អន្តរជាតិ
Duterte បណ្ដេញ​រដ្ឋមន្ត្រី​មហាផ្ទៃ​ចេញពី​តំណែង ព្រោះ​ពុករលួយ​
04, Apr 2017 , 10:35 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (ឆ្វេង)​ បណ្ដេញលោក Ismael Sueno (ស្ដាំ) ចេញពីតំណែងរដ្ឋមន្ត្រីមហាផ្ទៃ (រូបភាព Inquirer.net)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (ឆ្វេង)​ បណ្ដេញលោក Ismael Sueno (ស្ដាំ) ចេញពីតំណែងរដ្ឋមន្ត្រីមហាផ្ទៃ (រូបភាព Inquirer.net)
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​បណ្ដេញ​រដ្ឋមន្ត្រី​មហាផ្ទៃ Ismael Sueno ចេញពី​តំណែង ជុំវិញ​ករណី​ពាក់ព័ន្ធ​អំពើពុករលួយ និង​ការបាត់​ទំនុកចិត្ត​។ Ismael Sueno ជា​មន្ត្រីជាន់ខ្ពស់​ទី​១ ដែល​ត្រូវ​បណ្ដេញចេញ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​របស់លោក Duterte ខណៈ​រយៈពេល​ជាង​១០​ខែ​នៃ​ការ​កាន់អំណាច​មកនេះ លោក​ក៏បាន​បញ្ឈប់​តំណែង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់​រួចមកហើយ​ដែរ​។​


​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បានប្រកាស​នៅ​ថ្ងៃទី​៤ ខែមេសា ថា រដ្ឋមន្ត្រី​មហាផ្ទៃ Ismael Sueno ត្រូវបាន​លោក Rodrigo Duterte បណ្ដេញ​ចេញពី​តំណែង​ហើយ​។ លោក Sueno ដែល​ជួយ​លោក Duterte ក្នុង​យុទ្ធនាការ​បោះឆ្នោត​កន្លង​មក ក្លាយជា​សមាជិក​ជាន់ខ្ពស់​រដ្ឋាភិបាល​ដំបូង​គេ ដែល​អស់តំណែង​ដោយសារ​រឿង​ពុករលួយ​នេះ​។ លោក Ernesto Abella ជា​អ្នកនាំពាក្យ​និយាយថា លោក Duterte សម្រេចចិត្ត​ដូចនេះ​ព្រោះ​លោក​អស់​ទំនុកចិត្ត​លោក Sueno ទៅហើយ​។​

​លោក Abella បន្តថា ការដកតំណែង​រដ្ឋមន្ត្រី​មហាផ្ទៃ​នេះ គឺជា​ការព្រមាន​ដល់​មន្ត្រី​ដទៃទៀត ដែល​ត្រូវបាន​លោក Duterte តែងតាំង​សម្រាប់​តំណែង​នានា​។ បើតាម​សារព័ត៌មាន Inquirer.net សម្រាប់ ករណី លោក Sueno វិញ លោក ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​មាន​ជម្លោះ ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​របស់លោក​ផងដែរ​។ អតីតរដ្ឋមន្ត្រី​រូបនេះ បាន​ទាត់ចោល​ការចោទប្រកាន់​ទាំង អស់​លើ​រូបលោក ប៉ុន្តែ​លោក​មិនបាន​ផ្ដល់​ការបកស្រាយ​ឲ្យ​បានច្បាស់លាស់​ដែរ​។ 

​លោក Sueno គឺជា​បុគ្គល​ដ៏​សំខាន់​ដែល​ជួយ​ជំរុញ​ឲ្យ​លោក Duterte សម្រេចចិត្ត​ចូលរួម​ប្រណាំងប្រជែង​កៅអី​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៦ ។ ប៉ុន្តែ​វា​មិនអាច​ជួយ​ឲ្យ​លោក​រួច​ផុតពី​ការ​អស់តំណែង​បានឡើយ​។ ចុងក្រោយ លោក Duterte ក៏បាន​បណ្ដេញ​រដ្ឋមន្ត្រី​រូបនេះ​ចេញពី​តំណែង ដើម្បី​ការពារ​មុខមាត់​រដ្ឋាភិបាល​ដែល​លោក​សន្យាថា ជា​រដ្ឋាភិបាល​ស្អាតស្អំ មិន​ពុករលួយ និង​ជា​រដ្ឋាភិបាល​ដែល​គួរ​ទុកចិត្តបាន​។

​បោសសម្អាត​អំពើពុករលួយ ជា​អ្វីដែល​លោក Duterte បាន​សន្យា ពេល​លោក​ធ្វើ​យុ​ទ្ធា​នា​ការឃោសនា​រក​សំឡេងឆ្នោត​។ លោក​ប្រកាសថា លោក​មិន​អត់ឱន​ដាច់ខាត​អ្នកណា​ដែល​ពាក់ព័ន្ធ​ករណី​ពុករលួយ បើទោះជា​ក្រុមគ្រួសារ​សាច់ញាតិ​របស់​លោក​ក៏ដោយ​។ គ្រាន់តែ​ក្នុង​ខែមីនា​មួយ​ប៉ុណ្ណោះ លោក​បណ្ដេញ​មន្ត្រី​រដ្ឋាភិបាល​៩២​នាក់​ចេញពី​តំណែង​ពួកគេ ដោយសារតែ​រឿង​ពុករលួយ​នេះ ហើយ​មន្ត្រី​ម្នាក់​ក្នុងចំណោម​៩២​នាក់ គឺជា​មនុស្ស​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក​តាំង​ឆ្នាំ​១៩៩៨ ទៀតផង​។​

​រាប់​តាំងពី​ចូលកាន់​តំណែង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៦ លោក Duterte បណ្ដេញ​មន្ត្រី​ច្រើន​នាក់​មកហើយ ដើម្បី​ធានាថា រដ្ឋបាល​លោក​ស្អាតស្អំ​តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​។ មិន​ត្រឹមតែ​បណ្ដេញ​ចេញពី​តំណែង​ឡើយ លោក Duterte ថែមទាំង​គំរាម​សម្លាប់​មន្ត្រី​ពុករលួយ​ទៀតផង​។ ចំណែក​ខ្លួន​លោក​ផ្ទាល់​វិញ ក៏​មិនមែនជា​ករណី​លើកលែង​ដែរ​។ លោក​ប្រកាស​ជា​សាធារណៈ​ថា បើ​សមាជិកគ្រួសារ សាច់ញាតិ​របស់​ណាមួយ​ជាប់​ពាក់ព័ន្ធ​ពុករលួយ លោក​នឹង​ចុះ​ចេញពី​តំណែង​ប្រ​ធា​ធិបតី​ភ្លាម​៕ 


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  Ismael Sueno
© រក្សាសិទ្ធិដោយ thmeythmey.com