អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Duterte ចង់​ទះកំផ្លៀង​អ្នក​ដែល​បន្ត​រិះគន់​«​សង្គ្រាម​គ្រឿងញៀន​»
02, Apr 2017 , 9:59 pm        
រូបភាព
 
​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​លើកឡើងថា លោក​ចង់​ហៅ​អ្នក​ទាំងឡាយណា​ដែល​រិះគន់​សង្គ្រាម​គ្រឿងញៀន​និង​ណែនាំ​ឲ្យ​លោក​ប្រើ​មណ្ឌល​កែប្រែ​ដោះស្រាយ​គ្រឿងញៀន មកជួប​ព្រោះ​លោក​ចង់​ទះកំផ្លៀង​ពួកគេ​។
 
​សង្គ្រាម​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស ហើយ​វា​ក៏​ទាក់ទាញ​ការរិះគន់​ខ្លាំង​ពី​ក្រុម​សិទ្ធិមនុស្ស​និង​ស្ថាប័ន​អន្តរជាតិ​ដែរ​។​
​ប៉ុន្តែ​លោក Duterte មិន​ប្តូរ​គោលដៅ​កម្ចាត់​ឈ្មូ​ញ​គ្រឿងញៀន ដើម្បី​ផ្គាប់ចិត្ត​អ្នក​រិះគន់​ឡើយ ដោយ​ផ្ទុយទៅវិញ​លោក​ជេរប្រទេច​ផ្តាសារ​អ្នក​រិះគន់​លោក​មិន​សំចៃមាត់​ទៀត​។​
 
​នៅ​យប់​ថ្ងៃ​សុក្រ ទី​៣១ មីនា​នេះ ប្រធានាធិបតី​មាត់ឆៅ​ហ្វីលីពីន​រូបនេះ​បាន​ហៅ​រាល់​អ្នក​រិះគន់​សង្គ្រាម​គ្រឿងញៀន​និង​ផ្តល់យោបល់​ឲ្យ​លោក​ប្រើប្រាស់​មណ្ឌល​កែប្រែ​និង​ម​ធ្យោ​បាល​ព្យាបាល​ជាដើម​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ឲ្យ​មកជួប​លោក​ផ្ទាល់​។ ហៅ​មកជួយ​នេះ​គឺ​ដោយសារ លោក​ចង់​ទះកំផ្លៀង​ពួកគេ​។​
 
​លោក​បានលើកឡើង​ដូច្នេះ​ថា​៖ «​មក​ទីនេះ​មក ហើយ​យើង​នឹង​ជជែក​គ្នា​ព្រោះ​ខ្ញុំ​ចង់​ទះកំផ្លៀង​អ្នក​»​។ លោក Duterte បាន​ពន្យល់ថា លោក​មិន​ពេញចិត្ត​ចំពោះ​ក្រុម​អ្នក​រិះគន់​លោក​ដែល​បានផ្តល់​យោបល់​ណែនាំ​ឲ្យ​លោក​បញ្ឈប់​សង្គ្រាម​គ្រឿងញៀន ហើយ​ត្រឡប់​ទៅ​សង់​គ្លីនិក​ឬ​មណ្ឌល​កែប្រែ​ដូច​ប្រទេស​ដទៃទៀត​ផង​។​
 
​តាមពិតទៅ សង្គ្រាម​គ្រឿងញៀន​របស់លោក​រង​ការរិះគន់​និង​ថ្កោលទោស​យូរ​មក​ហើយពី​សំណាក់​ប្រទេស​លោកខាងលិច​ជាពិសេស​អាមេរិក​និង​សហភាព​អឺរ៉ុប​។ ប៉ុន្តែ តាម​របាយការណ៍​ស្ទង់​មតិ វាទ​ទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន​ហ្វីលីពីន​ខ្លួនឯង​ផ្ទាល់​។​
 
​ដោយសារ​សង្គ្រាម​បង្ហូរឈាម​ឈ្មួញ​គ្រឿងញៀន​នេះ ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ​ខ្លាំង ហើយ​លោក Duterte ខ្លួនឯង​ក៏​មិនបាន​ទប់មាត់ មិន​រិះគន់​សហភាព​អឺរ៉ុប​ដែរ​។ កាលពី​សប្តាហ៍​មុន លោក​បាន​ជេរប្រទេច​សហភាព​អឺរ៉ុប ក្រោយពេល​សហភាព​អឺរ៉ុប​នេះ​បាន​ហៅ​គោលនយោបាយ​លោក​ថា ជាការ​អនុវត្ត​គោល​ឆ្កួត​ឡប់​។​
 
​កាលពី​ខែមីនា សហភាព​អឺរ៉ុប​បានចេញ​ដំណោះស្រាយ​ថ្កោលទោស​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​ហ្វីល​ពី​ន​ក្រោម​រជ្ជកាល​លោក Duterte ផងដែរ​។ ឆ្លើយតប​ការ​ថ្កោលទោស​នេះ លោក Duterte មិន​ត្រឹមតែ​ចោទ សហភាព​អឺរ៉ុប​ថា​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ហ្វីលីពីន​ប៉ុណ្ណោះ​ទេ តែ​លោក​បាន​គំរាម​ព្យួរ​ក​អ្នក​រិះគន់​លោក​រាប់ទាំង​មន្ត្រី​សភាព​អឺរ៉ុប​ផង​។​
 
​នៅ​សប្តាហ៍​នេះ តំណាង​សហភាព​អឺរ៉ុប Franz Jessen បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បន្ត​អនុវត្ត​គោលការណ៍​នីតិរដ្ឋ និង​ធានា​ឲ្យ​បាន​នូវ​ការគោរព​សិទ្ធិមនុស្ស​ផងដែរ បើ​មិន​ដូច្នេះ​ទេ​ហ្វីលីពីន​អាច​នឹង​បាត់បង់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ហើយ​។ 
 
​សូមបញ្ជាក់​បន្តិច​ថា ចាប់ពី​ពេលដែល​លោក Duterte ឡើងកាន់តំណែង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦ មក​សង្គ្រាម​គ្រឿងញៀន​របស់លោក​ឆក់យក​ជីវិត​មនុស្ស​អស់​ច្រើនជាង ៨​ពាន់​នាក់​ក្នុងនោះ​មាន​អ្នកស្លាប់​ដោយសារ​ការបង្ក្រាប​រប​ស់​ប៉ូលិស និង ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ផង​៕
 
 
 
 
 

Tag:
 Rodrigo Duterte
  សហភាព​អឺ​រ៉ុ​បុ​
  ហ្វីលីពីន​
  សង្គ្រាម​ប្រឆាំង​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com