អន្តរជាតិ
បោះឆ្នោត​មី​យ៉ាន់​ម៉ា​៖ ជនជាតិភាគតិច​ហាក់​បាត់​ជំនឿ​ចិត្ត​លើ​បក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី
03, Apr 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លទ្ធផល​បោះឆ្នោត​បំពេញ​អាសនៈ​នៅ​ថ្ងៃ​សៅរ៍​បង្ហាញថា គណបក្សកាន់អំណាច​ស​ម្ព័​ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​អាសនៈ​ច្រើន​ក្នុងចំណោម​អាសនៈ​នៅសល់ ១៩ (​សភា​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​)​។ យ៉ាងណាមិញ​បក្ស​លោកស្រី​មិន​ឈ្នះ​នៅ​តំបន់​ជនជាតិភាគតិច​រស់នៅ​ឡើយ ដែល​នេះ​វា​ជាស​ញ្ញា​មួយ​បង្ហាញ ពួកគេ​លែង​ពេញចិត្ត​និង​បាត់បង់​ជំនឿ​ចិត្ត​ចំពោះ​ការដឹកនាំ​របស់​ទីប្រឹក្សា​រដ្ឋ​លោកស្រី ស៊ូ​ជី ប្រហែល​មួយឆ្នាំ​នេះ​។ នេះ​ក៏​ដោយសារ​លោកស្រី​មិនអាច​ដោះស្រាយ បញ្ហា​កែទម្រង់​យឺតយ៉ាវ​, បញ្ហា​សេដ្ឋកិច្ច និង​ជម្លោះ​ប្រដាប់អាវុធ​បាន​នៅឡើយ​។


​ការបោះឆ្នោត​បំពេញ​អាសនៈ​នៅសល់ ១៩ ក្នុង​សភា​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​របស់​មី​យ៉ាន់​ម៉ា បានបញ្ចប់​ទៅដោយ​រលូន​។ ការបោះឆ្នោត​ជា​លើកដំបូង​ក្នុងពេល​ប្រហែល​មួយឆ្នាំ​ក្រោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​នេះ មាន​ប្រជាជន​ដែល​គ្រប់​អាយុ​បោះឆ្នោត​ប្រហែល​ជាង ២​លាន​នាក់​ចូលរួម ហើយ​លទ្ធផល​បង្ហាញថា គណបក្សកាន់អំណាច​នេះ​បាន​អាសនៈ​ភាគច្រើន​ក្នុងចំណោម​អាសនៈ​ទាំង ១៩​ផង​។​

​សូមបញ្ជាក់​បន្តិច​ដែរ ការបោះឆ្នោត​ដើម្បី​បំពេញ​អាសនៈ​នេះ​ដោយសារតែ​សមាជិកសភា​មួយចំនួន​បោះបង់​អាសនៈ​ដើម្បី​ទៅ​បំពេញការងារ​ក្នុងគណៈ​រដ្ឋមន្ត្រី​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៥ ដែល​បក្ស​លោកស្រី ស៊ូ​ជី ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​នោះ​។ អាសនៈ​ខ្លះទៀត​ដែល​នៅ​ទំនេរ​នោះ វា​ដោយសារ​បញ្ហា​សន្តិសុខ​និង​អស្ថិរភាព​ដែល​មិនអាច​ឲ្យ​គេ​រៀបចំ​ការបោះឆ្នោត​បានក​ន្ល​ង​មក​។​

១.​បក្ស​លោកស្រី ស៊ូ​ជី ឈ្នះ​នៅ​ទីប្រជុំជន ចាញ់​នៅ​តំបន់​ដាច់ស្រយាល​ជនជាតិភាគតិច​

​ត្រឡប់មកវិញ បើតាម​គណៈកម្មការ​ស​ហ​ភាព​រៀបចំ​ការបោះឆ្នោត លទ្ធផល​បោះឆ្នោត​បឋម​បង្ហាញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បានទទួល​អាសនៈ ៩ ក្នុងចំណោម​អាសនៈ​ទាំង ១៩​។ ហើយ​គេ​មើលឃើញថា​គណបក្ស​នេះ​ប្រឈមមុខ​បាត់បង់​ការគាំទ្រ​ច្រើន​នៅ​តំបន់​ដាច់ស្រយាល ជាពិសេស​តំបន់​ដែល​សម្បូរ​ដោយ​ជនជាតិភាគតិច​រស់នៅ​។
 
​ថ្វីបើ​វា​មិនមាន​ឥទ្ធិពល​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ក៏ដោយ រឿង​អាម៉ាស​បំផុត​សម្រាប់​គណបក្សកាន់អំណាច​នេះ​គឺ​បាត់បង់​អាសនៈ​នៅ​សភា​ជាន់​ទាប​នៅ​រដ្ឋ​មន នៅ​ភាគខាងត្បូង​ប្រទេស ទៅ​គណបក្ស​ក្រុម​យោធា​សហភាព​សាមគ្គី​និង​ការអភិវឌ្ឍ USDP)​វិញ​។

​ការបាត់បង់​អាសនៈ​នៅ​រដ្ឋ​នេះ កើតឡើង​ក្រោយពេល​មាន​ច​លាន​បាតុកម្ម​មួយ​ផ្ទុះឡើង​ប្រឆាំងនឹង​គម្រោង​របស់​គណ​បក្ស​កាន់អំណាច​ព្យាយាម​យកឈ្មោះ​ឪពុក​លោកស្រី អ៊ុង​សាន ស៊ូ​ជី មក​ដាក់ឈ្មោះ​ស្ពាន​នៅក្នុង​រដ្ឋ​មន​នេះ​។ ពួកគេ​តវ៉ា​ដោយសារ​គេ​មិន​ពេញចិត្ត និង​ចាត់ទុកថា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​ដឹកនាំ​ដោយ​ក្រុម​អភិជន​ជនជាតិ​ភាគច្រើន​ភូមា​កំពុង​ព្យាយាម​កេងចំណេញ​និង​បំផ្លាញ​វប្បធម៌​និង​ប្រពៃណី​របស់ខ្លួន​ជា​ជនជាតិភាគតិច​។​

​រឿង​បាត់បង់​ការគាំទ្រ​នៅតាម​តំបន់​ដាច់ស្រយាល​នេះ​ក្លាយជា​កង្វល់​សម្រាប់​បក្ស​កាន់អំណាច ហើយ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញថា ក្រុម​ជា​ជនជាតិភាគតិច​ដែល​តែង​គាំទ្រ​វីរៈ​នាទី​ប្រជាធិបតេយ្យ​និង​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព អ៊ុង​សាន ស៊ូ​ជី​នោះ ហាក់​រសាយចិត្ត​លែង​គាំទ្រ​លោកស្រី​ដូច​មុន​ហើយ​។ ពួកគេ​បាត់បង់​ជំនឿ​ចិត្ត​ដោយសារ​បញ្ហា​ច្រើន ក្នុងនោះ​មាន​ភាពយឺតយ៉ាវ​នៃ​ការកែទម្រង់​នយោបាយ​សេដ្ឋកិច្ច​, ការអភិវឌ្ឍ និង​ការដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ​រវាង​ជនជាតិភាគតិច​ដែល​កើតឡើង​រាប់​ទសវត្សរ៍​ផងដែរ​។​
 
​មុន​ការបោះឆ្នោត​មកដល់ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ថា លោកស្រី​ទទួលស្គាល់​ការខកចិត្ត​របស់​សាធារណជន​មី​យ៉ាន់​ម៉ា​ចំពោះ​ភាពយឺតយ៉ាវ​នៃ​ការកែទម្រង់​នយោបាយ និង​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ការអភិវឌ្ឍ​ជាដើម​នេះ​។ ប៉ុន្តែ​អតីត​អ្នកទោសនយោបាយ​វ័យ ៧១​ឆ្នាំ​រូបនេះ​បាន​សន្យា​ជាថ្មី​ថា រឿង​អាទិភាព​សម្រាប់​របប​ដឹកនាំ​លោកស្រី​នៅតែ​ជាការ​បញ្ចប់សង្គ្រាម​ជនជាតិភាគតិច​ដែល​កើតឡើង​រាប់​ទសវត្សរ៍​ពោលគឺ​ក្រោយ​ប្រកាស​ឯករាជ្យ​ពី​អង់គ្លេស​មក​នោះ​។​

​ក្រោយ​បក្ស​ឈ្នះឆ្នោត​ឆ្នាំ ២០១៥ លោកស្រី​ព្យាយាម យកឈ្មោះ​សន្និសីទ ប៉ាង​ឡុង (Panglong) ដែលជា​វេទិកា​ស្វែងរក​សន្តិភាព​ផ្តួចផ្តើម​រៀបចំឡើង​ដោយ​ឪពុក​លោកស្រី​កាលពី ៧​ទសវត្សរ៍​មុន​នោះ មកប្រើប្រាស់​ឡើងវិញ​។ ហើយ​បទ​ឈប់​បាញ់​ទូទាំង​ប្រទេសមួយ​ត្រូវបាន​គេ​ដាក់ចេញ​ឡើង​ដោយ​ប្រមែរ​ប្រមូល​ក្រុម​ឧទ្ទាម​ធំ ១៥ ក្រុម​ឲ្យ​ចូលរួម មុន​ឈានទៅ​ចរចា​គ្នា​លើ​បញ្ហា​ស្នូល​។  ប៉ុន្តែ ក្រុម​ឧទ្ទាម ៨​ក្រុម​ប៉ុណ្ណោះ​អាច​ចូល​រួច​ចុះហត្ថលេខា​បាន ខណៈដែល​ក្រុម​ឧទ្ទាម​៧​ក្រុម​ផ្សេងទៀត​ជាពិសេស​ក្រុម​ជនជាតិភាគតិច​នៅ​រដ្ឋ​សាន​មិនអាច​ចូលរួម​ជាមួយ​គេ​បានឡើយ​។ ក្រុម​ឧទ្ទាម​នៅតែ​បន្ត​ប្រយុទ្ធប្រឆាំង​ក្រុម​យោធា ហើយ​ក្នុងពេល​មួយ​ឆ្នាំនេះ​ជម្លោះ​ប្រដាប់អាវុធ​កម្រើក​ឡើងកាន់​តែ​ខ្លាំង រហូត​បណ្តាល​ឲ្យ​ប្រជាជន​យ៉ាងហោចណាស់ ១៦​ម៉ឺ​នាក់​បាត់បង់​ជម្រក​និង​រត់​ភៀសខ្លួន​ថែមទៀត​។  ដូច្នេះហើយ​វា​ធ្វើ​ឲ្យ​ផ្លូ​រ​ដើរ​ទៅរក​សន្តិភាព​និង​ការផ្សះផ្សា​ជាតិ​នេះ នៅតែ​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់​និង លំបាកលំបិន​ជាទីបំផុត​។

២.​បក្ស​កាន់អំណាច អាច​បាត់បង់​អាសនៈ​នៅ​រដ្ឋ Rakhine ដែល​សម្បូរ​ចលនា​ប្រឆាំង​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​

​ដោយឡែក គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បាន​បង្ហើប​ថា​ដំណើរការ​រាប់​សន្លឹកឆ្នោត​នៅ​រដ្ឋ​សាន និង​រដ្ឋ Rakhine នៅ​មិនទាន់​ចប់​ជា​ផ្លូវការ​ឡើយ ហើយ​លទ្ធផល​បណ្តោះអាសន្ន​ក៏បាន​បង្ហាញថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​អាច​ចាញ់​គណបក្ស​គាំទ្រ​សាសនាព្រះពុទ្ធ របស់​ក្រុម​យោធា (USDP) និង​គណបក្ស​ជាតិនិយម​ជ្រុល​ប្រឆាំង​ប្រជាជន​ឥស្លាម (Arakan National Party)​។ ប៉ុន្តែ គណបក្សប្រឆាំង​ប្រជាជន​ឥស្លាម​នេះ​អាច​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​។​

​គណបក្ស​តំបន់​ជាតិ Arakan  ទទួលបាន​ការគាំទ្រ​ច្រើន​នៅ​រដ្ឋ Rakhine ដោយសារ​ប្រជាជន​ភូមា​ដែលជា​ជនជាតិ​ភាគច្រើន​ស្អប់ខ្ពើម​និង​រើសអើង​ប្រជាជន​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ដែលមាន​ចំនួន​ប្រហែល ១​លាន​នាក់​និង​កំពុង​រស់នៅ​រដ្ឋ​ភាគ​ខាងលិច​នេះដែរ​។ គណបក្ស​មួយ​នេះ​ព្យាយាម​ទាញ​ប្រយោជន៍​និង​ប្រជាប្រិយភាព​ដោយ​បន្ត​ប្រើប្រាស់​សារ​ប្រឆាំង​ជន​ម៉ូ​ស្លី​ម ទោះបីជា​សហគមន៍​អន្តរជាតិ​និង​បណ្តា​ក្រុម​សិទ្ធិមនុស្ស​ថ្កោលទោស​ខ្លាំង​យ៉ាងណាក្តី​។

 រដ្ឋាភិបាល​លោកស្រី ស៊ូ​ជី និង​ក្រុម​យោធា រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ជាពិសេស​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ផង ពាក់ព័ន្ធ​ការបន្ត​រំលោភបំពាន​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ប្រឆាំង​ជនជាតិ​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​។ រដ្ឋាភិបាល​លោកស្រី ធ្វើ​អ្វី​មិនបាន​ច្រើន​ឡើយ​ក្រៅពី​សុំ​ឲ្យ​គ្រប់គ្នា​រក្សា​ការអត់ធ្មត់​ចាំ​រដ្ឋាភិបាល​ដោះស្រាយ  ហើយ​រដ្ឋាភិបាល​លោកស្រី​ក៏​ធ្វើគ ធ្វើ​ថ្លង់​ខ្លះ​ផង​ពេល​ឃើញ​ការបំពាន​សិទ្ធិមនុស្ស​នេះ ព្រោះ​វា​ជា​រឿង​ពាក់ព័ន្ធ​ជាតិ​សាសន៍​និង​សាសនា​រដ្ឋ​ដ៏​រសើប​ផង និង​ជា​រឿង​ដែល​បង្កឡើង​ដោយ​ក្រុម​យោធា​ផង​៕


Tag:
 អ៊ុង​សាន ស៊ូ​ជី​
  សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com