អន្តរជាតិ
អាមេរិក​៖ យើង​អន្តរាគមន៍​ម្នាក់ឯង​ក៏បាន បើ​UN មិន​ចាត់​វិធានការរឿងប្រើ​អាវុធ​គីមី​នៅ​ស៊ី​រី
06, Apr 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​បេស​ជន​ពិសេស​របស់​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ទិតៀន​រុស្ស៊ី​, ស៊ី​រី និង​អ៊ីរ៉ង់​យ៉ាង​ចាស់ដៃ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​បើក​កិច្ចប្រជុំ​បន្ទាន់​ពិគ្រោះ​យោបល់​លើ​បញ្ហា​ស៊ី​រី​។ បេសកជន​រូបនេះ​បាន​គំរាមថា អាមេរិក​អាច​នឹងធ្វើ​ឆ្លើយតប​បញ្ហា​ស៊ី​រី​នេះ​ម្នាក់ឯង បើសិនជា​អង្គការសហប្រជាជាតិ​នៅតែ​មិនអាច​ធ្វើ​សកម្មភាព​រួមគ្នា​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​។ លោក ដូ​ណា​ល់ ត្រាំ ឯណោះ​ក៏​ប្រកាសប្រាប់​គេឯង​ផងដែរ​ថា ការប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​សម្រាប់​លោក ហើយ​ជំហរ​ជាក់លាក់​របស់លោក​ចំពោះ​បញ្ហា​ស៊ី​រី​ផ្លាស់ប្តូរ​ដូចគ្នា​។ តើ​អាមេរិក​ត្រៀម​ប្រើប្រាស់​យោធា​កម្ចាត់ បា​សា​អាល់​អាសាដ ដូច​អាមេរិក​ឈ្លានពាន​អ៊ីរ៉ាក់​ឆ្នាំ ២០០៣​ឬ​?


​តំណាង​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ព្រលយ​ថា អាមេរិក​អស់​ការអត់ធ្មត់​និង​អាច​ប្រើប្រាស់​សកម្មភាព​ឯកតោភាគី​ដើម្បី​ដោះស្រាយ​ប​ញ្ហ​អាវុធ​គីមី​។ នេះ​ជាស​ញ្ញា​មួយ​ដែល​បញ្ជាក់​ពី​ការប្រែប្រួល​នៅក្នុង​គោលនយោបាយ​របស់​រដ្ឋ​បាល​អាមេរិក​ចំពោះ​បញ្ហា​ស៊ី​រី​នៅពេល​ខាងមុខ​ផង​។

​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley បាន​ដែល​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​ខែមេសា​នេះ បាន​ឆ្លៀត​យក​វេទិកា​នៃ​កិច្ចប្រជុំ​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​ឯទៀត​ចូលរួម​ដោះស្រាយ​បញ្ហា​សោកនាដកម្ម​ស៊ី​រី​។ លោកស្រី​បានបង្ហាញ​រូបភាព​ច្រើន​សន្លឹក​ពាក់ព័ន្ធ​ការស្លាប់​របស់​ពលរដ្ឋ​ស៊ី​រី​ស្លូតត្រង់​ជាពិសេស​កុមារ​តូចៗ​មិន​ដឹងអី​នោះ​ផង ដោយ​លោកស្រី​និយាយ​ពេញមាត់ៗ​ថា របប​ដឹកនាំ​ស៊ី​រី​នេះហើយ​ជា​អ្នកបង្ក​សោកនាដកម្ម​នេះ​។

​បន្ទាប់ពី​ចោទថា រុស្ស៊ី​ចូល​ដៃ​ចូល​ជើង​ជាមួយ​ឧក្រិដ្ឋជន​និង​ការពារ​របប​គ្រប់គ្រង​សាហាវព្រៃផ្សៃ​សម្លាប់​ប្រជាជន​ខ្លួនឯង​នោះ  មន្ត្រី​ទូត​អាមេរិក​រូបនេះ​បាន​ចោទសួរ​ទៅកាន់​តំណាង​រុស្ស៊ី​ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ដែរនោះ​ថា «​តើ​រុស្ស៊ី​ចង់ឃើញ​ក្មេងៗ​មិនដឹងខ្យល់​អី​ប៉ុន្មាន​នាក់​ទៀត​ស្លាប់​ចំពោះមុខ​ខ្លួន​ទៅ​?»

​មិន​បង្អែរ​បង្អង់​យូរ Nikki Haley ប្រញាប់​បន្ត​ព្រលះ​រុស្ស៊ី​, អ៊ីរ៉ង់ និង​ស៊ី​រី ក្នុង​វេទិកា​នៃ​កិច្ចពិភាក្សា​នេះ​មួយ​ប្រ៉ា​វ​ទៀត​។ លោកស្រី​សង្កត់ធ្ងន់ថា​៖«​រុស្ស៊ី ស៊ី​រី និង​អ៊ីរ៉ង់ គ្មាន​ចំណាប់អារម្មណ៍​លើ​សន្តិភាព​ឡើយ​»​។ ហើយ​បន្ត​និយាយ​ឌឺដង​ឲ្យ​រុស្ស៊ី​បន្ថែមថា បើសិនជា​រុស្ស៊ី​មាន​ឥទ្ធិពល​លើ​របប​ដឹកនាំ​ស៊ី​រី​ដូចដែល​ខ្លូន​ធ្លាប់​អះអាង​មែន រុស្ស៊ី​គួរតែ​បង្ហាញ​ឲ្យ​គ្រប់គ្នា​បានឃើញ​ដោយ​បញ្ជា​ឲ្យ​របប​ស៊ី​រី​ឈប់​ប្រព្រឹត្ត​សកម្ម​ដ៏​ព្រៃផ្សៃ​នេះ​ទៀត​ទៅ​។​

១. Nikki Haley៖ «​បើ​អង្គការសហប្រជាជាតិ​មិន​ធ្វើការ យើង​ធ្វើ​តែឯង​ក៏បាន​»

​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នា​ថ្ងៃ​ពុធ​នេះ ក៏​ជា​ពេលវេលា​ដំបូង​ដែរ ដែល​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ប្រើប្រាស់​សម្តី​ធ្ងន់ៗ​និង​លះៗ​ព្រមាន​ភាគី​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ស៊ី​រី ដូចដែល​គេ​ធ្លាប់​ឃើញ​ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។

«​នៅពេលដែល​អង្គការសហប្រជាជាតិ​នៅតែ​បរាជ័យ​ក្នុងការ​អនុវត្ត​ភារកិច្ច​ជា​លក្ខណៈ​សមូហភាព វា​ជា​ពេលដែល​យើង​ត្រូវ​បង្ខំចិត្ត​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​យើង​ផ្ទា​ល់ហើយ​»​។ នេះ​ជាស​ម្តី​គំរាម​របស់​តំណាង​ក្រុង​វ៉ាស៊ីនតោន ប៉ុ​ន្ត​គ្មាន​ការបកស្រាយ​បន្ថែម​ទេ​ថា អាមេរិក​នឹងធ្វើ​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​។​

​លោកស្រី​ប្រាប់​អង្គប្រជុំ​ទាំងមូល​ថា បើសិនជា​ក្រុមប្រឹក្សា​នេះ​មិន​ត្រៀម​ធ្វើ​សកម្មភាព​នៅពេលនេះ​ទេ មិនដឹង​ជា​កិច្ចប្រជុំ​ប៉ុន្មាន​ទេ​ដែល​នឹងត្រូវ​រៀបចំឡើង ហើយពី​មួយខែ​ទៅមួយ​ខែ​គ្រប់គ្នា​បាន​ត្រឹម​បញ្ចេញ​កំហឹង​ចំពោះ​ការបន្ត​ប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី​ប៉ុណ្ណោះ​។ គ្មាន​ឡើយ​សកម្មភាព​ឬ​ដំណោះស្រាយ​ដើម្បី​បញ្ចប់​សោក​នា​កម្ម​និង​គ្រោះមហន្តរាយ​មនុស្សជាតិ​នោះ​។​

​ថ្វីបើ​អាមេរិក​គំរាម​ដូច្នេះ​ក្តី តំណាង​រដ្ឋាភិបាល​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ប្រាប់​សម្ព័ន្ធមិត្ត​ក្នុង​វេទិកា​កិច្ចប្រជុំ​នេះដែរ​ថា អាមេរិក​ត្រូវធ្វើ​សកម្មភាព​ឲ្យ​ដូច​អ្វី​ខ្លួន​បាន​និយាយ​។ មិនមែន​និយាយ​ឲ្យ​រួច​តែ​ពី​មាត់​ទេ​ព្រោះ​បញ្ហា​ស៊ី​រី​ត្រូវការ​ការចូលរួម​ឲ្យ​បាន​ពេញលេញ​ពី​សំណាក់​ក្រុង​វ៉ា​ស៊ី​តោន​។​

 «​និយាយ​តាម​ត្រង់​យើង​ក៏​ត្រូវការ​អាមេរិក​ដែលមាន​ការប្តេជ្ញាចិត្ត​ពេញលេញ​ក្នុងការ​គាំទ្រ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ស៊ី​រី និង​ប្រើប្រាស់​អំណាច​របស់ខ្លួន​គាំទ្រ​ដោះស្រាយ​នោះ​។ បើសិន​មិនមែន​ឥឡូវ​ទេ តើ​ចាំ​ដល់​ណា​ទៀត​?» ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​អង្គការសហប្រជាជាតិ លោក Francois Delattre បាន​ប្រាប់​ទៅកាន់​អាមេរិក​ក្នុង​កិច្ចប្រជុំ​។​

២. ដូ​ណា​ល់ ត្រាំ អត់ធ្មត់​នឹង​របប​អាសាដ លែង​បាន​

​សារ​ស្រដៀង​គ្នា​ចេញពី​មាត់ លោក ដូ​ណា​ល់ ត្រាំ ដែល​កំពុង​ស្ថិតនៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ក្សត្រ​ហ្សកដានី​ព្រះ​ចៅ អាប់​ឌុល​ឡា​។ លោក​បាន​ថ្កោលទោស​របប​ដឹកនាំ អាសាដ ដូចគ្នា​។ អ្វីដែល​គេ​កត់សម្គាល់​នោះ​គឺ មេ​បញ្ជា​កំពូល​កងទ័ព​អាមេរិក​រូបនេះ​ព្រលយ​ពាក្យ​ថា «​លោក​ទទួលយក​អ្វីដែល​របប​ដឹកនាំ អាសាដ ធ្វើ​លែង​បាន​ហើយ​»​។

​លោក​និយាយ​ឥត​លាក់លៀម​ថា អារម្មណ៍​និង​គោលជំហរ​របស់លោក​ចំពោះ​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ ប្តូរ​ច្រើនណាស់​។ ហើយ​ការវាយប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​គីមី​នេះ​ហួស​ពី​រឿង​ដែល​អាច​ទទួលយកបាន​សម្រាប់​លោក​។ ប៉ុន្តែ​គេ​នៅតែ​ពិបាក​ប៉ាន់​ស្មានថា លោក ដូ​ណា​ល់ ត្រាំ នឹង​សម្រេច​ចាត់វិធានការ​បែបណា​ឲ្យ​ពិតប្រាកដ​ដើម្បី​ឆ្លើយតប​ការប្រើប្រាស់​អាវុធ​គីមី​នេះ​។  ការប្រើប្រាស់​ទ័ព​ប្រឆាំង​អាសាដ ជា​រឿង​ដែល​អាច​កើតឡើង  ប៉ុន្តែ​វា​ហាក់ដូចជា​មិន​សម​ដែល​អាមេរិក​ត្រូវធ្វើ​សកម្ម​ភាពជា​លក្ខណៈ​ឯកតោភាគី​នៅពេលនេះ​។

​ក្រៅពី​លើកឡើងថា សកម្មភាព​អាសាដ ជា​រឿង​មិនអាច​ទទួលយកបាន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​បន្ទោ​សលោក បា​រ៉ា​ក់ អូ​បា​ម៉ា ខ្លាំងៗ​ដែរ​នៅ​សប្តាហ៍​នេះ ដោយ​លោក​លើកឡើង​ពី​«​បន្ទាត់​ក្រហម​»​ដែល​លោក​បាន​គូស​ឲ្យ អាសាដ ដើរ​ឆ្នាំ ២០១២​។ ទោះ​អាសាដ បំពាន​ក៏ដោយ លោក អូ​បា​ម៉ា មិនបាន​ប្រើប្រាស់​កងទ័ព​ទម្លាក់ អាសាដ និង​បំផ្លាញ​អាវុធ​គីមី​ឡើយ​។​


Tag:
 ស៊ី​រី​
  Idlib
  ក្រុមប្រឹក្សាសន្តិសុខ​
  Nikki Haley
  ដូ​ណា​ល់ ត្រាំ​
  បា​សា អាល់​អាសាដ
© រក្សាសិទ្ធិដោយ thmeythmey.com