អន្តរជាតិ
រុស្ស៊ី​រិះគន់​លោកខាងលិច​ដែល​ធ្វើ​មិនដឹងមិនលឺ ពេល​ក្រុម​ឧទ្ទាម​ស៊ី​រី​ពាក់ព័ន្ធ​ការប្រើ​អាវុធ​គីមី​
06, Apr 2017 , 4:15 pm        
រូបភាព
​ក្នុង​កិច្ច​បន្ទាន់​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ផ្តោតលើ​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី រុស្ស៊ី​រង​ការទិតៀន​ខ្លាំង​ពី​សំណាក់​សហរដ្ឋអាមេរិក ។ ប៉ុន្តែ​រុស្ស៊ី​បានទាមទារ​ឲ្យ​មានការ​កែតម្រូវ​សេចក្តីព្រាង​ដំណោះស្រាយ​ដែល​អាមេរិក​,​បារាំង អង់គ្លេស បើ​មិន​ដូច្នេះ​ទេ​ខ្លួន​នឹង​បោះឆ្នោត​ប្រឆាំង​។ រុស្ស៊ី​រិះគន់​លោកខាងលិច​ផងដែរ ដោយ​លើកយក​រឿង​ដែល​លោកខាងលិច​មិន​ព្រម​ស៊ើបអង្កេត ពេលខ្លួនរកឃើញថា​ក្រុម​ឧទ្ទាម​ជា​អ្នកប្រើប្រាស់​អាវុធ​គីមី​នៅក្រុង Aleppo កន្លងមក​។​


​ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ Vladimir Safronkov លើកឡើងថា សេចក្តីព្រាង​ដំណោះស្រាយ​ដែល​ត្រូវបាន​ស្នើឡើង​ដោយ​អាមេរិក​, អង់គ្លេស និង​បារាំង​មាន​លក្ខណៈ​លម្អៀង ដែល​វា​ចាំបាច់​ត្រូវមាន​ការពិភាក្សា​និង​កែតម្រូវ​ច្រើន​ទៀត​។ ហើយ​រុស្ស៊ី​ចង់​ឲ្យ​មាន​បន្ថែម​ពាក្យ​ដែល​ទាមទារ​ឲ្យ​ក្រុម​ឧទ្ទាម​បើកផ្លូវ​ឲ្យ​អ្នកស៊ើប​អង្កេត​អង្គការសហប្រជាជាតិ​ចូល​បំពេញការងារ​បាន​ដោយ​ងាយ​ស្រួយ ហើយ​មួយទៀត​រុស្ស៊ី​ក៏​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ​និង​មិន​លម្អៀង​មួយ​ដើម្បី​ស្វែងរក​ការពិត​។​

​លោក Vladimir Safronkov បានលើកឡើង​ដូច្នេះ​ថា​៖ «​សេចក្តីព្រាង​ដំណោះស្រាយ​នេះ​ត្រូវបាន​រៀបចំឡើង​យ៉ាង​ប្រញាប់ប្រញាល់ ហើយ​បើសិន​អនុម័ត​បានន័យថា យើង​គ្មាន​ការទទួលខុសត្រូវ​សោះ​»​។​

​ដូច្នេះហើយ​ក្រោយ​ការពិភាក្សាគ្នា​លើ​សេចក្តីព្រាង​ដំណោះស្រាយ​នេះ មិនមាន​ការបោះឆ្នោត​អនុម័ត​ជា​ផ្លូវការ​ឡើយ ព្រោះ​បើ​បោះឆ្នោត​ក៏​រុស្ស៊ី​ជំទាស់​ដែរ​។ ការបោះឆ្នោត​អនុម័ត​ដំណោះស្រាយ​ប្រហែលជា​នឹង​រៀបចំ​ឡើងជា​បន្តបន្ទាប់​ក្រោយ​ពេលដែល​សេចក្តីព្រាង​នេះ​ត្រូវគេ​កែតម្រូវ​ដែល​អាច​ឲ្យ​សមាជិក​ទាំងអស់​ពេញចិត្ត​បាន​នោះ​។​

​តំណាង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​រូបនេះ​ក៏បាន​បង្ហាញ​ការខកចិត្ត​ផងដែរ ដែល​លោកខាងលិច​កន្លងមក​មិន​ឈឺឆ្អាល និង​ចង់​ស៊ើបអង្កេត​រក​ការពិត​សោះ​នៅពេលដែល​មានការ​ចោទប្រកាន់​ក្រុម​ឧទ្ទាម​រឿង​ប្រើប្រាស់​អាវុធ​គីមី​។ កាលពី​ចុងឆ្នាំ ២០១៦ រុស្ស៊ី​បាន​ប្រកូក​ប្រកាសប្រាប់​លោកខាងលិច​និង​សហគមន៍​អន្តរជាតិ​ថា ខ្លួន​មាន​ភស្តុតាង​ដែល​បង្ហាញថា ក្រុម​ឧទ្ទាម​បាន​ប្រើប្រាស់​ឧស្ម័ន​ពុល​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ដ៏​ប្រទាញប្រទង់ Aleppo មុន​ក្រុម​ទាហាន​រដ្ឋាភិបាល អាសាដ ដណ្តើមបាន​ទាំងស្រុង​នោះ​។

​តាមពិតទៅ​ការកោះប្រជុំ​បន្ទាន់​អង្គការសហប្រជាជាតិ​នេះ​ធ្វើឡើង​ក្រោយពេល​ដែលមាន​ការវាយប្រហា​រ​ដោយ​ប្រើប្រាស់​ឧស្ម័ន​គីមី​នៅ​ក្រុង Khan Shiekhoun នៅ​ខេត្ត Idlib ដោយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៧២ ក្នុងនោះ​មាន​កុមារ ២០​នាក់​ថែមទៀត​។

​ដោយឡែក ឯកអគ្គរដ្ឋទូត​រង​ខាងលើ​ក៏បាន​បញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​ស៊ី​រី​បច្ចុប្បន្ន​ចង់​ឲ្យ​មានការ​ស្វែងរក​ការពិត​ពាក់ព័ន្ធ​ការវាយប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​គីមី​។ ហើយ​ក្រុង​ដា​ម៉ា​សនឹង​ទាក់ទង​ជាមួយ​អង្គការ​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី និង​ស្នើសុំ​ឲ្យ​អង្គការ​នេះ​បញ្ជូន​ក្រុមការងារ​ខ្លួន​មកកាន់​ប្រទេស​ស៊ី​រី​ដើម្បី​ស៊ើបអង្កេត​ករណី​សោកនាដកម្ម​នេះ​។​

​ចំណែក​រុស្ស៊ី​ដែល​ព្យាយាម​បកស្រាយ​រឿង​អាវុធ​គីមី​នេះ បានសម្រេច​ដាក់ចេញ​សេចក្តីព្រាង​ដំណោះស្រាយ​របស់ខ្លួន​ផ្ទាល់​ចូល​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ឆ្លើយតប​ដំណោះស្រាយ​ព្រាង​ឡើង​ដោយ​លោកខាងលិច​។ ការជជែក​ពិភាក្សា​និង​ប្រឹក្សា​យោបល់​លើ​ដំណោះស្រាយ​នេះ​បានចាប់ផ្តើម​ហើយ ហើយ​គេ​រំពឹងថា ក្រុមប្រឹក្សា​នេះ​អាច​នឹង​បន្ត​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ ខែមេសា​នេះ​ទៀត​។​

​ខណៈដែល​លោកខាងលិច​ចង្អុល​ដាក់​កំហុស​លើ​របប​ដឹកនាំ អាសាដ តំណាង​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ច​ការរំសាយ​សព្វាវុធ​លោក Kim Won-soo  បានបញ្ជាក់​ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ដោយ​ទ​ទទួលស្គាល់ថា មកដល់​ពេលបច្ចុប្បន្ន​នេះ​អង្គការសហប្រជាជាតិ​មិនមាន​ភស្តុតាង​ឯករាជ្យ​និង​គួរ​ឲ្យ​ទុកចិត្តបាន​រឿង​ការប្រើប្រាស់​អាវុធ​គីមី​វាយប្រហារ​ជន​ស៊ីវិល​នៅ​ស៊ី​រី​។ គេ​បាន​ត្រឹម​ឃើញ​របាយការណ៍​ថ្មីៗ​ដែល​ចេញមក ដោយ​គ្មាន​អ្នកណាម្នាក់​អាច​ដឹង​ច្បាស់​ថា វា​ជា​ការពិត​កម្រិតណា​ឡើយ​។​

​លោក​បាន​ប្រាប់​ក្រុមប្រឹក្សា​ថា​៖ «​របាយការណ៍​បានបញ្ជាក់ ការវាយប្រហារ​នេះ​ធ្វើឡើង​ដោយ​ការវាយប្រហារ​ពីលើ​អាកាស​លើផ្ទះ​ប្រជាពលរដ្ឋ ប៉ុន្តែ​នៅពេលនេះ​មធ្យោបាយ​ដែល​គេ​ប្រើប្រាស់​ដើម្បី​វាយប្រហារ​នេះ​មិនទាន់​អាច​កំណត់​បានច្បាស់លាស់​ឡើយ​»​។​

​ក្រោយ​មាន​គ្រោះថ្នាក់​ភ្លាម រដ្ឋាភិបាល​ស៊ី​រី​បាន​ព្យាយាម​បកស្រាយ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា ស៊ី​រី​មិនបាន​វាយប្រហារ​ដោយ​ប្រើប្រាស់​ឧស្ម័ន​គីមី​ឡើយ​។ ដំណើរ​ដើមទង​ពិតប្រាកដ​នោះ​គឺ កងទ័ព​រុស្ស៊ី​បាន​វាយប្រហារ​លើ​ឃ្លាំង​គ្រាប់​ក្រុម​ឧទ្ទាម ដែល​ក្នុងនោះ​មាន​អាវុធ​គីមី​។ ដូច្នេះហើយ​បានជា​ឧស្ម័ន​ពុល​នោះ​បែកធ្លាយ​បង្ក​គ្រោះមហន្តរាយ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​បែបនេះ​។ ប៉ុន្តែ​ការបកស្រាយ​មិនត្រូវ​បាន​គេ​ទទួលយក​ទេ​។

​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នេះ មន្ត្រី​ទូត​ជនជាតិ​កូរ៉េខាងត្បូង​រូបនេះ​ក៏បាន​រម្លឹក​ឡើងវិញ​ផងដែរ​ថា អាវុធ​គីមី​ដែល​រដ្ឋាភិបាល​ស៊ី​រី​ប្រគល់​ឲ្យ​ស្ថាប័ន​អន្តរជាតិ​កាលពី​ឆ្នាំ ២០១៣ នោះ ត្រូវបាន​យកចេញ​ពី​ស៊ី​រី​និង​កម្ទេចចោល​អស់ហើយ​។​

​សូមបញ្ជាក់​បន្តិច​ថា របប​ដឹកនាំ​ស៊ី​រី​រង​ការចោទប្រកាន់​ច្រើនដង​មកហើយ​រឿង​ប្រើប្រាស់​អាវុធ​គីមី​នេះ​។ កន្លងមក​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ បាន​ចង្អុល​ដាក់​រដ្ឋាភិបាល​អាសាដ ថា​បាន​ប្រើប្រាស់​អាវុធ​គីមី​យ៉ាងតិច ៣​ដង​ចន្លោះ​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៥​។ ប៉ុន្តែ​ក្រុង​ដា​ម៉ា​សបាន​ទាត់​ចោទ​ការចោទប្រកាន់​នេះ ហើយ​បាន​ចោទ​ក្រុម​ឧទ្ទាម​វិញ​។​៕


© រក្សាសិទ្ធិដោយ thmeythmey.com