អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់ ត្រាំ​៖ បើ​ចិន​មិន​ជួយ អាមេរិក​នឹង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​តែម្នាក់ឯង​
03, Apr 2017 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ប៉ុន្មាន​ថ្ងៃមុន​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាសថា អាមេរិក​នឹង​ចាត់ការ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែម្នាក់ឯង បើ​ចិន​មិន​ព្រម​ជួយ​ទេនោះ​។ រដ្ឋបាល​លោក ត្រាំ មិន​ស្ងប់ចិត្ត​ឡើយ​ចំពោះ​អាកប្បកិរិយា​ទម្រន់​របស់​ចិន​ជុំវិញ​បញ្ហា​កូរ៉េខាងជើង បើទោះជា​អាមេរិក​ស្នើ​ម្ដង​ជា​ពីរដង​ឲ្យ​ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋ​ឯកោ​មួយ​នេះ​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ក្ដី​។ គេ​មិនទាន់​ដឹងថា​លោក ត្រាំ នឹងធ្វើ​អ្វី​លើ​កូរ៉េខាងជើង​ដែរ ហើយ​ការប្រើប្រាស់​យោធា​ក៏​ស្ថិតក្នុង​ជម្រើស​ដែរ​។  
 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ពី​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម​ជា​ថ្នូរ​ទៅ​ឲ្យ​ចិន​ក្នុងការ​សហការគ្នា​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​តែង​បង្ក​ទង្វើ​ព្រហើន​មិន​ខ្លាច​នរណា​។ ប៉ុន្តែ លោក ត្រាំ ក៏​បញ្ជាក់​ដែ​ថា បើ​ចិន​ដែល​គេ​គ្រប់គ្នា​ចាត់ទុកជា​បងធំ​របស់​កូរ៉េខាងជើង មិន​ព្រម​សហការ​ទេនោះ អាមេរិក​នឹង​រក​ផ្លូវ​ដោះស្រាយ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​កូរ៉េខាងជើង​ដោយ​ខ្លួន​តែម្ដង​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន Financial Times របស់​អង់គ្លេស លោក ត្រាំ ក៏បាន​លើកឡើង​ពី​ឥទ្ធិពល​របស់​ចិន​លើ​របប​កូរ៉េខាងជើង ហើយ​ចិន​ពិតជា​អាចជួយ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នេះ​បាន​។ លោក​បន្តថា បើ​ចិន​ជួយ នោះ​វា​នឹង​ក្លាយជា​រឿង​ដ៏​ប្រសើរ តែបើ​មិន​ព្រម​ជួយ​ទេនោះ វា​មិនមែនជា​រឿង​ល្អ​សម្រាប់​គ្រប់គ្នា​ឡើយ​។ យ៉ាងណាក្ដី លោក ត្រាំ ដែល​គ្រោង​ជួប​ប្រធានាធិបតី​ចិន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ អាចយ​ករឿង​ពាណិជ្ជកម្ម​ដើម្បី​អន្ទង​ចិត្ត​ចិន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​។​
 
​លោក ត្រាំ នឹង​ជួបពិភាក្សា​ជាមួយ​លោក ស៊ី ជីន​ភីង នៅ Mar-a-Lago អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នៅ​អាមេរិក ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៧ ខែមេសា​។ ច្បាស់​ណាស់​ថា ប្រធានបទ​កូរ៉េខាងជើង នឹងត្រូវ​លើកឡើង​មិន​ខាន ប៉ុន្តែ​បើ​ជំនួប​នេះ​នៅតែ​មិនអាច​រក​ច្រកចេញ​សមស្រប​ណាមួយ​នោះ លោក ត្រាំ ព្រមាន​ថា អាមេរិក​នឹង​រក​ផ្លូវ​ចេញ​ដោយ​ខ្លួនឯង​មិន​ខាន ហើយ​ថែមទាំង​មិន​សហការ​ជាមួយ​ចិន​ទៀត​ទេ ព្រោះ​ចិន​នៅតែមាន​ជំហរ​ទម្រន់​ដដែល​។​
 
​បើទោះជា​យ៉ាងណាក្ដី គេ​មិនដឹងថា អាមេរិក នឹងធ្វើ​អ្វី​លើ​កូរ៉េខាងជើង​ដែរ​។ ប៉ុន្តែ​កាលពី​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson នៅ​អាស៊ី ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ក៏​អះអាង​ហើយ​ថា ក្រុង​វ៉ាស៊ីនតោន​គ្មាន​ការអត់ធ្មត់​លើ​កូរ៉េខាងជើង​ទៀត​ទេ ហើយ​ដំណោះស្រាយ​ទាំងអស់ គឺ​ស្ថិត​លើ​តុ រាប់ទាំង​ជម្រើស​ខាង​យោធា​ផងដែរ​។ នេះ​ជា​លើកដំបូង​ដែល​អាមេរិក​និយាយ​ដល់​រឿង​យោធា ខណៈ​ការចរចា​បាន​ជាប់គាំង​រាប់​ឆ្នាំ ហើយ​ទណ្ឌកម្ម​ក៏​មិនអាច​រារាំង​កូរ៉េខាងជើង​បានដែរ​។​
 
​តាំងពី​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​មក​នោះ លោក ត្រាំ តែង​បាន​រិះគន់​ចិន​លើ​រឿង​កូរ៉េខាងជើង​នេះ ហើយ​ជារឿយៗ​ក៏​ចោទ​ចិន​ថា​នៅ​ពីក្រោយ​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ទៀតផង​។ លោក ក៏​ជឿថា សម្ដី​របស់​ចិន​នៅតែ​ប្រៃ​សម្រាប់​ការរក​ច្រកចេញ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្តែ​ចិន​ដូចជា​មិន​ខ្វល់​នឹង​អំពាវនាវ​របស់​អាមេរិក​សោះ​។ សម្រាប់​លើក​នេះ លោក ត្រាំ ប្រកាស​ហើយ​ថា មាន ឬ​មិនមាន​ចិន អាមេរិក​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​៕ 
 
 
 

Tag:
 អាមេរិក​
 ​ចិន​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com