អន្តរជាតិ
អ្នក​ចិញ្ចឹមសត្វ​បែ​ល​ហ្សិ​ក​ម្នាក់​ឲ្យ​គោ​ផឹកស្រា​បៀរ​រៀងរាល់ថ្ងៃ​
06, Apr 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ មក បុរស​ជនជាតិ​បែលហ្ស៊ិក​ម្នាក់ បាន​ចិញ្ចឹម​គោ​របស់ខ្លួន ដោយ​ឲ្យ​ពួកវា​ផឹកស្រា​បៀរ​៤​លីត្រ​ជា​រៀងរាល់ថ្ងៃ​។ វា​ជា​គំនិត​អាជីវកម្ម​មួយ​ដោយ គាត់​អះអាងថា សាច់គោ​ទាំងនោះ មាន​រសជាតិ​ឆ្ងាញ់​ប្លែក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RTL របស់​បែលហ្ស៊ិក​។​


​លោក Hugues Derzelle អ្នក​ចិញ្ចឹមសត្វ​ម្នាក់​នៅ​ភូមិ Lompret ក្រុង Chimay តំបន់ Wallonie ភាគខាងត្បូង​បែលហ្ស៊ិក បាន​អនុវត្ត​វិធីសាស្ត្រ​ចិញ្ចឹម​គោ​យក​សាច់​តាម​មធ្យោបាយ​ថ្មី​មួយ ដោយ​លោក​បាន​លាយ​ស្រា​បៀរ​ជាមួយ​ធុញ្ញ​ជាតិ​ឲ្យ​សត្វ​គោ​ពី​ផឹក​ជា​រៀងរាល់ថ្ងៃ​។ ថ្វី​តែ​នេះ ជា​វិធីសាស្ត្រ​ថ្មី​ក៏ដោយ ប៉ុន្តែ​លោក Derzelle ទទួលស្គាល់ថា វា​កើតចេញពី​គំរូ​ដែល​អនុវត្ត​រួចហើយ​នៅ​ជប៉ុន​ក្នុងការ​ចិញ្ចឹមសត្វ​គោ​បេ (Kobe)​។​

​លោក Derzelle បាន​គូសបញ្ជាក់ថា ជនជាតិ​ជប៉ុន បាន​ឲ្យ​គោ​កូ​បេ​ផឹកស្រា​បៀរ ជាពិសេស​ស្រា​សាកេ (Sake) ថែមទាំង​ឲ្យ​វា​ស្តាប់​តន្ត្រី និង​ម៉ាស្សា​បន្ថែមទៀត ក្នុង​គោលបំណង​ធ្វើ​ឲ្យ​សាច់មាន​រសជាតិ​ឆ្ងាញ់ ។ ការធ្វើ​បែបនេះ មិនអាច​យកមកអនុវត្ត​នៅ Wallonia បានឡើយ ។ ដូច្នេះ លោក​បានសម្រេច​ធ្វើតាម​វិធីសាស្ត្រ​របស់ខ្លួន​ដើម្បី​បង្កើត​ផលិតផល «Made in Wallonia​។​

​អ្នក​ចិញ្ចឹមសត្វ ក៏ដូចជា​អាជីវករ​រូបនេះ បានបញ្ជាក់​ប្រាប់ RTL ថា លោក​ឲ្យ​គោ​ផឹកស្រា​បៀរ​ត្នោត ៤​លីត្រ ជា​រៀងរាល់ថ្ងៃ ដោយ​លាយ​ជាមួយ​ធញ្ញជាតិ ដោយ​លោក​បាន​អះអាង​បន្ថែមថា គោ​មាន​សាច់​ណែន​ល្អ​។ តាម​ការផ្សាយពាណិជ្ជកម្ម​កាលពី​ចុងខែ​មីនា កន្លងមក សាច់គោ​ពិសេស​ដែល​លោក​ដាក់លក់​នៅ​ទីផ្សារ​នោះ​មាន​ឈ្មោះថា «Saveur du Long Pré» ។​

​ជាមួយគ្នានេះ​ផងដែរ លោក Derzelle បាន​បញ្ជាក់ថា វិធីសាស្ត្រ​របស់លោក​មិនមែនជា​ទង្វើ​ដែល​ធ្វើបាប​សត្វ​នោះឡើយ ហើយ​ស្រា​បៀរ​ត្នោត​មាន​កម្រិត​អាល់កុល​តែ​៥​ភាគរយ​ប៉ុណ្ណោះ ដូច្នេះ​មិនមាន​អ្វី​ជា​គ្រោះថ្នាក់​ដល់​សត្វ​គោ ខណៈ​កំពុង​ចិញ្ចឹម​នោះឡើយ​។

«Saveur du Long Pré» ឬ​ដែល​អ្នកកាសែត​បែលហ្ស៊ិក និង​បារាំង នាំគ្នា​ហៅថា «​សាច់គោ​ស្រា​បៀរ​» បានដាក់​លក់​ក្នុង​ទីផ្សារ​ហើយ ដោយ​វា​មានតម្លៃ​ថ្លៃ​ជាង​គោ​ធម្មតា​។ ប្រសិនបើ​ផលិតផល​នេះ មានការ​គាំទ្រ​ច្រើន លោក Derzelle នឹង​បង្កើន​បន្ថែមទៀត​សម្រាប់​ឆ្នាំក្រោយៗ​៕



Tag:
 គោ​
  បែលហ្ស៊ិក​
  ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com