អន្តរជាតិ
អាមេរិក ដឹកនាំ​កូរ៉េខាងត្បូង​និង​ជប៉ុន ធ្វើ​លំ​ហាត់​យោធា​ប្រឆាំង​នាវាមុជទឹក​កូរ៉េខាងជើង
03, Apr 2017 , 2:25 pm        
រូបភាព
​កងទ័ពជើងទឹក​មក​ពី​បី​ប្រទេសមាន គឺអាមេរិក​, កូរ៉េខាងត្បូង និង​ជប៉ុន បានធ្វើ​សមយុទ្ធ​ជើងទឹក​រួមគ្នា​មួយ​ដើម្បី​ត្រៀម​ទប់ទល់​ការគំរាមកំហែង​ពី​សំណាក់​នាវាមុជទឹក​កូរ៉េ​ខាងជើង ដែល​កើនឡើង​ខ្លាំង​នា​រយៈពេល​ចុងក្រោយ​។ សមយុទ្ធ​នេះ នឹង​ផ្ដោត​សំខាន់​លើ​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ទល់នឹង​ការ​គំរាម​របស់​ក្រុង​ព្យុងយ៉ាង ដែលប្រឹងប្រែង​អភិវឌ្ឍ​កម្លាំងយោធា​របស់ខ្លួន​យ៉ាងខ្លាំង​មិន​ថា​ជើងគោក ឬ​ជើង​ទឹក​អ្វី​ឡើយ​។ ប្រទេស​ទាំងបី​ព្រួយបារម្ភ​យ៉ាងខ្លាំង និង​បាន​រក​ផ្លូវ​ដើម្បី​ការពារ​ខ្លួន​ទុក​មុន​ទៀតផង​។​


​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានប្រកាស​នៅ​ថ្ងៃទី​៣ ខែមេសា ថា អាមេរិក​, កូរ៉េខាងត្បូង និង​ជប៉ុន បានចាប់ផ្ដើម​សមយុទ្ធ​ជើង​ទឹក​៣​ថ្ងៃ ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​។ កងទ័ព​ច្រើនជាង​៨០០​នាក់ ចូលរួម​ក្នុង​សមយុទ្ធ​រួមគ្នា​នេះ ដែល​ធ្វើឡើង​នៅ​សមុទ្រ​ចន្លោះ​កូរ៉េខាងត្បូង និង​ជប៉ុន ហើយក៏​មានការ​ពង្រាយ​នាវា​ពិឃាត ព្រមទាំង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​មកពី​ប្រទេស​ទាំងបីផងដែរ។

​ទីភ្នាក់ងារ​ព័ត៌មាន Yonhap បានស្រង់សេចក្ដីប្រកាស​ខាងលើទៀតថា សមយុទ្ធ​រួមគ្នា​នេះ មាន​គោលដៅ​ធានា​ការឆ្លើយតប​ប្រឆាំង​ការ​គំរាម​របស់​កូរ៉េខាងជើង ជាពិសេស​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ពី​នាវាមុជទឹក (SLBM) តែម្ដង​។ សមយុទ្ធ​នេះ ក៏​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​សម្ព័ន្ធ​មិត្ត​ទាំងបី​ប្រទេស​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​មាន​អាសន្ន​ដែរ ដ្បិតអី​ប្រទេស​ទាំងបី ជា​គោលដៅ​ចម្បង​នៃ​ការវាយប្រហារ​ពី​សំណាក់​កូរ៉េខាងជើង​ដែរ​។​

​ទ័ពជើងទឹក​កូរ៉េខាងត្បូង បញ្ជូន​នាវា​ពិឃាត​ទម្ងន់​ធ្ងន់ Kang Gam Chan និង​ឧទ្ធម្ភាគចក្រ​មួយគ្រឿង ខណៈ​អាមេរិក​បញ្ជូន​នាវាចម្បាំង​ពិឃាត USS McCampbell ដែលមាន​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាលី​ស្ទិ​ក Aegis និង​ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក MH-60 និង​យន្តហោះ​ល្បាត​ប្រភេទ P-3 Orion ។ ជាមួយគ្នា​នោះ កងទ័ព​ជប៉ុន​ក៏បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ពិឃាត​ប្រភេទ Sawagiri មក​ចូលរួម​សមយុទ្ធ​រួមគ្នា​នេះដែរ​។​

​កងទ័ពជើងទឹក​ទាំង​បី​ប្រទេស នឹងធ្វើ​លំ​ហាត់​ស្វែងរក និង​តាមដាន​នាវាមុជទឹក ដែល​តំណាង​ជា​នាវាមុជទឹក​របស់​កូរ៉េខាងជើង​។ ក្រៅពីនោះ សមយុទ្ធ​នេះ ក៏មាន​អនុវត្ត​ការផ្លាស់ប្ដូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ដែរ​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់ នេះ​ជា​សមយុទ្ធ​រួមគ្នា​ប្រឆាំង​នាវាមុជទឹក​លើកទីមួយ​រវាង​ប្រទេស​ទាំងបី បន្ទាប់ពី​មាន​កិច្ចប្រជុំ​ត្រីភាគី​កាលពី​ខែធ្នូ ឆ្នាំ​២០១៦ ដែល​សំដៅ​បង្ហាញ​ការសហការ​គ្នា​រវាង​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​។​

​សមយុទ្ធ​នេះ ក៏​ធ្វើឡើង​ស្រប​ពេលដែល​កូរ៉េខាងជើង​បង្កើន​សមត្ថភាព​យោធា​របស់ខ្លួន​យ៉ាងខ្លាំង តាមរយៈ​ការបង្កើន​ការសាកល្បង​មី​ស៊ី​ល​ជាច្រើន​គ្រាប់​នៅ​ដើមឆ្នាំ​២០១៧ ។ នៅ​ដើមខែ​កុម្ភៈ កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​បួន​គ្រាប់ ហើយបី​គ្រាប់​ធ្លាក់ចូល​ដែនសមុទ្រ​របស់​ជប៉ុន​។ កាលពី​ខែសីហា​កន្លងទៅ រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ក៏បាន​សាកល្បង​ដោយ​ជោគជ័យ​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ចេញពី​នាវាមុជទឹក​តម្រង់​គោលដៅ​ជប៉ុន​ដែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  ជប៉ុន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com