អន្តរជាតិ
ក្មេង​អាយុ​៥​ឆ្នាំ​ត្រូវ​ឪពុកចុង​ធ្វើបាប​ដល់​ស្លាប់​ដោយសារតែ​នោម​ដាក់​គ្រែ​
04, Apr 2017 , 8:19 am        
រូបភាព
ដោយ: ធីតា
​បារាំង​៖ កាលពី​ខែកុម្ភៈ កុមារា​ម្នាក់​ឈ្មោះ Yanis ត្រូវបាន​គេ​រកឃើញ​សាកសព​នៅក្នុង​បឹង​មួយ​នៅ​តំបន់ Pas-de-Calais បន្ទាប់ពី​រូបគេ​បាន​រង​ការពិន័យ​ពី​ឪពុកចុង ដោយសារតែ​រូបគេ​បាន​នោម​ដាក់​លើ​គ្រែ​គេង​។


​អ្នកភូមិ​ប្រមាណ​៤០០​នាក់​នៅ Aire-sur-la-Lys តំបន់ Pas-de-Calais ប្រទេស​បារាំង កាលពី​ចុង​សប្តាហ៍​កន្លងមក បាននាំគ្នា​ជួបជុំគ្នា​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​កុមារា Yanis Courbot-Inglard ដែល​បាន​ស្លាប់​ដ៏​កម្សត់​បំផុត ដោយ​រូបគេ​ត្រូវបាន​ឪពុកចុង​ពិន័យ​ឲ្យ​រត់​រាប់សិប​គីឡូម៉ែត្រ​នៅពេល​យប់ បន្ទាប់ពី​រូបគេ​បាន​នោម​ដាក់​លើ​គ្រែ​។​

​បើតាម​លទ្ធផល​នៃ​ការស៊ើបអង្កេត​បឋម កុមារា Yanis បាន​រត់​ជាច្រើន​គីឡូម៉ែត្រ ដោយ​ឪពុកចុង​រត់តាម​ពីក្រោយ​។ ការស្លាប់​របស់ Yanis ត្រូវបាន​គេ​ប៉ាន់​ស្មានថា អាច​បណ្តាលមកពី​ឪពុកចុង​វាយ​ជាច្រើន​ពិល​ផងដែរ​។​



​បី​សប្តាហ៍​បន្ទាប់ពី​ការស្លាប់ លោក Xavier Courbot បានទទួល​សព​កូនប្រុស​បង្កើត​របស់ខ្លួន​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន La Voix du Nord លោក Xavier បាន​ថ្លែង​ការ​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​អ្នកភូមិ​ដែលមាន​ការអាណិតអាសូ​រ​កូនប្រុស​របស់ខ្លួន​។​

Julien M. អាយុ​៣០​ឆ្នាំ ដែលជា​ឪពុកចុង ត្រូវ​តុលាការ​ចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម និង​មនុស្សឃាត​ដោយ​ចេតនា​លើ​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ ចំណែកឯ Emilie I. ជា​ម្តាយ ជាប់ចោទ​ពីបទ​គ្មាន​ចេតនា​ទប់ស្កាត់​ឧក្រិដ្ឋកម្ម ឬ​អំពើ​សមគំនិត​។

​អ្នក​ទាំងពីរ​បានរស់នៅ​ជាមួយគ្នា​តាំង​ខែសីហា ឆ្នាំ​២០១៥​មក ដោយ​គ្មាន​កូន​ផ្សេង​ទៀតឡើយ​។ បច្ចុប្បន្ន ជនល្មើស​ទាំងពីរ​ស្ថិតនៅក្រោម​ការឃុំ​ឃាំង​បណ្តោះអាសន្ន ខណៈ​សវនាការ​មិនទាន់​ត្រូវបាន​កំណត់ពេល​នៅឡើយ​ទេ​៕


Tag:
 ទារុណកម្ម​កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com