អន្តរជាតិ
បន្ទាប់ពី​ចាកចេញ​ពី EU អង់គ្លេស​ត្រៀម​ធ្វើសង្គ្រាម​ជាមួយ​អេ​ស្ប៉ា​ញ​ការពារ​កោះ Gibraltar?
03, Apr 2017 , 5:02 pm        
រូបភាព
​ជម្លោះ​កោះ Gibraltar រវាង​អង់គ្លេស​និង​អេ​ស្ប៉ា​ញ​កម្រើក​ខ្លាំង​ជាថ្មី បន្ទាប់ពី​អង់គ្លេស​អនុវត្ត​មាត្រា ៥០​នៃ​សន្ធិសញ្ញា​ក្រុង Lisbon ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប​នោះ​។ បច្ចុប្បន្ន អេ​ស្ប៉ា​ញ និង​អង់គ្លេស​ស្ថិតក្នុង​ស្ថានភាព​ប្រឈមមុខគ្នា និង​ទាមទារ​រៀងខ្លួន​ថា​កោះ​Gibraltar ស្ថិតក្រោម​អធិបតេយភាព​របស់ខ្លួន​ផង​។  អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ សហភាព​អឺរ៉ុប​ដូចជា​មាន​ចេតនា​ជួយ​អេ​ស្ប៉ា​ញ​ទា​រយ​កកោះ​នេះដែរ ក្រោយពេល​អង់គ្លេស​ចាក​ចេញ​។ ប៉ុន្តែ​អង់គ្លេស​បានប្រកាស​ជំហរ​ច្បាស់លាស់​ហើយ​ថា ខ្លួន​មិន​ខ្លាច​ប្រើប្រាស់​វិធានការ​គ្រប់យ៉ាង រួមទាំង​កងទ័ព​ផង ដើម្បី​ការពារ​ទឹកដី​ទឹកដី Gibraltar ឡើយ​ព្រោះ​ប្រជាជន Gibraltar ចង់​រស់នៅ​ជាមួយ​អង់គ្លេស​មិនមែន​អេ​ស្ប៉ា​ញ​ទេ​។​


​ក្រោយ​ប្រកាស​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​មិនបាន​ប៉ុន្មាន​ស្រួលបួល​ផង អង់គ្លេស និង​អេ​ស្ប៉ា​ញ​ចាប់​ផ្តើ​ប្រកាស​ទាមទារ​យក​កោះ​ជាប់​ជម្លោះ Gibraltar រៀងៗ​ខ្លួន ហើយ​វា​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​។ គេ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ជម្លោះ​នេះ​ចាប់ផ្តើម​ក្តៅ​ឡើង​នៅពេលនេះ ហើយ​ម៉េច​បានជា​ភាគី​ទាំងពីរ​មិន​ឡើង​តុលាការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ដាច់ស្រឡះ​តាំងពី​យូរ​ទៅ​?

១.​អេ​ស្ប៉ា​ញ​មាន​លេស​ទារ​កោះ​នេះ ព្រោះ​អង់គ្លេស​នឹង​លែង​ជា​សមាជិក​សភាព​អឺរ៉ុប​

​តាមពិតទៅ ដើម្បី​យល់​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​នេះ គេ​ចាំបាច់​ត្រូវ​ត្រឡប់​ទៅ​មើល​ដំណើរ​នៃ​ទង​នៃ​ជម្លោះ​នេះ​មុនពេល​ដែល​អេ​ស្ប៉ា​ញ​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ឆ្នាំ ១៩៨៦​នោះ​។

​យោងតាម​សារព័ត៌មាន Royal Central របស់​អង់គ្លេស នៅក្នុង​ឆ្នាំ ១៩៨៦ នៅពេលដែល​អេ​ស្ប៉ា​ញ​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប ប្រទេស​នេះ​បាន​បោះបង់​ការទាមទារ​ធ្វើជា​ម្ចាស់​លើ​កោះ Gibraltar នេះ​។ នេះ​ក៏ដោយ​សារ​អេ​ស្ប៉ា​ញ​ស្ថិតក្រោម​កិច្ចព្រមព្រៀង Schengen តម្រូវ​ឲ្យ​សមាជិក​ទាំងអស់​បើកចំហរ​ព្រំដែន​របស់ខ្លួន​។ ដែល​នេះ​មានន័យថា អេ​ស្ប៉ា​ញ​ក៏ត្រូវ​បើកចំហ​ព្រំដែន​ដល់​កោះ Gibraltar ដោយ​គ្មាន​ការទាមទារ​យក​ជា​កម្ម​សិទ្ធិ​ដូច​មុន​ឡើយ​។​
 
​ប៉ុន្តែ​នៅ​សប្តាហ៍​មុន ក្រោយ​ពេលដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May សម្រេច​អនុវត្ត​មាត្រា ៥០​នៃ​សន្ធិសញ្ញា Lisbon ដើម្បី​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នោះ អេ​ស្ប៉ា​ញ​លែង​ស្ថិតក្រោម​កាតព្វកិច្ច​បើកចំហរ​ព្រំដែន​ជាមួយ​ទឹកដី Gibraltar ទៀតហើយ​។ អេ​ស្ប៉ា​ញ​ក៏​អាច​ចាប់ផ្តើម​ទាមទារ​យក​កោះ​នេះ​មកជា​កម្មសិទ្ធិ​របស់ខ្លួន​ឡើងវិញ​ផងដែរ​។

​ចាប់ពីពេលនេះ​ទៅ បញ្ហា​ជម្លោះ​កោះ Gibraltar នេះ​នឹង​ក្លាយជា​បញ្ហា​ចម្រូងចម្រាស​និង​ក្តៅ​បំផុត​មួយ​ក្នុងពេលដែល​ក្រុង​ឡុង​ដ៍​បន្ត​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​ការដើរ​ចេញពី​សហភាព​អឺរ៉ុប​នេះ​។ គេ​រំពឹងថា​វា​នឹង​ក្លាយជា​ប្រធានបទ​នៃ​ការចរចា មុននឹង​អង់គ្លេស​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៩​។  ហើយ​សហភាព​អឺរ៉ុប​ថែមទាំង​កំណត់​ក្នុង​សេចក្តីព្រាង​នៃ​សេចក្តីណែនាំ​ពាក់ព័ន្ធ​ការចរចា​ចាកចេញ​របស់​អង់គ្លេស​ផង​ថា អេ​ស្ប៉ា​ញ​មាន​សិទ្ធិ​ជំទាស់​រាល់​កិច្ចព្រមព្រៀង​ទាំងឡាយណា​ពាក់ព័ន្ធ​កោះ Gibraltar ថែម​ទៀតផង​។ ដែល​នេះ វា​ធ្វើ​ឲ្យ​អេ​ស្ប៉ា​ញ​បានចិត្ត និង​ធ្វើ​ឲ្យ​អង់គ្លេស​ក្តៅស្លឹកត្រចៀក​ខ្លាំង​ផង​។​

​តាមពិតទៅ​កោះ Gibraltar នេះ​ដើមឡើយ​ត្រូវបាន​កាន់កាប់​និង​ដាក់ចូល​ក្នុង​ឧបសម្ព័ន្ធ​របស់​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ ១៥០២​។ ប៉ុន្តែ​អង់គ្លេស​បាន​វាយ​ដណ្តើមយក​ទឹកដី​នេះ​ពី​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ ១៧០៤ ដោយមាន​ការជួយជ្រោមជ្រែង​ពី​កងទ័ព​ហូ​ឡង់​ផង ព្រោះ​កាលនោះ​អេ​ស្ប៉ា​ញ​ចាញ់​សង្គ្រាម​ក្នុងការ​រើស​អ្នក​ស្នងរាជ្យ​ក្រោយ​ស្តេច Charles ទី​២​សោយ​ទិ​វ​ង្គ​ត់​។ ឆ្នាំ ១៧១៣ សន្ធិសញ្ញា Utrecht ត្រូវបាន​គេ​បង្កើតឡើង​ដោយមាន​ការផ្ទេរ​ទឹកដី Gibraltar ជា​ផ្លូវការ​ពី​អេ​ស្ប៉ា​ញ​ឲ្យ​អង់គ្លេស​។ រហូតដល់​ឆ្នាំ ១៨៣០ កោះ​នេះ​ក្លាយជា​ទឹកដី​អាណានិគម​របស់​អង់គ្លេស​តែម្តង​។​

​ទាល់តែ​ដល់​ឆ្នាំ ១៩៦៣ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ចាប់ផ្តើម​យក​វេទិកា​អង្គការសហប្រជាជាតិ​ដើម្បី​ទាមទារ​ត្រឡប់មកវិញ​នូវ​ទឹកដី Gibraltar នេះ​។ ប៉ុន្តែ​ឆ្នាំ ១៩៦៧ ប្រជាមតិ​មួយ​ត្រូវបាន​គេ​រៀបចំឡើង​ដើម្បី​សាកសួរ​យោបល់​ប្រជាជន​នៅលើ​កោះ ហើយ​ពួកគេ​បាន​សម្តែង​មតិ​គាំ​ការបន្ត​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង់គ្លេស​។ ទោះជា​បែបនេះ​ក្តី អេ​ស្ប៉ា​ញ​នៅតែ​ចិញ្ចឹមចិត្ត​ចង់​ដណ្តើមយក​កោះ Gibraltar មកវិញ​ដដែល រហូត​ដល់ពេល​ខ្លួន​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​ដូច​បាន​រៀបរាប់​ខាងលើ ទើប​អេ​ស្ប៉ា​ញ​រក្សា​ភាពស្ងប់ស្ងាត់​វិញ​។

២.​អង់គ្លេស​មិន​ឲ្យ Gibraltar របូត​ទៅ​អេ​ស្ប៉ា​ញ​ឡើយ ក្រោយ​ចាក​ចេញពី​សហភាព​អឺរ៉ុប​


​ដោយសារ​មាន​ភាព​តានតឹង​កើតឡើង និង​មានការ​ទាមទារ​យក​កោះ​នេះ រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​ការពារ​អធិបតេយ្យ​របស់ខ្លួន​ប្រឆាំង​អេ​ស្ប៉ា​ញ និង​បញ្ជាក់ថា កោះ Gibraltar ជា​កម្មសិទ្ធិ​ស្របច្បាប់​និង​ផ្តាច់មុខ​របស់ខ្លួន ហើយ​ដាច់ខាត​អេ​ស្ប៉ា​ញ​មិនអាច​ទាមទារ​យកបាន​ឡើយ​។​

​កោះ Gibraltar មាន​ទំហំ ៧​គីឡូម៉ែត្រ​ការ៉េ  ហើយ​វា​ជា​កោះ​មួយ​មួយ​សម្បូរ​ដោយ​ថ្ម​ភាគច្រើន​។ ប៉ុន្តែ​វា​មិនមែន​ត្រឹមតែ​ថ្ម​ប៉ុណ្ណោះ​ទេ ព្រោះ​វា​មាន​ប្រជាជន​ប្រហែល ៣​ម៉ឺន​នាក់​ដែរ​កំពុង​រស់នៅ​លើ​កោះ​ដ៏​តូច​នេះ​។​
 
​មេដឹកនាំ​កោះ Gibraltar លោក Fabian Picardo បានប្រកាសថា ទឹកដី​នេះ​ជា​របស់​ប្រជាជន Gibraltar ហើយ​ប្រជាជន​ទាំង​អស់ចង់​រស់នៅ​ជាមួយ​អង់គ្លេស​មិនមែន​ជាមួយ​អេ​ស្ប៉ា​ញ​ឡើយ​។ ហើយ​លោក​ក៏បាន​ផ្ញើ​សារ​ទៅ​ឲ្យ​អេ​ស្ប៉ា​ញ និង​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ផងដែរ​ថា​កោះ Gibraltar មិនមែនជា​ចំណុច​ចរចា​ក្នុងការ​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​ទេ ហើយ​ប្រជាជន​នៃ​ទឹកដី Gibraltar ចង់​រស់នៅ​ជាមួយ​ចក្រភព​អង់គ្លេស​។ ក្នុងនាម​ជា​មេដឹកនាំ​នៃ​ទឹកដី Gibraltar លោក Fabian Picardo មាន​ជំនឿ​ចិត្ត​លើ​ការចរចា​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​បច្ចុប្បន្ន​។ 

 លោកស្រី Theresa May ក៏បាន​ទូរ​សព្ទ​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​កោះ Gibraltar លោក Fabian Picardo ដែរ​កាលពី​សប្តាហ៍​មុន ហើយ​លោកស្រី​បាន​ប្តេជ្ញាចិត្ត​ថា អង់គ្លេស​នឹង​បន្ត​គាំទ្រ​និង​ធានា​ថែរក្សា​ប្រជាជន Gibraltar ដោយ​មិន​ចុះ​កិច្ចព្រមព្រៀង​ណាមួយ​ដែល​ធ្វើ​ឲ្យ​ធ្លាក់​អេ​ស្ប៉ា​ញ​ធ្លាក់​ចូលទៅ​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ​ណាមួយ​ផ្សេង​ទៀតឡើយ​។ ដើម្បី​ឲ្យ​ប្រជាជន Gibraltar ស្ងប់ចិត្ត លោកស្រី​បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា រដ្ឋាភិបាល​អង់គ្លេស​នឹង​ប្រែង​ប្រែង​ចរចា​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធានា​លទ្ធផល​វិជ្ជមាន​សម្រាប់​កោះ Gibraltar  ក្នុង​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​នោះ​។​

៣.​ជម្លោះ​កោះ Gibraltar រម្លឹក​គ្រប់គ្នា​ពី​សង្គ្រាម​ទឹកដី Falklands រវាង​អា​ហ្ស​ង់​ទីន និង​អង់គ្លេស

​និយាយ​ដល់​ជម្លោះ​កោះ Gibraltar គេ​នឹង​ក​ឃើញ​ដល់​សង្គ្រាម​ទឹកដី Falklands ដែល​ផ្ទុះឡើង​កាលពី​ឆ្នាំ ១៩៨២ រវាង​កងទ័ព​អា​ហ្ស​ង់​ទីន និង​ទាហាន​អង់គ្លេស​។ កងទ័ព​អង់គ្លេស​ប្រហែល ២៥៥​នាក់ និង​កងទ័ព​អា​ហ្ស​ង់​ទីន​ប្រហែល ៦៥៥​នាក់​បាន​ស្លាប់​ផងដែរ​ក្នុងការ​ប្រយុទ្ធ​គ្នា​លើ​កោះ Falklands នេះ ។​

​តាមពិតទៅ ការលើកឡើង​ពី​សេណា​រី​យ៉ូ​សង្គ្រាម Falklands នេះ​ជា​យោបល់​របស់​អតីត​មេដឹកនាំ​បក្ស​អភិរក្សនិយម​របស់​អង់គ្លេស Lord Howard ។ លោក​បានផ្តល់​យោបល់​ថា លោកស្រី Theresa May អាច​នឹង​ការពារ​ទឹកដី Gibraltar ដូចជា​លោកស្រី​នាយករដ្ឋមន្ត្រី Margaret Thatcher ការពារ​កោះ Falklands ដែរ បើ​អេ​ស្ប៉ា​ញ​ហ៊ាន​ដណ្តើមយក​។​

«​កាលពី​៣៥​ឆ្នាំមុន នាយករដ្ឋមន្ត្រី​ស្ត្រី​មួយរូប​បាន​បញ្ជូន​ទ័ព​ទៅ​ការពារ​ប្រជាជន​អង់គ្លេស​ដែល​នៅលើ​កោះ​របស់ខ្លួន​ប្រឆាំង​ប្រទេស​និយាយ​ភាសា​អេ​ស្ប៉ា​ញ​មួយ​។ ខ្ញុំ​ច្បាស់​ណាស់​ថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​នឹង​ប្រើប្រាស់​ដំណោះស្រាយ​ដូចគ្នា​ចំពោះ​បញ្ហា​កោះ Gibraltar»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Lord Howard​។

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Sir Michael Fallo បានប្រកាស​ពេញៗ​មាត់​ថា អង់គ្លេស​នឹង​ការពារ​កោះ Gibraltar ទោះជា​ប្រើប្រាស់​វិធីសាស្ត្រ​អ្វី​ក៏ដោយ រាប់ទាំង​ប្រើប្រាស់​យោធា​ផង​។ លោក​បាន​លើកយក​សម្តី​ប្រជាជន​កោះ Gibraltar ដែល​បាន​បញ្ជាក់ថា​ខ្លួន​ចង់​រស់​ជាមួយ​អង់គ្លេស​មិន​ចង់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អេ​ស្ប៉ា​ញ​។ ដូច្នេះហើយ​អង់គ្លេស​ត្រូវតែ​គាំទ្រ​ពួកគេ​។

​យ៉ាងណាមិញ​អាជ្ញាធរ​អេ​ស្ប៉ា​ញ​បាន​អំពាវនាវ​ឲ្យ​អង់គ្លេស​រក្សា​ការអត់ធ្មត់​និង​ទប់​កំហឹង​ឲ្យ​បាន ព្រោះ​អង់គ្លេស​និង​អេ​ស្ប៉ា​ញ​មិនមែនជា​ភាគី​ជម្លោះ​ដែល​ត្រូវធ្វើ​សង្គ្រាម​ជាមួយគ្នា​ឡើយ​។​រដ្ឋ   មន្ត្រី​ការបរទេស​អេ​ស្ប៉ា​ញ Alfonso Dastis បានបង្ហាញ​ការ​ភ្ងា​ក់​ផ្អើល​ខ្លាំង​ចំពោះ​ប្រតិកម្ម​និង​ការឆ្លើយតប​របស់​អាជ្ញា​ធរ​អង់គ្លេស​ពាក់ព័ន្ធ​បញ្ហា​កោះ Gibraltar​។  ដោយបាន​ការជួយ​ពី​សហភាព​អឺរ៉ុប​ផង អេ​ស្ប៉ា​ញ​ចង់​ប្រើប្រាស់​ការចរចា​លើ​ការចាកចេញ​របស់​អង់គ្លេស​នេះ​ដើម្បី​បញ្ចប់​ភាពជា​កម្មសិទ្ធិករ​លើ​កោះ Gibraltar រយៈពេល ៣០០​ឆ្នាំ​មកនេះ ហើយនឹង​បង្កើត​ការគ្រប់គ្រង​រួមគ្នា​វិញ​៕


Tag:
 Gibraltar
  អង់គ្លេស​
  អេ​ស្ប៉ា​ញ​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com