្មភាព​គួរ​ឲ្យ​ស្វាគមន៍​ទេ​? ខ្ញុំ​បារម្ភ​ថា​វា​មិនអាច​ទេ​។ វា​មិនមែនជា​សកម្មភាព​ត្រឹមត្រូវ​តាមច្បាប់​ទេ​បើ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។ ដូច្នេះ​វា​ច្បាស់​ណាស់​ថា វា​ជាការ​បំផ្លាញ​ចំណង​ការទូត​ទ្វេភាគី​រវាង​អាមេរិក​និង​រុស្ស៊ី​»​។​
 
​ពេល​សួរ​លោក​ថា តើ​វា​ស្រដៀង​សម័យ​សង្គ្រាមត្រជាក់​ឬ​អត់​? លោក Peskov បាន​ឆ្លើយតប​ថា វា​អាក្រក់​ជាង​សម័យ​សង្គ្រាមត្រជាក់​ទៅទៀត​។ លោក​ក៏​ថែមទៀត​ទិតៀន​ក្រុង​វ៉ាស៊ីនតោន​ដែល​បន្ត​ចោទប្រកាន់ថា រុស្ស៊ី​បាន​លូក​កលាន់​ក្នុងការ​បោះឆ្នោត​នៅ​អាមេរិក​ដែរ​។​
 
«​សង្គ្រាមត្រជាក់​? ប្រហែលជា​អាក្រក់​ជាង​នឹង​ទៅទៀត​។ យុទ្ធនាការ​នេះ​ត្រឹមតែ​រឿង​ញុះញង់​សុទ្ធសាធ​។ គ្រប់យ៉ាង​ជា​ព័ត៌មាន​ក្លែងក្លាយ និង​អ្វី​គ្មាន​ភ័ស្តុតាង​អ្វី​ទាំងអស់​។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំងអស់គ្នា​ដែល​និយាយថា រុស្ស៊ី​បាន​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​ឲ្យ​មើល​មាត់​លោក ពូ​ទីន ដែល​និយាយ​ក្នុង​វេទិកា​អន្តរជាតិ​អាក​ទិ​ក​ដែល​រៀបចំឡើង​នៅ​រុស្ស៊ី​សប្តាហ៍​នេះ​»​។ 
 
​ក្នុង​វេទិកា​អន្តរជាតិ​អាក​ទិ​ក លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បដិសេធ​ដាច់អហង្ការ​ដោយ​ឆ្លើយថា «​ទេ​» ចំពោះ​ការចោទប្រកាន់​របស់​អា​មេ​រិ​កថា លោក​ជា​អ្នកបញ្ជា​ឲ្យ​គេ​លូកលាន់​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំមុន​។ ពាក្យ​ថា​«​ទេ​»​នេះ​គឺ​ចម្លើយ​ដ៏​ខ្លី​របស់លោក​ឆ្លើយតប នឹង​សំណួរ​ថា​តើ​លោក​និង​រដ្ឋាភិបាល​រុស្ស៊ី​ពិតជា​បាន​លូកលាន់​ចូលក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឬ​អត់​?​។ លោក ពូ​ទីន បាន​និយាយ​ជា​ភាសា​រុស្ស៊ី​ថា​៖«​មើល​មាត់​ខ្ញុំ​ណា​!» ហើយ​សង្កត់​សំឡេង​ដោយ​ឆ្លើយថា​«​ទេ​» ជា​ភាសា​អង់គ្លេស​តែម្តង​។  
 
​ដោយឡែក អ្នកសារព័ត៌មាន ABC ក៏​សួរ​បញ្ជាក់​ផងដែ​ថា តើ​លោក ពូ​ទីន ពេញចិត្ត​លោក ដូ​ណា​ល់ ត្រាំ ឬ​ដឹកនាំ​អាមេរិក​ឬក៏​យ៉ាងណា​? លោក Peskov  ឆ្លើយតប​ថា រុស្ស៊ី​មិនមែន​ចង់​ឲ្យ​នរណាម្នាក់​ដឹកនាំ​អាមេរិក​ជាង​នរណាម្នាក់​ឡើយ​។ អ្វីដែល​រុស្ស៊ី​ចង់បាន​នោះ​គឺ​អ្នក​ដែលមាន​ផ្នត់គំនិត​ប្រហាក់ប្រហែល ដែល​អាច​ឲ្យ​មានការ​សហការគ្នា និង​មានការ​ស្វាគមន៍​ពី​សំណាក់​សាធារណជន​រុស្ស៊ី​ផង​។ 
 
​យ៉ាងណាក៏ដោយ​គេ​រំពឹងថា ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក​និង​រុស្ស៊ី​នឹង​ប្រសើរ​ឡើងវិញ​នៅពេល​ឆាប់ៗ​ខាងមុខ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ម៉ូស្គូ ហើយ​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ផង​។​កន្លងមក គេ​ឃើញ​មាន​ជំនួប​ជាន់ខ្ពស់​រវាង​មន្ត្រី​ប្រទេស​ទាំងពីរ​ដែរ ដូចជា​ជំនួប​រដ្ឋមន្ត្រីការបរទេស​នៅ​អាល្លឺម៉ង់​។ ទាំងនេះ ជា​សញ្ញា​វិជ្ជមាន​ដែរ​សម្រាប់​ការស្តារ​ចំណង​ការទូត​ឡើងវិញ​នៅពេល​ខាងមុខ​រវាង​មហាអំណាច​ទាំងពីរ​នេះ​៕
 

Tag:
 Dmitry Peskov
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  អាមេរិក​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com