អន្តរជាតិ
មន្ត្រី​សន្តិសុខ​៖ វត្តមាន​លោក ពូ​ទីន អាចជា​មូលហេតុ​នៃ​ការវាយប្រហារ​ភេរវកម្ម​នៅ​ក្រុង St Petersburg
04, Apr 2017 , 2:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​រថភ្លើង​នា​ក្រុង St Petersburg បានសម្លាប់​មនុស្ស​១១​នាក់​និង​បង្ក​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​និង​ស្រាល​ផង​។ ការស៊ើបអង្កេត​កំពុង​បន្ត​ទៅមុខ តែ​គេ​វាយតម្លៃថា​ការវាយប្រហារ​នេះ​ពាក់ព័ន្ធ​ករណី​ភេរវកម្ម​ច្រើនជាហេតុផលផ្សេង​។ យ៉ាងណាក៏ដោយក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ីយល់ថា ករណីនេះអាចទាក់ទង​នឹង​វត្តមាន​របស់លោក វ៉្លា​ឌី​មៀ ពូ​ទីន នៅក្រុង St Petersburg ផងដែរ​។ រុស្ស៊ី​រងគ្រោះ​ច្រើនដង​មកហើយ​ដោយសារ​ករណី​ភេរវកម្ម ប៉ុន្តែ​ប្រទេស​នេះ​ប្រឈមមុខ​កាន់តែខ្លាំង​ដោយសារ​ការគំរាមកំហែង​សន្តិសុខ​បង្កឡើង​ដោយ​ចលនា​ភេរវកម្ម​អន្តរជាតិ​ចាប់ពី​ពេល​លោក ពូ​ទីន បញ្ជូន​ទ័ព​ទៅ​អន្តរាគមន៍​នៅ​ស៊ី​រី​ប្រឆាំង​ក្រុម​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​។


​ទីក្រុង​ធំ​បំផុត​ទី​ពីរ​របស់​រុស្ស៊ី St Petersburg រង​ការវាយប្រហារ​ដោយសារ​ការ​បំផ្ទុះ​គ្រឿងផ្ទុះ​ច្នៃ​មួយនា​ថ្ងៃ ៣​ខែមេសា ដោយ​សម្លាប់​មនុស្ស ១១​នាក់​និង​បង្ក​ឲ្យ​មនុស្ស​ច្រើន​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ដែល​បាន​ស្រង់​សម្តី​សាក្សី​ដែល​ស្ថិតនៅក្នុង​កន្លែងកើតហេតុ រថភ្លើង​នេះ​ធ្វើដំណើរ​ពី Sennaya Ploshchad ទៅកាន់ ស្ថានីយ៍​Tekhnologichesky​។ ហើយ​ពេល​ផ្ទុះ​ភ្លាម​អ្នកបើក​រថភ្លើង​មិនបាន​ឈប់​ភ្លាម​ឡើយ​ដោយ​អ្នកបើក​នោះ​បន្តដំណើរ​ទៅមុខ​ឲ្យ​ដល់​ស្ថានីយ៍​មួយទៀត​សិន​ដើម្បី​សម្រួល​ដល់​ការជម្លៀស​មនុស្ស និង​រងរបួស​។​

​ក្រោយ​ការផ្ទុះ​ភ្លាម អាជ្ញាធរ​រុស្ស៊ី និង​គណៈកម្មការ​ជាតិ​ប្រឆាំង​ភេរវកម្ម​រុស្ស៊ី​បានចាប់ផ្តើម​ដំណើរការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ករណីនេះ​ភ្លាម​ដើម្បី​វែកមុខ​ជនបង្ក​និង​មេខ្លោង​ផងដែរ​។ ពាក់ព័ន្ធ​គ្រឿងផ្ទុះ​នេះ ក្រុម​ស៊ើបអង្កេត​មិនទាន់​អាច​វាយតម្លៃ​បានឡើយ​ថា វា​ផលិត​ចេញពី​អ្វី​ឲ្យ​ប្រាកដ​នោះ ប៉ុន្តែ​គេ​រកឃើញថា​គ្រឿងផ្ទុះ​នោះ​ត្រូវបាន​គេ​ច្នៃ​ដោយ​ដាក់​ម្សៅ TNT ច្រើន​។ ក្រុម​អ្នកជំនាញ​គ្រាប់បែក​កំពុង​សិក្សា​បន្ថែមទៀត​ដើម្បី​កំណត់​ឲ្យ​បាន​នូវ​ប្រភេទ​គ្រឿងផ្ទុះ​នោះ​។ ក្រៅពី​គ្រាប់​ដែល​ផ្ទុះ​នោះ អាជ្ញាធរ​បាន​រកឃើញ​គ្រឿងផ្ទុះ​មួយទៀត​ដែល​ធំ​ជាង​មុន​នៅ​ស្ថានីយ៍​រថភ្លើង​មួយ​ផ្សេងទៀត ហើយ​អាជ្ញាធរ​ក៏បាន​ដោះ​គ្រាប់​នោះ​ចេញ​ដោយ​សុវត្ថិភាព​ដែរ​។ អាជ្ញាធរ​បានសម្រេច​ផ្អាក​ធ្វើ​ដំណើរការ​រថភ្លើង​ក្រោម​ដី​ទាំង ៥​ខ្សែរបណ្តោះអាសន្ន​ដើម្បី​ធានា​សុវត្ថិភាព​ប្រជាជន ហើយ​ជាធម្មតា​មនុស្ស ២,៣​លាន​នាក់​ធ្វើដំណើរ​តាម​រថភ្លើង​ក្រោម​ដី​នេះ​។​

១.​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ហៅ ការ​បំផ្ទុះ​គ្រាប់​នេះ​ជា​ករណី​ភេរវកម្ម​

​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉្លា​ឌី​មៀ ពូ​ទីន ដែល​កំពុង​ស្ថិតនៅ​ទីក្រុង St Petersburg ស្រាប់​នោះបាន​លើកឡើងថា លោក​ចាត់ទុក​រាល់​ករ​ណី​ទាំងអស់​ជា​មូលហេតុ​នៃ​ការ​បង្កប់​គ្រឿងផ្ទុះ​ក្នុង​រថភ្លើង​នោះ​ក្នុងនោះ​មាន​ទាំង​សកម្មភាព​ភេរវកម្ម​ផង​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា វា​រហ័ស​ពេក​ដែល​ត្រូវ​សន្និដ្ឋានថា វា​ជា​ករណី​អ្វី​ពិតប្រាកដ​នោះ​ព្រោះ​អាជ្ញាធរ​កំពុង​បន្ត​ការស៊ើបអង្កេត​នោះ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​សោកនាដកម្ម​កើតឡើង លោក ពូ​ទីន បាន​ចេញទៅ​ដាក់​បាច់ផ្កា​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នកស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់​នេះ​ផងដែរ​។​

​ទោះ​ប្រធានាធិបតី​មិនទាន់​សន្និដ្ឋានថា​វា​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​ក្តី  នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev បាន​សរសេរ​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ដោយ​ហៅ​ការ​បំផ្ទុះ​គ្រឿងផ្ទុះ​នេះ​ថា​ជា​សកម្មភាព​ភេរវកម្ម​។ លោក​បាន​ចូលរួម​រម្លែក​ទុកជា​មួយក្រុម​គ្រួសារ​អ្នកស្លាប់​និង​អ្នករងរបួស​ផងដែរ ហើយ​និង​ប្រកាស​ផ្តល់ជំនួយ​គ្រប់យ៉ាង​ដល់​រាល់​ជនរងគ្រោះ​។​

​ដោយឡែក ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវកម្ម​និង​អនុវត្ត​គោលនយោបាយ​រ៉ឹង​ត្អឹង​ចំពោះ​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​នោះ បាន​ចូលរួម​សោកស្តាយ​ចំពោះ​ករណី​នេះដែរ ហើយ​លោក​ក៏​ចាត់ទុក​ករណី​បំផ្ទុះ​គ្រាប់​នេះ​ជា​សកម្មភាព​ភេរវកម្ម​ដូចគ្នា​។​

​ចំណែក​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល បាន​ថ្កោលទោស​ការវាយប្រហារ​នេះ ដោយ​ចាត់ទុកថា វា​ជា​សកម្មភាព​ព្រៃផ្សៃ​បំផុត​។ ចំណែក​ប្រមុខ​ការបរទេស​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini បាន​សរសេរ​បង្ហោះ​តាម​គណនី Twitter ផ្លូវការ​របស់ខ្លួន​ផងដែរ​ថា សហភាព​អឺរ៉ុប​នៅ​ឈរ​ជាមួយ​ប្រជាជន​រុស្ស៊ី​ក្នុងស្ថានភាព​អាក្រក់​នេះ​។​

២.​ការវាយប្រហារ​ជួន​នឹង​ពេល​លោក ពូ​ទីន នៅ​ក្រុង St Petersburg 

​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់​ហើយ លោក វ្វ៉្លាឌី​មៀ ពូ​ទីន កំពុង​ស្ថិតនៅ​ទីក្រុង​ដែល​រងគ្រោះថ្នាក់​នេះ ដោយ​លោក​ត្រូវ​ផ្តល់​សុន្ទរកថា​ទៅកាន់​អ្នកកាសែត​ផង​។ ដូច្នេះហើយ​គេ​វាយតម្លៃថា ការវាយប្រហារ​នេះ​អាចមាន​ពាក់ព័ន្ធ​វត្តមាន​របស់​មេដឹកនាំ​កំពូល​រុស្ស៊ី​រូបនេះ​នៅក្នុង​ទីក្រុង St Petersburg ក៏​អាច​ថា​បាន​។​

​ប្រធាន​គណៈកម្មាធិការ​ការពារជាតិ​នៃ​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី Viktor Ozerov  បាន​ថ្លែងប្រាប់​សារព័ត៌មាន CNN ថា ការកំណត់​យក​ទីក្រុង St. Petersburg ប្រហែលជា​ពាក់ព័ន្ធ​ទស្សនកិច្ច​របស់លោក វ៉្លាឌី​មៀ ពូ​ទីន មែន​។​

«​ជម្រើស​នៃ​ការកំណត់​ទីកន្លែង និង​ពេលវេលា​នៃ​ការ​បំផ្ទុះ​គ្រាប់​នេះ​មិនមែនជា​រឿង​គាប់​ជួន​គ្នា​ទេ​។ ប្រធានាធិបតី​រុស្ស៊ី​ស្ថិតនៅ​ទីក្រុង​នេះ ហើយ​កម្មវិធី​ជួប​អ្នកកាសែត​នោះ​ក៏​កើតឡើង​នៅពេលនោះ រួមទាំង​មាន​អ្នកកាសែត​ច្រើន​ចូលរួម​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​គណៈកម្មាធិការ​ខាងលើ​។​

​តាំងពី​យូរ​មកហើយ រុស្ស៊ី​ក្លាយជា​គោលដៅ​ចម្បង​មួយ​នៃ​ការវាយប្រហារ​ភេរវកម្ម ប៉ុន្តែ​វា​មិនសូវ​ញឹកញាប់​ដូច​ពេលនេះ​ឡើយ​។ ការវាយប្រហារ​ហាក់ដូច​ញឹកញាប់​ជាង​មុន​រាប់​ចាប់ពី​ពេលដែល​ប្រធានាធិបតី វ៉្លាឌី​មៀ ពូ​ទីន បញ្ជូន​កងទ័ព​ទៅ​អន្តរាគមន៍​នៅ​ស៊ី​រី​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​និង​ការពារ​របប​ដឹកនាំ​ស៊ី​រី​របស់លោក បា​សា អាល់​អាសាដ​ផង​។​

​ក្រោយ​អន្តរាគមន៍​ចាប់ពី​ខែកញ្ញា​ឆ្នាំ ២០១៥ រុស្ស៊ី​រង​ការគំរាមកំហែង​ពី​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ខ្លាំង​។ ជាក់ស្តែង យន្តហោះ​រុស្ស៊ី​មួយគ្រឿង​ដឹក​អ្នកដំណើរ​២២៤​នាក់​ពី​ព្រលានយន្តហោះ​អេ​ហ្ស៊ី​ប Sharm el-Sheikh បាន​ធ្លា​ក់នៅ​ខែតុលា​ឆ្នាំ ២០១៥ ដោយ​ស្នាដៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ក្រោយមក​នៅ​ចុងឆ្នាំ ២០១៦ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​តួ​ក​គី​ត្រូវបាន​ជន​ជ្រុលនិយម​ម្នាក់​បាញ់សម្លាប់​ពេល​កំពុង​ថ្លែង​សុន្ទរកថា​។​

​ចំណែក​មុន​ចូល​អន្តរាគមន៍​នៅ​ស៊ី​រី គេ​ឃើញ​មាន​ករណី​វាយប្រហារ​ភេរវកម្ម​ច្រើនដង​ដូចជា ឆ្នាំ ២០១៣,  ឆ្នាំ ២០១០  និង​ឆ្នាំ ២០០២​។ ឆ្នាំ ២០១៣​នោះ វា​មានការ​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ស្ថានីយ៍​រថភ្លើង Volgograd ដែល​បាន​ស្លាប់​មនុស្ស​ជាង ១០​នាក់​។ មួយថ្ងៃ​ក្រោយមក វា​មាន​ករណី​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ទីក្រុង​ដដែល​បានសម្លាប់​មនុស្ស ១៤​នាក់​ផ្សេងទៀត​។​

​ចំណែក​ឆ្នាំ ២០១០ អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ស្ត្រី​ពីរ​នាក់​បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​នា​រដ្ឋធានី​ម៉ូ​ស្កូ ដោយ​សម្លាប់​មនុស្ស​៤០​នាក់​។ អ្នក​ទាំងពីរ​ជា​បណ្តា​ក្រុម​ឧទ្ទាម ឆេ​ឆិ​ន​(Chechen)​។ ហើយ​ឆ្នាំ ២០០២ ក្រុម​ឧទ្ទាម​ឆេ​ឆិ​ន​នោះបាន​សម្លាប់​មនុស្ស​១៧០​នាក់​ដោយ​វាយប្រហារ​និង​ចាប់​មនុស្ស​នៅ​រោងភាពយន្ត​មួយ​ស្ថិតនៅ​រដ្ឋធានី​មូ​ស្គូ​៕


Tag:
 St. Petersburg
  រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Dmitry Medvedev
© រក្សាសិទ្ធិដោយ thmeythmey.com