អន្តរជាតិ
លោកស្រី Le Pen៖ លុយ​អឺរ៉ូ​ជា​កាំបិត​ត្រៀម​ចិញ្ច្រាំ​បារាំង​
03, Apr 2017 , 9:39 pm        
រូបភាព
អ្នកនយោបាយស្ដាំនិយមជ្រុល និងជាបេក្ខជនប្រធានាធិបតីបារាំង លោកស្រី Marine Le Pen (រូបភាព Reuters)
អ្នកនយោបាយស្ដាំនិយមជ្រុល និងជាបេក្ខជនប្រធានាធិបតីបារាំង លោកស្រី Marine Le Pen (រូបភាព Reuters)
បេក្ខជន​ប្រធានាធិបតី​បារាំង Marine Le Pen បាន​បន្ត​រិះគន់​ប្រាក់​អឺរ៉ូ (Euro) ដែលជា​រូបិយវត្ថុ​រួម​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ភាគច្រើន​។ លោកស្រី Le Pen សន្យា​ហើយ​ថា លោកស្រី​នឹង​ឈប់​ប្រើប្រាស់​លុយ​អឺរ៉ូ បើ​លោកស្រី​ឈ្នះឆ្នោត​ប្រធានាធិបតី​។ ថ្លែង​ក្នុង​ការជួបជុំ​នយោបាយ​មួយ​នៅ​ថ្ងៃទី​២ ខែមេសា បេក្ខជន​ស្ដាំនិយម​ជ្រុល​រូបនេះ ចាត់ទុក​លុយ​អឺរ៉ូ ជា​កាំបិត​ដែល​សហភាព​អឺរ៉ុប​ដាក់​លើ​ឆ្អឹងជំនីរ​បារាំង និង​បង្ខំ​ឲ្យ​បារាំង​ធ្វើ​អ្វី​ស្រេច​ចិត្ត​របស់​ពួកគេ​។​


​អ្នកនយោបាយ​ស្ដាំនិយម​ជ្រុល Marine Le Pen ថ្លែង​សារ​នយោបាយ​ប្រឆាំង​ការប្រើប្រាស់​លុយ​អឺរ៉ុប ខណៈ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំ​ទី​១ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣ ខែមេសា ខាងមុខ​។ អ្នកនយោបាយ​មានគំនិត​ជាតិនិយម​ជ្រុល​, ស្អប់ខ្ពើម​អឺរ៉ុប និង​ប្រឆាំង​លំហូរ​ជនអន្តោប្រវេសន៍​រូបនេះ ក៏បាន​ហៅ​លុយ​អឺរ៉ូ​ជា​កាំបិត ដែល​រៀប​តែ​នឹង​កាប់​ចិញ្ច្រាំ​បារាំង ហើយ​អាច​បង្ខំ​បារាំង​ឲ្យ​ធ្វើ​អ្វី​គ្រប់បែបយ៉ាង​ទាំងអស់​។​

​ប្រធាន​បក្ស​រណសិរ្ស​ជាតិ​រូបនេះ ហាក់​មាន​ក្ដី​រំពឹង​ខ្ពស់​ថា​លោកស្រី​អាច​ឈ្នះឆ្នោត ដោយ​ប្រើ​គោលនយោបាយ​បែប​ប្រជា​ឧបាយ (Populism) របស់លោក​ស្រី​។ ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ គឺជា​កត្តា​ជំរុញ​ចិត្ត​មួយទៀត​សម្រាប់​លោកស្រី និ​g​បក្ស​របស់​លោកស្រី ព្រោះ​លោក ត្រាំ ក៏​ប្រើ​នយោបាយ​របៀប​គាំពារ​និយម ជាតិ​សាសន៍​និយម និង​ឯកោ​និយម​នេះ ដើម្បី​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ដែរ​។​

​ស្រដៀង​គ្នា​នឹង​លោក ត្រាំ ដែរ លោកស្រី Le Pen ក៏មាន​និន្នាការ​ប្រឆាំង​សមាហរណកម្ម​ពិភពលោក ហើយ​ថែមទាំង​ប្រកាស​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប និង​តំបន់​ចាយប្រាក់​អឺរ៉ុប​ទៀតផង បើ​លោកស្រី​ឈ្នះ​ជា​ប្រធានាធិបតី​បារាំង​នោះ​។ លោកស្រី Le Pen បាន​ប្រាប់​អ្នកគាំទ្រ​ថា បារាំង​រស់នៅ​បាន​ដោយសារ​ការអនុគ្រោះ​រប​ស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ ដែល​សមស្រប​សម្រាប់​អាល្លឺម៉ង់ មិនមែន​នៅ​បារាំង​ទេ​។ លុយ​អឺរ៉ូ​នេះ គឺជា​កាំបិត​ដាក់​លើ​ឆ្អឹងជំនីរ​បារាំង និង​គំរាម​បារាំង​ធ្វើ​អ្វី​តាមតែ​ចិត្ត​គេច​ង់​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បេក្ខជន​ស្ដាំនិយម​ជ្រុល​រូបនេះ ក៏​ប្រកាស​ដែរ​ថា លោកស្រី​នឹង​ទប់ស្កាត់​លំហូរ​ពាណិជ្ជក​ម្ម​សេរី និង​លំហូរ​មនុស្ស ដោយ​រឹតបន្តឹង​ការត្រួតពិនិត្យ និង​ការការពារ​ក្រុមហ៊ុន​ក្នុងស្រុក​។ លោកស្រី ក៏​សន្យា​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​ឡើងវិញ ព្រមទាំង​ដាក់​ពន្ធ​លើ​ការ​នាំចូល និង​ក្រុមហ៊ុន​ដែល​ជួល​បុគ្គលិក​បរទេស​។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ លោកស្រី ក៏​សន្យា​ធ្វើ​ប្រជាមតិ​ស្ដីពី​សមាជិកភាព​បារាំង​នៅក្នុង​សហភាព​អឺរ៉ុប ដូច​អង់គ្លេស​ធ្វើ​នាពេល​កន្លងមក​ដែរ​។​

​ងាក​មក​ការបោះឆ្នោត​បន្តិច លោកស្រី Le Pen ត្រូវ​ប្រជែង​ជាមួយ​បេក្ខជន​សំខាន់ៗ​ដូចជា​បេក្ខជន​កណ្ដាល​និយម Emmanuel Macron និង​បេក្ខជន​របស់​ក្រុម​សង្គមនិយម​លោក Francois Fillon ដែល​កំពុង​ចោមរោម​ដោយ​រឿងអាស្រូវ​។ ការ​ស្ទង់​ប្រជាមតិ​កន្លងមក​បង្ហាញ​ថា​លោក Macron និង​លោកស្រី Le Pen អាច​ឆ្លង​ផុត​ការបោះឆ្នោត​ជុំ​ទី​១ និង​បន្ត​ប្រជែង​គ្នា​នៅ​ជុំ​ទី​២ នៅ​ថ្ងៃទី​៧ ខែឧសភា ប៉ុន្តែ​លោក Macron មាន​ភាគរយ​ខ្ពស់​ដើម្បី​ក្លាយជា​ប្រធានាធិបតី​បារាំង​ថ្មី​៕


Tag:
 បារាំង​
  Marine Le Pen
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com