អន្តរជាតិ
ឥណ្ឌូណេស៊ី​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​ជាង ៨០​គ្រឿង​រួមទាំង​ទូក​ហ្វីលីពីន​
03, Apr 2017 , 10:59 pm        
រូបភាព
រូបភាព៖ Inquirer
រូបភាព៖ Inquirer
​គ្រាន់តែ​ចុង​សប្តាហ៍​នេះ ឥណ្ឌូណេស៊ី​បាន​កម្ទេច​ទូក​នេសាទ​ប្រហែល ៨១​គ្រឿង​ភាគច្រើន​ជា​ទូក​នេសាទ​បរទេស​មាន​ទាំង​ហ្វីលីពីន​ផង​ដែល​លប​ហ៊ាន​ចូល​ដែនទឹក​ខ្លួន​ខុសច្បាប់​ដើម្បី​នេសាទ​ត្រី​។ ដូច្នេះហើយ ចាប់ពី​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ឡើងកាន់​អំណាច​មកដល់​បច្ចុប្បន្ន ទូក​ដែល​ត្រូវ​ឥណ្ឌូណេស៊ី​កម្ទេចចោល​មាន​រហូតដល់​ជាង ៣០០ គ្រឿង​ហើយ​។​


​យុទ្ធនាការ​ប្រឆាំង​ការនេសាទ​ខុសច្បាប់​របស់​ប្រធានាធិបតី ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ ដែល​ត្រូវ​បានដាក់​ចេញពី​ឆ្នាំ ២០១៤ នោះបាន​ទទួលលទ្ធផល​ប្រសើរ​ច្រើន​ក្នុងការ​បង្ក្រាប​រាល់​ទូក​នេសាទ​បរទេស​ដែល​ឆ្លង​ចូល​ដែនទឹក​ឥណ្ឌូណេស៊ី​។ គ្រាន់តែ​ចុង​សប្តាហ៍​នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ដុត​កម្ទេច​ទូក​នេសាទ​ដែល​ភាគច្រើន​ជា​ទូក​នេសាទ​បរទេស​មាន​ទាំង​ហ្វីលីពីន​ផង​នោះ​ជាច្រើន​គ្រឿង​ផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ឥណ្ឌូណេស៊ី​បាន​កម្ទេចចោល​ទូក​នេសាទ​ខុសច្បាប់​រហូតដល់ ៨១​គ្រឿង ដែល​ភាគច្រើន​ជា​ទូក​នេសាទ​បរទេស​។​ទូក​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ​ចាប់បាន​ពេល​កំពុង​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែនទឹក​របស់​ឥណ្ឌូណេស៊ី​ដោយ​ខុសច្បាប់​។ សរុបមក បើ​រាប់​ចាប់ពី​ឆ្នាំ ២០១៤​មក ទូក​នេសាទ​ដែល​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​កម្ទេចចោល​មាន​ប្រហែល​ជាង ៣០០​គ្រឿង​ឯណោះ​។

​ឥណ្ឌូណេស៊ី​ត្រូវបាន​គេ​ស្គាល់​ថា ជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​តិចតួច​ប៉ុណ្ណោះ​លើ​ពិភពលោក​ដែលមាន​ធនធាន​សមុទ្រ​ច្រើន​។ ប៉ុន្តែ​ប្រទេស​នេះ​រងគ្រោះ​ខ្លាំង​និង​ខាតបង់​ខ្លាំង​ដោយសារ​ក្រុម​នេសាទ​ខុសច្បាប់​ជាពិសេស​ក្រុម​អ្នកនេសាទ​មកពី​បណ្តា​ប្រទេស​អាស៊ាន​ជា​រដ្ឋ​ជិតខាង​នោះ​។ ដូច​ឃើញស្រាប់ ទូក​ដែល​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បំផ្លាញចោល​កាលពី​ចុង​សប្តាហ៍​នេះ​មាន​ទាំង​ទូក​ហ្វីលីពីន​ដែរ​។ ប៉ុន្តែ​វា​ក៏បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ផងដែរ​រវាង​ឥណ្ឌូណេស៊ី និង​ប្រទេសជិតខាង​ព្រោះតែ​គោលនយោបាយ​ដ៏​តឹងរ៉ឹង​នេះ​។​

​បើតាម​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៤ ឥណ្ឌូណេស៊ី​ខាតបង់​លុយ​ប្រហែល ៧,៥៨​ពាន់​លាន​ដុល្លារ​ដោយសារតែ​ការនេសាទ​ខុសច្បាប់​នេះ​។​ដូច្នេះហើយ​ឥណ្ឌូណេស៊ី​មិនអាច​អត់ឱន​ចំពោះ​សកម្មភាព​ខុសច្បាប់​ទាំង​នេះឡើយ​។​

​រដ្ឋមន្ត្រី​កិច្ចការ​សមុទ្រ​និង​នេសាទ​របស់​ឥណ្ឌូណេស៊ី Susi Pudjiastuti ដែល​បាន​ចុះ​ត្រួតពិនិត្យ​ការបង្ក្រាប​និង​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​ផ្ទាល់​នោះបាន​លើកឡើងថា ឥណ្ឌូណេស៊ី​ធ្វើ​អ្វីៗ​ស្របតាម​ច្បាប់​ដើម្បី​ការពារ​ប្រយោជន៍​ខ្លួន ហើយ​វា​ជាការ​អនុវត្ត​សិទ្ធិ​ដើម្បី​ការពារ​អធិបតេយ្យ​របស់ខ្លួន​ប៉ុណ្ណោះ​៕


Tag:
 ឥណ្ឌូណេស៊ី​
 ​ ចូ​កូ វី​ដូ​ដូ​
  ហ្វីលីពីន​
  ទូក​នេសាទ​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com