អន្តរជាតិ
បុរស​ដើមកំណើត​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​វ័យ ២២​ឆ្នាំ នៅ​ពីក្រោយ​ការវាយប្រហារ​ភេរវកម្ម​នៅ​រុស្ស៊ី​
05, Apr 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជនជាតិ​រុស្ស៊ី​ដើមកំណើត​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ជាម​នុស្ស​ដែល​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់​នៅក្នុង​រថភ្លើង​ក្រោម​ដី​នា​ក្រុង St Petersburg ដើម​សប្តាហ៍​នេះ​ដែល​សម្លាប់​មនុស្ស ១៤​នាក់​នោះ​។ ជ​នន​នេះ​មានឈ្មោះ Akbarzhon Dzhalilov មាន​វ័យ ២២​ឆ្នាំ និង​ជាប់​ពាក់ព័ន្ធ​ក្រុម​ឥស្លាម​ជ្រុលនិយម​ផងដែរ​។​


​គណៈកម្មការ​រដ្ឋ​សម្រាប់​សន្តិសុខ​ជាតិ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​បានចេញ​សេចក្តីថ្លែងការណ៍​មួយនា​ថ្ងៃ​អង្គារ​ដោយ​បង្ហាញមុខ​ជនសង្ស័យ​ដែល​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​គ្រឿងផ្ទុះ​នៅក្នុង​រថភ្លើង​នា​ក្រុង St Petersburg កាលពី​ថ្ងៃ​ចន្ទ​។​

​យោងតាម​សារព័ត៌មាន Independent ជន​ឈ្មោះ Akbarzhon Dzhalilov ជា​ជនជាតិ​រុស្ស៊ី​មាន​ដើមកំណើត​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ជា​ជនសង្ស័យ​ដែល​បំផ្ទុះ​គ្រឿងផ្ទុះ​ក្នុង​រថភ្លើង​រហូត​ឆក់យក​ជីវិត​មនុស្ស ១៤​នាក់​នោះ​។ បើតាម​សេចក្តី​ថ្លែង​ការ​របស់​ស្ថាប័ន​សន្តិសុខ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​នោះ ជនសង្ស័យ​មាន​វ័យ ២២​ឆ្នាំ​ប៉ុណ្ណោះ តែ​គេ​ជា​បណ្តាញ​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​ជ្រុលនិយម​ផង​។​

​ចំណែក​ខាង​គណៈកម្មការ​ស៊ើបអង្កេត​ថ្នាក់​រដ្ឋ​របស់​រុស្ស៊ី​នោះបាន​កំណត់ថា គ្រឿងផ្ទុះ​នោះ​ត្រូ​វា​បាន​បំផ្ទុះ​ដោយ​បុរស​ម្នាក់ ហើយ​សាកសព​របស់គេ​ស្ថិតនៅក្នុង​ទូរថភ្លើង​។​ប៉ុន្តែ​គេ​នៅតែ​មិនទាន់​អាច​ដឹង​ច្បាស់​ថា ជន​ដែល​គណៈកម្មការ​ស៊ើបអង្កេត​របស់​រុស្ស៊ី​បានបញ្ជាក់​នោះ​ជា​មនុស្ស​តែមួយ​ជាមួយនឹង​ជន​ដែល​អាជ្ញាធរ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​បានដាក់​ការសង្ស័យ​ឬ​អត់​ឡើយ​។​

​យ៉ាងណាក៏ដោយ ជន​ឈ្មោះ Akbarzhon Dzhalilov ដែល​អាជ្ញាធរ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​បាន​ចោទប្រកាន់​នេះ​មកពី​ភាគខាងត្បូង​ប្រទេស​កៀ​ហ្ស៊ី​ស្ថាន ហើយ​គេ​បាន​ប្តូរ​លំនៅ​មក​រស់នៅ​ប្រទេស​រុស្ស៊ី​អស់​ជាច្រើន​ឆ្នា​ម​មកហើយ​។ ជននេះ​ធ្វើ​ការងារ​ជាមួយ​ឪពុក​គេ​ក្នុង​កន្លែង​ជួសជុល​រថយន្ត​នៅ​ក្រុង St Petersburg​។

​សេចក្តីថ្លែងការណ៍​រប​ស់​អាជ្ញាធរ​កៀ​ហ្ស៊ី​ស្ថាន​ក៏បាន​បង្ហាញ​ផងដែរ​ថា ជន​ខាងលើនេះ​ជាម​នុស្ស​ដែល​រង​ឥទ្ធិពល​ពី​មនោគមន៍វិជ្ជា​ជ្រុលនិយម ហើយ​គេ​ជា​មនុស្ស​ដែលមាន​ជំនឿ​មុតមាំ​ក្នុង​សាសនា​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គេ​ក៏បាន​រកឃើញថា Akbarzhon Dzhalilov ជា អ្នកមាន​ជំនឿ​លើ Muhammad ibn Abd al-Wahhab ដែលជា​អ្នក​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​ឥស្លាម​និង​ជា​ចលនា​សាសនា​ដែលមាន​ទំនោរ​ទៅរក​ប្រើប្រាស់​ហិង្សា (Wahabbism)៕


Tag:
 St Petersburg
  Akbarzhon Dzhalilov
  កៀ​ហ្ស៊ី​ស៊ី​ស្ថាន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com