អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អគ្គមេបញ្ជាការ​កំពូល​អាមេរិក ត្រាំ បញ្ជា​ឲ្យ​គេ​បាញ់​មី​ស៊ី​ល​ជាង​៥០​គ្រាប់​កំញើញ​របប​អាសាដ​
07, Apr 2017 , 9:59 am        
រូបភាព
 
​អគ្គមេបញ្ជាការ​កំពូល​កងទ័ព​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល​លើ​ព្រលានយន្តហោះ​នៅ​ក្រុង Homs ប្រទេស​ស៊ី​រី ដើម្បី​កំញើញ​របប​ដឹកនាំ​លោក​បា​សា អាល់​អាសាដ​។ មី​ស៊ី​ល​ចំនួន ៥៩ គ្រាប់​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​នេះ ហើយ​អាមេរិក​បញ្ជាក់ថា ខ្លួន​បាន​ប្រាប់​រុស្ស៊ី​មុនពេល​វាយប្រហារ​ដែរ​។
 
​ដូច​ការសន្យា​មែន​ពាក់ព័ន្ធ​ការចាត់វិធានការ​ប្រឆាំង​របប​ស៊ី​រី លោក ដូ​ណា​ល់ ត្រាំ ដែលជា​អគ្គមេបញ្ជាការ​កំពូល​ក​ង​ទ័ព​អាមេរិក​នោះបាន​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បើក​ការវាយប្រហារ​លើ​ព្រលានយន្តហោះ​ក្រុង Homs ប្រទេស​ស៊ី​រី​ដោយ​ប្រើ​មី​ស៊ី​ល​អស់ ៥៩​គ្រាប់​។ មន្ត្រី​ក្រុង​វ៉ាស៊ីនតោន បាន​អះអាងថា ការបាញ់​ផ្លោង​មី​ស៊ី​ល​នេះ​ជាការ​ឆ្លើយតប​របប​ដឹកនាំ​ផ្តាច់កា​រលោក បា​សា អាល់​អាសាដ នៅ​ស៊ី​រី​ដែល​ប្រើប្រាស់​អាវុធ​គីមី​។​
 
​ដល់​យប់​ថ្ងៃ​ព្រហស្បតិ៍​លោក ដូ​ណា​ល់ ត្រាំ បានទទួល​ស្គាល់​ជា​ផ្លូវការ​ពាក់ព័ន្ធ​រឿង​បាញ់​មី​ស៊ី​ល​ប្រឆាំង​ស៊ី​រី​ដែរ ហើយលោកក៏​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​ចូលរួម​បញ្ចប់​ការបង្ហូរ​ឈាម​នៅ​ស៊ី​រី​និង​រាល់​ការធ្វើ​ទុក​បុក​ម្នេញ​សម្លាប់​រង្គាល​ពលរដ្ឋ​ស្លូតត្រង់​នៅ​ស៊ី​រី​ដែរ​។ 
 
​លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ដូច្នេះ​៖ «​ថ្ងៃ​អង្គារ របប​ដឹកនាំ​ផ្តាច់ការ​របស់ បា​សា អាល់​អាសាដ បាន​ប្រើប្រាស់​អាវុធ​គីមី​ដ៏​សាហាវ​ប្រឆាំង​ជន​ស៊ីវិល​ស្លូតត្រង់​។ ការប្រើប្រាស់​ឧស្ម័ន​ពុល​ដ៏​គ្រោះថ្នាក់​នេះ អាសាដ ឆក់យក​ជីវិត​បុរស ស្ត្រី និង​ក្មេងៗ​ដែល​គ្មានអ្វី​ការពារ​ខ្លួន​។ សូម្បីតែ​ក្មេង​តូច​ស្អាត​ក៏​ត្រូវគេ​សម្លាប់​ក្នុងការ​វាយប្រហារ​ដ៏​ព្រៃផ្សៃ​នេះដែរ​»​។​
 
​ពាក់ព័ន្ធ​ការវាយប្រហារ​នេះ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា គេ​បាន​ប្រាប់​ភាគី​រុស្ស៊ី​រួចរាល់​ហើយ​មុនពេល​ចាប់ផ្តើម​បាញ់​ផ្លោង​មី​ស៊ី​ល​លើ​ព្រលានយន្តហោះ​ស៊ី​រី​នោះ​។ ការបាញ់​ផ្លោង​នេះ​បាន​កម្ទេច​ផ្លូវ អាគារ និង​យន្តហោះ​ដែល​ចត​នៅក្នុង​ព្រលានយន្តហោះ​ផងដែរ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ឬ​របួស​ឡើយ​។​
 
​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដដែល រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson ក៏បាន​បន្ទោស​រុស្ស៊ី​ផងដែរ​ថា មហាអំណាច​នេះ​បរាជ័យ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៣​ដែល​សំដៅ​ដល់​ការកម្ទេច​អាវុធ​គីមី​នៅ​ស៊ី​រី​និង​ទប់ស្កាត់​ការប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​។ លោក​បាន​បន្ថែមថា​រុស្ស៊ី​សមគំនិត​ជាមួយ​អំពើ​រំលោភច្បាប់​អន្តរជាតិ​នេះ ឬក៏​អសមត្ថភាព​ក្នុងការ​បំពេញ​តាម​កិច្ចព្រមព្រៀង​៕

© រក្សាសិទ្ធិដោយ thmeythmey.com