អន្តរជាតិ
លោក ស៊ី​-​ត្រាំ ជួបគ្នា​ផឹក​តែ​លំហែកាយ​និង​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី​នៅ​រមណីយដ្ឋាន Mar-a-Lago
06, Apr 2017 , 5:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ជួប​ជាមួយ​ប្រមុខរដ្ឋ​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ជា​លើកដំបូង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ ខែមេសា​នេះ​។ ជំនួប​ដ៏​សំខាន់ មិន​ចំ​លក្ខណៈ​ផ្លូវការ​ហើយ​មាន​លក្ខណៈ​លំហែកាយ​នេះ​រៀបចំឡើង រមណីយដ្ឋាន Mar-a-Lago នា​ក្រុង Palm Beach រដ្ឋ Florida​។ មេដឹកនាំ​មហាអំណាច​ទាំងពីរ​នឹង​ចំណាយពេល​ជជែក​ពិភាក្សា​លើ​បញ្ហា​ច្រើន​មាន​ទាំង​សហប្រតិបត្តិការ​ទ្វេភាគី​លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​យោធា ក៏ដូចជា​បញ្ហា​សន្តិសុខ​តំបន់​ដូចជា​កូរ៉េខាងជើង​ថែម​ទៀតផង​។


​បន្ទាប់ពី​ចាកចេញ​ពី​ហ្វាំ​ង​ឡង់ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង អញ្ជើញ​ទៅដល់​សហរដ្ឋអាមេរិក​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។  លោក ស៊ី ជិន​ពីង ត្រូវ​អមដំណើរ​ដោយ​ស្ត្រី​ទី ១ លោកស្រី Peng Liyuan ទៅ​ជួបពិភាក្សា​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នៅ​រមណីយ      ដ្ឋា​ន Mar-a-Lago នា​ក្រុង Palm Beach រដ្ឋ Florida​។

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ លោក ដូ​ណា​ល់ ត្រាំ ក៏​នឹង​នាំ​ភរិយា​ខ្លួន​ជា​ស្ត្រី​ទីមួយ Melania Trump ដែល​រស់នៅ​ក្រុង​ញូវយ៉ក​ដើម្បី​គ្រប់គ្រង Trump Tower ទៅជា​មួយ​ដើម្បី​ជួប ប្រធានាធិបតី​ចិន​និង​ភរិយា​ផងដែរ​។​

១.​ជំនួប​មាន​លក្ខណៈ​លំហែរ​កាយ តែ​ប្រធានបទ​សុទ្ធតែ​ក្តៅ​

​វា​ជា​ពេលវេលា​ពិសេស​ព្រោះ​មេដឹកនាំ​ទាំងពីរ​ទើបតែ​អាច​មានឱកាស​ជួបគ្នា​ជា​លើកដំបូង ហើយ​អ្នក​ទាំងពីរ​អាច​ស្វែងយល់​និង​ស្គាល់គ្នា​បានច្បាស់លាស់​ជាង​ឆ្លងឆ្លើយ​តាម​ទូរ​សព្ទ​ដូច​កន្លងមកនេះ​។ មេដឹកនាំ​ទាំងពីរ​, ស្ត្រី​ទីមួយ​ចិន និង​អាមេរិក រួមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ទាំងពីរ​នឹងមាន​ឱកាស​ផឹក​តែ លំហែកាយ​, បរិភោគ​អាហារ​ថ្ងៃត្រង់ និង​ល្ងាច​ជុំគ្នា​ផងដែរ​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​។​

​ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Thornton  បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ ៥​មេសា​ថា ជំនួប​រវាង​មេដឹកនាំ​ចិន និង​អាមេរិក​នេះ​ចាប់ផ្តើម​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី ៦​មេសា ហើយ​បន្ត​ដោយ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​រវាង​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំងពីរ​នេះ​។ ប្រធានបទ​នៃ​កិច្ចពិភាក្សា​មាន​ច្រើន​ក្នុងនោះ​មាន​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​តំបន់ និង​បញ្ហា​ប្រឈម​ក្នុងការ​អភិវឌ្ឍ​សម្ព័ន្ធភាព​រវាង​ចិន​និង​អាមេរិក​ផងដែរ​។

 ជារួម ប្រធានបទ​នៃ​កិច្ចពិភាក្សា​ប្រហែលជា​ក្តៅ​និង​បរិយាយ​កាស​ប្រហែលជា​អាប់អួរ​ដូចគ្នា ប៉ុន្តែ​គេ​រំពឹងថា ប្រធានាធិបតី​ទាំងពីរ​នឹង​អាចបង្កើត​ទំនាក់ទំនង​ស្និទ្ធស្នាល​ជា​លក្ខណៈ​ឯកជន​ផងដែរ  ព្រោះ វា​មិនមែនជា​ជំនួប​ផ្លូវការ​មែនហើយ​មាន​លក្ខណៈ​លំហែរ​កាយ​ជាង​ជំនួប​ធម្មតា​។ វា​ក៏​នឹង​ក្លាយជា​ពេលវេលា​ដែល​មេដឹកនាំ​អាមេរិក​និង​ចិន​ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​ល្អក់កករ​និង​តានតឹង​កន្លងមក​ឲ្យ​ប្រសើរ​ឡើងវិញ​ដែរ ថ្វីបើ​ដូ​ណា​ល់ ត្រាំ និង​ស៊ី ជិន​ពីង មានគំនិត​ផ្ទុយគ្នា​លើ​បញ្ហា​ច្រើន​ដែរនោះ​។​

​សេដ្ឋកិច្ច​ពាណិជ្ជកម្មរ​វាង​អាមេរិក និង​ចិន ជា​ប្រធានបទ​សំខាន់ ដែល​គូភាគី​មិនអាច​មិន​និយាយ​ឡើយ​។ ប្រធានាធិបតី​ចិន​ប្រហែលជា​សុំ​ចិត្ត​ឲ្យ​អាមេរិក​បញ្ចៀស​ឲ្យ​បាន​នូវ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​គ្រប់គ្នា​បារម្ភ​ផង​។  បញ្ហាសំខាន់​នៅពេលនេះ គឺ​ជំហរ​របស់​ប្រមុខរដ្ឋ​អាមេរិក​ដែល​យក​វោហា​ស័ព្ទ​នយោបាយ «​ដ​ម្ក​ល់​ប្រយោជន៍​អាមេរិក​ជាធំ​» ។​ប៉ុន្តែ​គេ​នៅ​រំពឹងថា អាមេរិក និង​ចិន​ក៏​អាច​នឹង​បន្ត​បង្កើត​វេទិកា​ពិភាក្សា ប្រឹក្សា​យោបល់​ដើម្បី​បន្ត​ត្រួសត្រាយ​ផ្លូវ​ដល់​ការលើកស្ទួយ​ចំណង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ និង​ទី​ពីរ​ដែរ​នាពេល​អនាគត​។

២.​កូរ៉េខាងជើង​!!!!!!!

​ប៉ុន្តែ​យ៉ាងណាមិញ បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង នឹង​ក្លាយ​ប្រធានបទ​ក្តៅ​និង​សំខាន់​ជាងគេ​។  ដូច​ឃើញស្រាប់​ហើយ ជំនួប​មេដឹកនាំ​ទាំងពីរ​ស្វាគមន៍​ដោយ​ការបាញ់​សាកល្បង​មី​ស៊ី​ល​នា​ថ្ងៃ​អង្គារ​ផ្គើន​សហគមន៍​អន្តរជាតិ​ដែល​រៀបចំឡើង​ដោយ​ក្រុង​ព្យុង​យ៉ាងនោះ​។​

​គេ​ឆ្ងល់​ដែលថា តើ​លោក ដូ​ណា​ល់ ត្រាំ និង​លោក ស៊ី ជិន​ពីង នឹង​ជជែក​អ្វីខ្លះ​ក្នុងជំនួប​នេះ និង​អាចឈាន​ទៅធ្វើ​អ្វី​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​?

​តាម​ស្ថានភាព​បច្ចុប្បន្ន លោក ដូ​ណា​ល់ ត្រាំ ទំនងជា​នឹង​ស្នើ​ឲ្យ​ប្រមុខរដ្ឋ​ចិន​ដែលមាន​ទឹកមាត់ប្រៃ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​នោះ ជួយ​រិះរក​វិធានការ​សមស្រប ឬ​អាច​កំណត់​វិធានការ​ណាមួយ​ដែល​បង្កើតឡើង​ក្រោម​ការសហការ​រវាង​អាមេរិក​និង​ចិន​ផង​ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង​។ 

​ប៉ុន្តែ​គេ​នៅចាំ​ច្បាស់​ថា កាលពី​សប្តាហ៍​មុន រដ្ឋបាល ដូ​ណា​ល់ ត្រាំ បានប្រកាស​ហើយ​ថា បើ​ចិន​មិន​ជួយ​ដោះស្រាយ អាមេរិក​នឹងធ្វើ​សកម្មភាព​ម្នាក់ឯង​។ ធ្វើ​សកម្មភាព​ម្នាក់ឯង​នេះ អាចជា​ការដាក់ទណ្ឌកម្ម ហើយ​បើ​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​ប្រើប្រាស់​ទ័ព​បង្ក្រាប​ក្រុង​ព្យុងយ៉ាង​តែម្តង​។ គេ​មើលឃើញ​ដូច្នេះ​ដោយសារតែ​ក្រុង​វ៉ាស៊ីនតោន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា រាល់​មធ្យោបាយ​ទាំងអស់​ស្ថិតនៅក្នុង​ជម្រើស​របស់ខ្លួន​ទាំងអស់​រួមទាំង​ការប្រើប្រាស់​កងទ័ព​ផង​។ ប៉ុន្តែ​អាមេរិក​ចិត្តសឿង​កម្រិតណា​នោះ គ្មាន​អ្នកណា​អាច​ទស្សន៍ទាយ​បានឡើយ​។

​ខាង​ភាគី​ចិន​វិញ​ប្រហែលជា​បង្ហាញ​ជំហរ​ជួយ​ដោះស្រាយ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា​លោក ស៊ី ជិន​ពីង នឹង​តម្អូញ​ប្រាប់​មេដឹកនាំ​អាមេរិក​ពី​ក្តីកង្វល់​របស់ខ្លួន​ពាក់ព័ន្ធ​រឿង​មី​ស៊ី​ល​អាមេរិក THADD ដែល​ដំឡើង​នៅ​កូរ៉េខាងត្បូង​ផង​។

​រឿង​មួយទៀត​គឺ​បញ្ហា​កោះ​តៃវ៉ាន់​។ លោក ស៊ី ជិន​ពី​ន ប្រហែលជា​ស្នើសុំ​ឲ្យ​អាមេរិក​រក្សា​សម្តី​និង​គោរព​តាម​រាល់​សេចក្តីថ្លែងការណ៍​ដែល​ខ្លួន​បាន​ចុះ​ជាមួយ​ចិន​រឿង «​គោរព​គោលនយោបាយ​ចិន​តែមួយ​»​ផង​។ ដូ​ណា​ល់ ត្រាំ បានធ្វើ​ឲ្យ​ចិន​ខឹង​ក្តៅក្រហាយ​ច្រើនដង​ព្រោះ​រឿង​តៃវ៉ាន់​នេះ​បន្ទាប់ពី​ខ្លួន​ជាប់ឆ្នោត​។ ប៉ុន្តែ​ដូ​ណា​ល់ ត្រាំ ហាក់​យល់​ច្រើន​ថា គោលជំហរ​ដែលមាន​តុល្យភាព​របស់​អាមេរិក​ក្នុង​បញ្ហា​តៃវ៉ាន់​សំខាន់​កម្រិតណា ក្នុង​ការរក្សា​ប្រយោជន៍​អាមេរិក​ដែលមាន​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​ក៏ដូចជា​ពិភពលោក​ទាំងមូល​ផង​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ពីង​
  Peng Liyuan
  Melania Trum
© រក្សាសិទ្ធិដោយ thmeythmey.com