អន្តរជាតិ
ប្រជាជន​ថៃ​រាប់លាន​នាក់ នាំគ្នា​ចុះឈ្មោះ​ជា​អ្នក​រកបាន​ចំណូល​ទាប ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​រដ្ឋាភិបាល​
03, Apr 2017 , 8:39 pm        
រូបភាព
ប្រជាជនថៃ នាំគ្នាចុះឈ្មោះជាអ្នករកចំណូលទាប ដើម្បីទទួលបានអត្ថប្រយោជន៍ផ្ដល់ដោយរដ្ឋាភិបាល (រូបភាព The Nation)
ប្រជាជនថៃ នាំគ្នាចុះឈ្មោះជាអ្នករកចំណូលទាប ដើម្បីទទួលបានអត្ថប្រយោជន៍ផ្ដល់ដោយរដ្ឋាភិបាល (រូបភាព The Nation)
​ប្រជាជន​ថៃ​ប្រមាណ​១៥​លាន​នាក់ រំពឹងថា​នឹង​នាំគ្នា​ទៅចុះឈ្មោះ​ជា​អ្នករក​ចំណូល​ទាប ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​។ នេះ​ជា​លើក​ទី​២ ដែល​រដ្ឋាភិបាល​ថៃ​ទទួល​ចុះឈ្មោះ​អ្នករក​ចំណូល​ទាប បន្ទាប់​ការចុះឈ្មោះ​លើក​ទី​១ ចាប់ផ្ដើម​កាលពី​ឆ្នាំ​២០១៦ ។ មានតែ​ប្រជាជន​ថៃ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អ្នករក​ចំណូល​ទាប​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ទទួលបាន​អត្ថប្រយោជន៍​ផ្ដល់​ដោយ​រដ្ឋាភិបាល ហើយក៏​មិន​សុទ្ធតែ​ទទួលបាន​ជំនួយ​ដូចគ្នា​ដែរ​។


របបសឹក​​ថៃ នៅ​ថ្ងៃទី​៣ ខែមេសា បានចាប់ផ្ដើម​ទទួល​ចុះឈ្មោះ​ប្រជាជន​ដែលជា​អ្នករក​ចំណូល​ទាប​លើក​ទី​២ ក្រោយ​យុទ្ធនា​ការលើក​ទី​១ ឆ្នាំ​២០១៦ ត្រូវបាន​បញ្ចប់​។ គេ​រំពឹងថា ប្រជាជន​ថៃ​ប្រមាណ​១៥​លាន​នាក់ នឹង​មក​ចុះឈ្មោះ​ជា​អ្នករក​ចំណូល​ទាប​ក្នុងការ​ចុះឈ្មោះ​លើក​នេះ ខណៈ​កាលពី​លើក​ទី​១ មាន​ប្រជាជន​ថៃ​ប្រមាណ​៨​លាន​នាក់​បាន​ចុះឈ្មោះ​។ ការចុះឈ្មោះ​លើក​ទី​២​នេះ ធ្វើឡើង​ស្របពេល​រដ្ឋាភិបាល​ប៉ាន​ស្មានថា កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​២០១៧ នឹង​កើនឡើង​ខ្លាំង​។​

​បើតាម​សារព័ត៌មាន The Nation មន្ត្រីជាន់ខ្ពស់​ក្រសួង​ហិរញ្ញវត្ថុ​ថៃ Krisada Chinavicharana បាន​ពន្យល់​មូលហេតុ​ដែល​ប្រជាជន​រាប់លាន​នាក់​នាំគ្នា​មក​ចុះឈ្មោះ​លើក​នេះ ថា ប្រជាជន​ភាគច្រើន​មិនបាន​ចុះឈ្មោះ​នៅលើ​ក​ទី​១ ឡើយ ព្រោះ​ពួកគេ​មិន​យល់​ពី​អត្ថប្រយោជន៍​ដែល​ត្រូវ​ទទួលបាន​។ ប៉ុន្តែ​ក្នុងការ​ចុះឈ្មោះ​លើក​នេះ រដ្ឋាភិបាល​ថៃ បាន​បន្ថែម​លក្ខខណ្ឌ​ច្រើន​ថែមទៀត ដែល​អាច​ឲ្យ​ប្រជាជន​ខ្លះ​មិនអាច​ទទួលបាន​អត្ថប្រយោជន៍​ពីរ​ដ្ឋ​ឡើយ​។

​ការចុះឈ្មោះ​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣ ខែមេសា ដល់​ថ្ងៃទី​១៥ ខែឧសភា នៅតាម​ធនាគារ និង​នៅតាម​ការិយាល័យ​ជម្រះបញ្ជី​តាម​បណ្ដា​ខេត្ត​នានា​។ ប្រជាជន​ដែល​ទទួលស្គាល់​ជា​អ្នករក​ចំណូល​ទាប នឹង​ទទួលបាន​កាត​បញ្ជា​ក់មួ​យ ដែល​អាច​ទទួលបាន​អត្ថប្រយោជន៍​ដូចជា ការមិន​យក​ថ្លៃ ឬ​ទទួលបាន​បញ្ចុះតម្លៃ​សម្រាប់​ការបង់ថ្លៃ​អគ្គីសនី និង​ទឹក​, សេវា​ដឹកជញ្ជូន និង​ការជួល​ផ្សេងៗ ក៏ដូចជា​ទទួលបាន​កា​រ​ឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល និង​សេវាកម្ម​ធានា​រ៉ាប់​រ៉ង​ផងដែរ​។​

«​កាលពី​ជុំ​ទី​១ រដ្ឋាភិបាល​បាន​អនុវត្ត​លក្ខខណ្ឌ​ងាយៗ ហើយ​ជា​លទ្ធផល ប្រជាជន​ខ្លះ​ដែល​មិន​សម​ទទួលបាន​ការជួយ ក៏​អាច​ទទួល​បានដែរ​។ ដូច្នេះ​នៅពេលនេះ រដ្ឋាភិបាល​បាន​ពង្រឹង​លក្ខខណ្ឌ​ដែល​អាច​ទទួលបាន​អត្ថប្រយោជន៍ សំដៅ​ធានាថា អ្នកមាន មិនអាច​ទទួលបាន​កា​រ​ជួយ​ដូច​អ្នកក្រីក្រ​ឡើយ​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក Krisada ដែលជា​ប្រធាន​នាយកដ្ឋាន​នយោបាយ​សារពើពន្ធ​ដែរនោះ​។

​ប្រភពព័ត៌មាន​ខាងលើ​នេះ​បន្តថា អ្នក​ដែល​អាច​ចុះឈ្មោះ​បាន​ទាល់តែ​ជា​ជនជាតិ​ថៃ មាន​អាយុ​១៨​ឆ្នាំ​ឡើង​, មិនមាន​ការងារ ឬក៏​ត្រូវមាន​ចំណូល​ក្រោម​១​សែន​បាត​ក្នុង​ឆ្នាំ​២០១៦ ។ លើសពីនោះ ប្រជាជន​ថៃ​ទាំងនោះ ក៏​មិនត្រូវ​មានទ្រព្យ​សម្បត្តិ​មានតម្លៃ​លើស​១​សែន​បាត ឬ​មានផ្ទះ​ធំ​ជាង​១០០​ម៉ែត្រការ៉េ ឬ​បន្ទប់​ខុន​ដូ​ទំហំ​ធំ​ជាង​៣៥​ម៉ែត្រការ៉េ ឬ​មាន​ដី​ធំ​ជាង​០,១៦​ហិច​តា​។ ចំ​ណែ​កសិករ​វិញ មិនត្រូវ​មាន​ដី​ធំ​ជាង​១​ហិច​តា​ឡើយ​៕


Tag:
 ​ថៃ​
  Krisada Chinavicharana
© រក្សាសិទ្ធិដោយ thmeythmey.com