អន្តរជាតិ
ថៃ​នឹង​យក «​ល្ខោន​ខូ​ន​» សម្តែង​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​​សព​ស្តេច អាឌុលយ៉ាដេត​
04, Apr 2017 , 3:32 pm        
រូបភាព
​អាជ្ញាធរ​ថៃ កំពុង​មមាញឹក​រៀបចំ​ព្រះមេរុ​សម្រាប់​ពិធីបុណ្យ​ថ្វាយ​ព្រះ​ភ្លើង​សព​អតីត​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែល​ចូល​ទិវង្គត​កាលពី​ថ្ងៃទី​១៣ ខែតុលា​។ ការតុបតែង​នានា​កំពុង​ធ្វើឡើង​នៅ​ទីលាន Sanam Luang ក្បែរ​រាជវាំង​។ ពិធី​ថ្វាយ​ព្រះ​ភ្លើង​ដែល​គ្រោង​ធ្វើ​នៅ​ដំណាច់​ឆ្នាំនេះ ក៏​នឹងមាន​ការសម្ដែង​ល្ខោន​ខូ​ន ឬ​របាំ​ល្ខោនស្បែក​មុខ ដែលមាន​ទម្រង់​ដូច​ល្ខោនខោលរបស់​ខ្មែរ ផងដែរ​។​



​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត ឬ​ស្ដេច​រាមា​ទី​៩ នឹងត្រូវ​ធ្វើឡើង​យ៉ាង​អធិកអធម​នៅឯ​ព្រះមេរុ ដែល​កំពុងសាងសង់​ក្នុង​រាជធានី​បាងកក​។ ជាមួយគ្នានេះ អាជ្ញាធរ​ថៃ​ក៏​កំពុង​រៀបចំ​សម្ភារ​ចាំបាច់​ជាច្រើន ​ដូចជា​ឆាក និង​ឧបករណ៍​សម្ដែង សម្រាប់​ការសម្ដែង​ល្ខោន​ខូ​ន ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នេះដែរ​។​

​បើតាម​សារព័ត៌មាន​ថៃ The Nation មូលនិធិ​សម្រាប់​ការលើកស្ទួយ​ការងារ និង​បច្ចេកទេស​របស់​ម្ចាស់​ក្ស​ត្រី​យ៍ សី​រី​គីត និង​វិទ្យាស្ថាន Bunditphatthanasilpa កំពុងធ្វើការ​លើ​ទម្រង់​នៃ​ល្ខោន​ប្រពៃណី​បុរាណ​នេះ ដើម្បី​ត្រៀម​សម្ដែង​ក្នុង​ថ្ងៃ​ថ្វាយព្រះ​ភ្លើង​។ ការរៀបចំ​សម្ដែង​ល្ខោន​នេះ គឺ​ធ្វើតាម​ការណែនាំ​ដោយផ្ទាល់​ របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ Maha Chakri Sirindhorn ដែល​ទទួលបន្ទុក​ការងារ​ថ្វាយ​ព្រះ​ភ្លើង​នេះ​។​

​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ បាន​បង្គាប់​ឲ្យ​ស្ថាប័ន​ទាំង​២​ខាងលើ រៀបចំ​ការសម្ដែង​ចំនួន​២​ឆាក អំឡុងពេល​ថ្វាយ​ព្រះ​ភ្លើង ព្រះចៅ ភូមិបុល អា​ឌុល​យ៉ាង​ដេ​ត ។ លោក Surat Jongda ជំនួយការ​ប្រធាន​វិទ្យាស្ថាន Bunditphatthanasilpa និយាយថា លេខា​ផ្ទាល់​ម្ចាស់​ក្ស​ត្រី​យ៍ សី​រី​គីត នឹង​ដឹកនាំ​ការសម្ដែង​ល្ខោន​ខូ​ន ដោយមាន​អ្នក​សម្ដែង​ប្រហែល​៣០០​នាក់​ឯណោះ​។​

​ជាមួយគ្នានេះ ការរៀបចំ​សម្លៀកបំពាក់ និង​គ្រឿង​សម្រាប់​សម្ដែង ក៏​រំពឹងថា​នឹង​បញ្ចប់​នៅ​ខែកញ្ញា​ខាងមុខ​។ ចំណែក​អ្នក​សម្ដែង​ទាំងអស់ ក៏​នឹង​ហាត់​សម​ទន្ទឹមគ្នា​ដែរ ដើម្បី​ស័ក្ដិសម​នឹង​មុខមាត់​អតីត​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត ដែលជា​បិតា​របស់​សេ្ដច​រាមា​ទី​១០ Maha Vajiralongkorn ។

​សូមបញ្ជាក់ថា រដ្ឋាភិបាល​ថៃ ក៏​កំពុង​ស្នើ​ដាក់បញ្ចូល​របាំ​ល្ខោនស្បែក​មុខ ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ UNESCO ។ ការដាក់បញ្ចូល​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​បាងកក ដែល​គ្រោង​ដាក់​សម្បត្តិ​បេតិកភណ្ឌ​ចំនួន​ប្រាំ ក្នុង​បញ្ជី​របស់ UNESCO ក្នុង​រយៈពេល​ប្រាំ​ខាងមុខ​ដូចជា ប្រដាល់​មួយ​ថៃ (muay Thai), ម៉ាស្សា​បែប​ប្រពៃណី​, របាំ​ល្ខោន​ន​រា​ហ៍ (Nora dance drama), ម្ហូប​ប្រពៃណី និង​ល្ខោន​ខូ​ន​នេះ​តែម្ដង​៕ 


Tag:
 ថៃ​
  ល្ខោនខោល​
  ភូមិបុល អាឌុលយ៉ាដេត​
  ល្ខោន​ខូ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com