អន្តរជាតិ
បារាំង​៖ ពេទ្យធ្មេញ​ម្នាក់​កាត់​ឆ្អឹង​ម្រាមដៃ​ខ្លួន​ព្រោះ​ចង់បាន​ប្រាក់​ធានារ៉ាប់រង ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​ប្តឹង​វិញ​
07, Apr 2017 , 8:39 am        
រូបភាព
ដោយ: ធីតា

​គ្រូពេទ្យ​ធ្មេញ​ជនជាតិ​បារាំង​ម្នាក់​ដែល​រស់នៅ​តំបន់ Cote d’Azur ប្រទេស​បារាំង  ត្រូវបាន​ផ្តន្ទាទោស​១៨​ខែ ប៉ុន្តែ​ឲ្យ​នៅក្រៅ​ពន្ធនាគារ និង​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ទៅ​ក្រុមហ៊ុន​ធានារ៉ាប់រង បន្ទាប់ពី​តុលាការ​សង្កាត់ Grasse រកឃើញថា បុរស​នោះ បាន​ភូតភរ​ទាក់ទង​នឹង​ករណី​របួស​ម្រាម​ដៃស្តាំ​របស់ខ្លួន​។​


​រឿងរ៉ាវ​បានកើត​ឡើង​តាំងពី​ខែឧសភា ឆ្នាំ​២០១៤ ដោយ​លោក Philippe T. ដែលជា​គ្រូ​ពេទ្យធ្មេញ បាន​រាយការណ៍​ថា គាត់​បាន​រងគ្រោះ​បាក់ឆ្អឹង​ម្រាមដៃ​ស្តាំ នៅពេល​ជួសជុល​ទ្វារ​នៅផ្ទះ​របស់ខ្លួន​។ លោក Michel Valiergue ដែលជា​មេធាវី បាន​អះអាង​ប្រាប់​ចៅក្រម​ថា កូនក្តី​របស់ខ្លួន​បាន​បែក​ឆ្អឹង​ដៃ ដោយសារ​រណារ​អគ្គិសនី​។​

​កាសែត Nice-Matin បាន​ផ្សាយ​ថា លោក Philippe T.  បានទាមទារ​ប្រាក់​ប្រមាណ​៣៦​ម៉ឺន​ដុល្លារ​អាមេរិក ដោយសារតែ​គាត់​បាន​ទិញ​កញ្ចប់​ធានារ៉ាប់រង​យ៉ាង​ត្រឹមត្រូវ​។ មេធាវី បាន​អះអាងថា បើទោះបី​វា គ្រាន់តែ​ជាការ​បាក់ឆ្អឹង​ម្រាមដៃ​ក៏ដោយ ប៉ុន្តែ​វា​ត្រូវបាន​ចាត់ទុកថា ជា​គ្រោះថ្នាក់​ដៃ​ទាំងមូល ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​ត្រូវ​ទទួលខុសត្រូវ​។​

​លោក Michel Valiergue បានបញ្ជាក់​បន្ថែមថា កូនក្តី​របស់ខ្លួន បាន​ទិញ​ធានារ៉ាប់រង​ជាច្រើន​ផ្នែក ជាពិសេស​តួខ្លួន​គាត់ ផ្ទះសម្បែង និង​សេវាកម្ម​ផ្សេងៗ​ទៀត​។ ក្រោយ​ការស៊ើបអង្កេត ភាគី​ផ្នែក​ធានារ៉ាប់រង​៤​នាក់ បានរួម​គ្នា​ប្តឹង​បក​ទៅ​គ្រូពេទ្យ​ធ្មេញ ពីបទ​ក្លែងបន្លំ ហើយ​ទាមទារ​សំណង​ជាង ៣៦​ម៉ឺន​ដុល្លារ​អាមេរិក វិញ​។

​នៅក្នុង​បន្ទប់​សវនាការ មេធាវី​ម្នាក់​របស់​ភ្នាក់ងារ​ធានារ៉ាប់រង បាន​អះអាងថា ការ​ធ្វើបាប​ខ្លួនឯង​ដើម្បី​ទទួលបាន​ប្រាក់​ធានារ៉ាប់រង​មិនមែនជា​រឿង​ថ្មី​នោះឡើយ ដោយ​ពួកគេ​ធ្លាប់​ជួប​បទពិសោធន៍​បែបនេះ ពីមុន​មកហើយ​។​

​តុលាការ​សង្កាត់ Grasse ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម Pierre Kuentz បានសម្រេច​ផ្តន្ទាទោស លោក Philippe T.  ពីបទ​ក្លែងបន្លំ និង​មាន​គម្រោង​ក្លែងបន្លំ ដោយ​ផ្តន្ទាទោស​១៨​ខែ ប៉ុន្តែ​ឲ្យ​នៅក្រៅ​ពន្ធនាគារ និង​តម្រូវ​ឲ្យ​សងជំងឺចិត្ត​ទៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ប្រមាណ​៣៦​ម៉ឺន​ដុល្លារ​អាមេរិក​។​

​មេធាវី​របស់លោក Philippe T. បានសម្រេច​បន្ត​ប្តឹង​ឧទ្ធរណ៍ ដោយ​អះអាងថា កូនក្តី​របស់ខ្លួន មិនមាន​គំនិត​ខិលខូច​អ្វី​ឡើយ តែ​វា​ជា​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ចៃដន្យ ហើយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ត្រូវតែ​ទទួលខុសត្រូវ​៕


Tag:
 ប្លែកៗ​
  ពេទ្យធ្មេញ
© រក្សាសិទ្ធិដោយ thmeythmey.com