អន្តរជាតិ
លោកខាងលិច​ទម្លាក់កំហុស​លើ​របប អាសាដ រឿង​ប្រើ​អាវុធ​គីមី តែ​រុស្ស៊ី​ព្យាយាម​បកស្រាយ​
05, Apr 2017 , 3:54 pm        
រូបភាព
រូបភាព៖ KBC
រូបភាព៖ KBC
ដោយ: ថ្មីៗ
​ការប្រើប្រាស់​ឧស្ម័ន​ពុល​ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​នា​ក្រុង Khan Sheikhun បានធ្វើ​ឲ្យ​ពិភពលោក​តក់ស្លុត​ជាថ្មី​។ មនុស្ស​យ៉ាងហោចណាស់ ៦០​នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​ក្មេងៗ​ច្រើន​នាក់​ផងដែរ​។ ថ្វីបើ​គេ​នៅ​មិនទាន់​កំណត់ថា​ភាគី​ណាមួយ​ជា​អ្នកប្រើប្រាស់​អាវុធ​នេះ​ក្តី លោកខាងលិច​បាន​ចង្អុល​ដាក់​រដ្ឋាភិបាល​ស៊ី​រី ព្រោះ​គេ​យល់ថា គ្មាន​ភាគី​ណា​មានលទ្ធភាព​ប្រើប្រាស់​យន្តហោះ​ចម្បាំង​និង​អាវុធ​គីមី​ឡើយ​។ រដ្ឋាភិបាល​ស៊ី​រី​បាន​បដិសេធ​ដាច់អហង្ការ ហើយ​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​ស៊ី​រី​នោះបាន​បកស្រាយ​ថា ទ័ព​លោក អាសាដ បាន​វាយប្រហារ​លើ​ឃ្លាំង​ផ្ទុក​អាវុធ​គីមី​នៅ​ក្រុង Khan Sheikhun ប៉ុណ្ណោះ ហើយ​យន្តហោះ​នោះ​មិនអាច​បំពាក់​គ្រាប់​ដែល​ផ្ទុះអាវុធ​គីមី​បានឡើយ​។ វា​អាច​ថា ករណីនេះ​មិនមែនជា​ការប្រើ​ឧស្ម័ន​ពុល​ប្រឆាំង​ជន​ស៊ីវិល​ទេ តែ​ជា​បញ្ហា​ដែល​បង្កឡើង​ដោយសារ​ធ្លាយ​ឧស្ម័ន​ពុល​ពី​តំបន់​ផ្ទុក​អាវុធ​ប៉ុណ្ណោះ​។​


​មនុស្ស​យ៉ាងហោចណាស់ ៦០​នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​មួយ​ដែលមាន​ការប្រើប្រាស​អាវុធ​គីមី​ជាថ្មី​នៅក្នុង​ទីក្រុង​មួយនា​ខេត្ត Idlib​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការប្រើប្រាស់​អាវុធ​គីមី​នេះ​កើតឡើង​នៅ​ក្រុង Khan Sheikhun ដែលជា​តំបន់​ស្ថិតក្រោម​ការកាន់កាប់រ​បស់​ក្រុម​ឧទ្ទាម ក្រុម​សង្គ្រោះ​នៅក្នុង​តំបន់​រកឃើញថា ប្រជាជន​ដែល​រងគ្រោះ​មាន​រោគសញ្ញា​ដូចជា​សន្លប់​, បែកពពុះមាត់ និង​ក្អួត​ផងដែរ ហើយ​ក្នុងចំណោម​ពួកគេ​ភាគច្រើន​ជា​ជន​ស៊ីវិល​ប៉ុណ្ណោះ​។  ប៉ុន្តែ​គេ​មិនអាច​ដឹង​ច្បាស់​ថា ភាគី​ណាមួយ​ដែល​បាន​ប្រើប្រាស់​អាវុធ​នេះឡើយ​។ រាល់​ការសង្ស័យ​គេ​ដាក់​លើ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ និង​កងទ័ព​រុស្ស៊ី​។​

១. អឺរ៉ុប​ចង្អុល​ដាក់ របប​អាសាដ រឿង​ប្រើ​អាវុធ​គីមី តែ​រុស្ស៊ី​បកស្រាយ​ថា​មិនមែន​ទេ
​ខណៈ​មិនមាន​ការបញ្ជាក់​ច្បាស់​ថា​ភាគី​ណា​ជា​អ្នក​ប្រើ​ឧស្ម័ន​គីមី សហភាព​អឺ​រ៉ុ​ចេញមុខ​ចោទ​ភ្លាម​ថា របប​ដឹកនាំ​អាសាដ ជា​អ្នកប្រើប្រាស់​អាវុធ​គីមី​ដ៏​សាហាវព្រៃផ្សៃ​នេះ​។ លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប  Federica Mogherini បាន​និយាយ​ពេញមាត់​នៅក្រៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​និង​សហភាព​អឺរ៉ុប​នា​ក្រុង​ព្រុ​ច​សែ​ល​ថា របប​ដឹកនាំ​អាសាដ នេះឯង​ជា​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការប្រើប្រាស់​ឧស្ម័ន​ពុល​ដែល​សម្លាប់​ប្រជាជន​ស៊ី​រី​យ៉ាងហោចណាស់​៦០​នាក់​នៅ​ក្រុង​ក្រុម​ឧទ្ទាម​កាន់កាប់​។​

​រីឯ​បារាំង​ក៏បាន​ថ្កោលទោស​ការប្រើប្រាស់​អាវុធ និង​ទាមទារ​ឲ្យ​មានការ​ប្រជុំ​បន្ទាន់​ដើម្បី​ពិភាក្សាគ្នា​រក​វិធានការ​។ រដ្ឋមន្ត្រីការបរទេស​បារាំង Jean-Marc Ayrault បាន​កោះប្រជុំ​បន្ទាន់​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ប៉ុន្តែ​លោក​មិនទាន់​ហ៊ាន​ចង្អុល​ដាក់​អ្នកណា​ឡើយ​។​

​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ទូរ​សព្ទ​ទៅកាន់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ហើយ​ប្រាប់ថា ការប្រើប្រាស់​អាវុធ​គីមី​នេះ​ជា​ទង្វើ​អមនុស្សធម៌​បំផុត ហើយ​វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ដំណើរការ​ចរចា​រកស​ន្តិ​ភាព​នៅ​ទីក្រុង Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន​នោះ​។ មេដឹកនាំ​តួ​ក​គី​ដែលជា​សត្រូវ​ធំ​របស់លោក អាសាដ ជឿជាក់​ច្បាស់​ថា របប​ដឹកនាំ​ស៊ី​រី​នេះហើយ​ជា​អ្នកប្រើប្រាស់​អាវុធ​គីមី​។​

​រុស្ស៊ី​, តួ​ក​គី និង​អ៊ីរ៉ង់​ជា​ភាគី​ដែល​បាន​ជួយ​ជ្រោមជ្រែង​បង្កើត​បទ​ឈប់​បាញ់​មួយ​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ ២០១៦​។ គេ​មើលឃើញថា ភាគី​ទាំងបី​នេះ​មាន​តួនាទី​ស្នូល​ក្នុង​ការជួយ​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​នៅ​ស៊ី​រី ខណៈពេល​រដ្ឋបាល ដូ​ណា​ល់ ត្រាំ មិនមាន​គោលជំហរ​ច្បាស់លាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ស៊ី​រី​។​

​ទាក់ទិន​ការប្រើប្រាស់​អាវុធ​គីមី​នេះ សារព័ត៌មាន​រដ្ឋ​រុស្ស៊ី RT បាន​ផ្សាយ​បកស្រាយ​ប្រាប់​របស់​រុស្ស៊ី​ផងដែរ​ដោយ​បញ្ជាក់ថា បញ្ហា​អាវុធ​គីមី​នេះ​មិនមែន​ពាក់ព័ន្ធ​ការវាយប្រហារ​ពី​សំណាក់​ភាគី​ណាមួយ​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov បាន ពន្យល់ថា កងទ័ព​ស៊ី​រី​បាន​វាយប្រហារ​នៅ​ក្រុង Khan Sheikhun មែន ប៉ុន្តែ​កងទ័ព​នោះបាន​វាយប្រហារ​លើ​កន្លែង​ផ្ទុក​អាវុធ​គីមី​របស់​ក្រុម​ឧទ្ទាម ដូច្នេះហើយ​ទើបបានជា​ឧស្ម័ន​ពុល​ធ្លាយ​ចេញ​រហូតដល់​ចំ​ប្រជាជន​ដែល​ស្ថិតនៅ​ជុំវិញ​នោះ​តែម្តង​។ រុស្ស៊ី​ចង់​ប្រាប់ថា វា​គ្មាន​ហេតុផល​អ្វីដែល​រដ្ឋាភិបាល​ស៊ី​រី​ត្រូវ​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ជន​ស៊ីវិល​ឡើយ ព្រោះ​វា​គ្មាន​ចំណេញ​អ្វី​សោះ​។​

​សូមបញ្ជាក់​បន្តិច​ថា របប​ដឹកនាំ​ស៊ី​រី​រង​ការចោទប្រកាន់​ច្រើនដង​មកហើយ​រឿង​ប្រើប្រាស់​អាវុធ​គីមី​នេះ​។ កន្លងមក​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ បាន​ចង្អុល​ដាក់​រដ្ឋាភិបាល​អាសាដ ថា​បាន​ប្រើប្រាស់​អាវុធ​គីមី​យ៉ាងតិច ៣​ដង​ចន្លោះ​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៥​។ ប៉ុន្តែ​ក្រុង​ដា​ម៉ា​សបាន​ទាត់​ចោទ​ការចោទប្រកាន់​នេះ ហើយ​បាន​ចោទ​ក្រុម​ឧទ្ទាម​វិញ​។​

២.​លោក ដូ​ណា​ល់ ត្រាំ បន្ត​បន្ទោស​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា រឿង​ស៊ី​រី​
​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បាន​ថ្កោលទោស​អ្នកទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​គីមី​នេះដែរ​។ សេត​វិមាន​បាន​ហៅ​ទង្វើ​ព្រៃផ្សៃ​នេះ ការប្រឆាំង​ជនស្លូតត្រង់​ដែល​អរិយ​លោក​មិនអាច​ព្រងើយកន្តើយ​បានឡើយ​។

​តិច​ឬ​ច្រើន បញ្ហា​សោក​នា​កម្ម​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលជំហ​រ​ជាថ្មីទៀត​ចំពោះ​បញ្ហា​ស៊ី​រី ដោយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កំពុង​ងាក​ទៅ​ប្រឆាំង​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ជាជាង​បន្ត​តាម​ទម្លាក់​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ​។ ប៉ុន្តែ​ថ្មីៗ​នេះ​បេសកជន​ពិសេស​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ល​លោកស្រី Nikki Haley បានបញ្ជាក់​ឲ្យ​ច្បាស់​រួចទៅហើយ​ថា អាមេរិក​មិន​ចង់ឃើញ​លោក អាសាដ ស្ថិតក្នុង​របប​ដឹកនាំ​ស៊ី​រី​ទៀត​ទេ​នៅពេល​អនាគត​។ ដូច្នេះហើយ អាមេរិក​ទំនងជា​មិន​ព្រងើយកន្តើយ​និង​ទុក​ឲ្យ​តួ​ក​គី​, អ៊ីរ៉ង់ និង​រុស្ស៊ី​ធ្វើជា​តួឯក​ដូច​ពេលកន្លងមក​ទៀតឡើយ​។​

​ត្រឡប់មកវិញ ឆ្លៀតឱកាស​ដែល​អាវុធ​គីមី​ត្រូវបាន​គេ​ប្រើប្រាស់​ឡើងវិញ​នៅ​ស៊ី​រី​ទៀត​នោះ លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​បន្ទោ​សលោក អូ​បា​ម៉ា និង​ទិតៀន​គោលនយោបាយ​លោក​ចំពោះ​បញ្ហា​ស៊ី​រី​។ លោក​ថា អូ​បា​ម៉ា បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​ស៊ី​រី​ទើបបានជា​បញ្ហា​នេះ​កើតឡើង​។​

​អ្នកនាំពាក្យ​របស់លោក ដូ​ណា​ល់ ត្រាំ ផ្ទាល់​គឺ​លោក Sean Spicer បាន​បន្ទោ​សលោក អូ​បា​ម៉ា ដូចគ្នា ហើយ​លោក​ទាញយក​សំណុំរឿង​គោលជំហរ «​បន្ទាត់​ក្រហម​» ឆ្នាំ ២០១២ ដែល​លោក​គំរាម​ប្រើ​ទ័ព​អន្តរាគមន៍​ស៊ី​រី​បើសិនជា​លោក អាសាដ​មិន​បោះបង់​អាវុធ​គីមី​។​

​តាមពិតទៅ​រដ្ឋាភិបាល​ស៊ី​រី​បង្ហាញ​ភាព​ស្អាតស្អំ​ដោយ​ចូលរួម​ជា​ភាគី​អនុ​ញ្ញា​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី រួមទាំង​ផ្ទេរ​រាល់​អាវុធ​គីមី​ដែល​ខ្លួន​មាន​ឲ្យ​សហគមន៍​អន្តរជាតិ​កាលពី​ឆ្នាំ ២០១៣​។ ឥរិយាបថ​នេះហើយ ទើប​រដ្ឋបាល​អាមេរិក​មិនបាន​អន្តរាគមន៍​ចូលក្នុង​ជម្លោះ​ស៊ី​រី​កាលណោះ​។ ទោះបីជា​រដ្ឋបាល​លោក ត្រាំ ប្រឹង​បន្ទោស​រដ្ឋបាល​មុន​ប៉ុណ្ណា​ក្តី គេ​នៅចាំ​ថា កាល​មិនទាន់​ក្លាយជា​ប្រធានាធិបតី លោក​ដូ​ណា​ល់ ត្រាំ បាន​គាំទ្រ​ការសម្រេចចិត្ត​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ឆ្នាំ ២០១៣ ពេលដែល​អាមេរិក​មិន​ចូល​អន្តរាគមន៍​នៅ​ស៊ី​រី​នោះ​។​

៣.​ក្រុមប្រឹក្សាសន្តិសុខ​ប្រជុំ​ថ្ងៃ​ពុធ​ត្រៀម​អនុម័ត​ដំណោះស្រាយ​ថ្កោលទោស​ការប្រើ​អាវុធ​គីមី
​ដោយឡែក នៅ​យប់​ថ្ងៃ​អង្គារ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការវាយប្រហារ ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចំនួន ៣​មាន​អង់គ្លេស បារាំង និង​អង់គ្លេស​ផង​នោះ​ចាប់ផ្តើម​រៀបចំ​ដំណោះស្រាយ​ថ្កោលទោស​ការវាយប្រហារ​ដោយ​ប្រើ​ឧស្ម័ន​គីមី​នេះ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​ប្រគល់​រាល់​ទិន្នន័យ​ទាំងអស់​ពាក់ព័ន្ធ​ការហោះហើរ​, យន្តហោះ និង​ឈ្មោះ​បណ្តា​ក្រុម​យោធា​ដែល​ទទួលបន្ទុក​មើល​ការខុសត្រូវ​លើ​ប្រតិបត្តិការ​សឹក​តាម​ផ្លូវអាកាស​។​

​ដំណោះស្រាយ​នេះ​ត្រូវបាន​គេ​ជជែក​ពិភាក្សា ហើយ​បញ្ជូនទៅ​ឲ្យ​បណ្តា​មន្ត្រី​ទូត​នៃ​ប្រទេស​ទាំង ១៥ ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ​។ ប្រទេស​មហាអំណាច​សមា​ជិ​ក​អចិន្ត្រៃយ៍​នេះ​បាន​កោះប្រជុំ​បន្ទាន់​រួចរាល់ ហើយ​គេ​រំពឹងថា ការបោះឆ្នោត​អនុម័ត​ដំណោះស្រាយ​ថ្មី​នេះ​នឹង​អាច​ដំណើរការ​នៅ​ថ្ងៃ​ពុធ​ទី ៥ មេសា​នេះ​។​

​គេ​មិនអាច​ដឹង​នៅឡើយ​ទេ​ថា ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ដែលជា​ខ្នងបង្អែក​ក្រុង​ដា​ម៉ាស មាន​រុស្ស៊ី និង​ចិន​នោះ អាច​នឹង​អនុញ្ញាត​ឲ្យ​ដំណោះស្រាយ​នេះ​ចេញរួច​ឬ​អត់​។ កាលពី​ខែកុម្ភៈ រុស្ស៊ី និង​ចិន​បាននាំគ្នា​វេតូ​ដំណោះស្រាយ​របស់លោក​ខាងលិច​ដែល​ចង់​ដាក់ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ​៕


Tag:
 Khan Sheikhun
  បា​សា អាល់​អាសាដ​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com