អន្តរជាតិ
ត្រាំ បរិច្ចាគ​ប្រាក់បៀវត្សរ៍​សម្រាប់​ថែរក្សា​ឧទ្យាន​ជាតិ តែ​គេ​រិះគន់ថា​ត្រាំ​ប្រឹង​បង្អួត​គេ​ប៉ុណ្ណោះ​
06, Apr 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បរិច្ចាគប្រាក់ខែ​របស់ខ្លួន​ក្នុង​ត្រីមាស​ទីមួយ​ទៅ​ឲ្យ​ភ្នាក់ងារ​គ្រប់គ្រង​ឧទ្យាន​ជាតិ​សហព័ន្ធ​ដូច​ការសន្យា​ក្នុងពេល​ឃោសនាបោះឆ្នោត​ថា​លោក​មិន​យកប្រាក់​បៀវត្សរ៍​ទេ​។ ប៉ុន្តែ​មានមតិ​មួយចំនួន​រិះគន់ថា លោក ដូ​ណា​ល់ ត្រាំ ព្យាយាម​បង្អួត​និង​ទាញ​ការចាប់អារម្មណ៍​ពី​សាធារណជន​អាមេរិក​ប៉ុណ្ណោះ​។​


​ក្នុង​សន្ន​សីទ​សារព័ត៌​មាននៅ​ដើម​សប្តាហ៍​នេះ អ្នកនាំពាក្យ​សេត​វិមាន​លោក Sean Spicer បានប្រកាស​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បរិច្ចាគ​ថវិកា​ជា​ប្រាក់បៀវត្សរ៍​របស់ខ្លួន​ក្នុង​ត្រីមាស​ទីមួយ​ទៅ​ឲ្យ​ភ្នាក់ងារ​គ្រប់គ្រង​ឧទ្យាន​ជាតិ (National Park Service)​។​

​យោងតាម​សារព័ត៌មាន CNN Money លោក Sean Spicer បាន​លើក​មូល​ប្ប​ទា​នប​ត្រ​មានឈ្មោះ​របស់លោក ដូ​ណា​ល់ ត្រាំ ផ្ទាល់​ដែលមាន​តម្លៃ​ប្រមាណ ៧៨៣៣៣,៣២ ដុល្លារ​អាមេរិក និង​ហុច​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Ryan Zinke និង​លោក Tyrone Brandyburg ដែលជា​អ្នកគ្រប់គ្រង​ឧទ្យាន​ប្រវត្តិសាស្ត្រ​នៅ​ក្រុង Harpers Ferry​។​

«​ប្រធានាធិបតី​រីករាយ​ណាស់​ដែល​បានផ្តល់​ថវិកា​ដែលជា​ប្រាក់ខែ​ត្រីមាស​ដំបូង​របស់លោក​ទៅ​ឲ្យ​ភ្នាក់ងារ​គ្រប់គ្រង​ឧទ្យាន​ជាតិ ដែល​កំពុង​ចូលរួម​ថែរក្សា​សន្តិសុខ​ជាតិ​របស់យើងទាំងអស់គ្នា​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Sean Spicer​។​

​លោក​ដូ​ណា​ល់ ត្រាំ ត្រូវ​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ចំនួន ៤០​ម៉ឺន​ដុល្លារ ប៉ុន្តែ​លោក​បរិច្ចាគ​លុយ​នេះ​តាម​ការសន្យា​របស់ខ្លួន​កាលពីពេល​ឃោសនាបោះឆ្នោត​។ តាមពិតទៅ មិនមែន​តែ​លោក​ម្នាក់​ទេ​ដែល​មិន​យកប្រាក់​បៀវត្សរ៍​បើតាម​ប្រវត្តិសាស្ត្រ​អាមេរិក​។ លោក Herbert Hoover និង​លោក John F. Kennedy ក៏​សុទ្ធតែ​មិន​ទទួល​ប្រាក់បៀវត្សរ៍​ទាំងអស់​។​

​យ៉ាងណាក៏ដោយ កន្លងមក​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​ប៉ះ​សម្តី​មួយ​ប្រ៉ា​វ​ជាមួយ​ស្ថាប័ន​មួយ​នេះ​។ លោក​បាន​ហៅ​នាយក​ស្តីទី​ភ្នាក់ងារ​នេះ​មក​ស្តី​ឲ្យ​ដោយសារ​ស្ថាប័ន​នេះ ចែកចាយ​តាម twitter បន្ត​រូបភាព​ប្រៀបធៀប​ចំនួន​មនុស្ស​ដែល​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក ត្រាំ ឆ្នាំ ២០១៧ និង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នា​ឆ្នាំ ២០០៨​។

​ពាក់ព័ន្ធ​ការបរិច្ចាគលុយ​នេះ មិនមែន​គ្រប់គ្នា​សរសើរ​លោក ដូ​ណា​ល់ ត្រាំ ឡើយ​។ អង្គការ​បរិស្ថាន Sierra Club បាន​ហៅ​សកម្មភាព​បរិច្ចាគលុយ​របស់​ប្រធានាធិបតី​អាមេរិក​ជាការ​បង្អួត​និង​ទាក់ទាញ​ការចាប់​អា​ម្មណ៍​ពី​សាធារណជន​ប៉ុណ្ណោះ​។​

«​ប្រសិន​លោក ដូ​ណា​ល់ ត្រាំ ពិតជា​ចាប់អារម្មណ៍​ចង់​ជួយ​ការងារ​ថែរក្សា​ឧទ្យាន​មែន​នោះ គាត់​គួរតែបញ្ឈប់​ចេតនា​កាត់បន្ថយ​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ស្ថាប័ន​យើង​ឲ្យ​កាន់តែ​តិច​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Michael Brune​នាយក​ស្ថាប័ន Sierra Club​។​

​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កាត់បន្ថយ​ថវិកា​ប្រចាំឆ្នាំ​សម្រាប់​ទ្រទ្រង់​ក្រសួងមហាផ្ទៃ​រហូតដល់ ១,៥​ពាន់​លាន​ដុល្លារ​ឯណោះ​។ ដូច្នេះហើយ​ទើបបានជា​មានកា​រិះគន់​លោក ខ្លាំង​កន្លងមក ហើយ​ការបរិច្ចាគ​លុយ​ត្រឹម​ជិត ៨​ម៉ឺន​ដុល្លារ​នេះ​វា​មិន​ខុសពី​ការព្យាយាម​បង្អួត​មនុស្ស​ផងទាំងពួង​ឡើយ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  National Park Service
© រក្សាសិទ្ធិដោយ thmeythmey.com