អន្តរជាតិ
អ្នកនេសាទ​អ៊ីតាលី​ម្នាក់​យក​គ្រាប់បែក​ទៅ​លក់​នៅ​ភោជនីយដ្ឋាន​
08, Apr 2017 , 8:19 am        
រូបភាព
ដោយ: ធីតា
អ្នកនេសាទ​ជនជាតិ​អ៊ីតាលី​ម្នាក់ បាន​ប្រទះឃើញ​គ្រាប់បែក​មួយ​គ្រាប់​នៅក្រោម​បាតសមុទ្រ ដែល​បន្សល់ទុក​កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​។ គាត់​បាន​ស្រង់​គ្រាប់បែក​នោះ​ឡើងគោក ហើយ​បម្រុង​យក​វា​ទៅ​លក់​នៅក្នុង​ភោជនីយដ្ឋាន​មួយ​។ បុរស​រូបនេះ​ប្រឈម​ជាប់ពន្ធនាគារ​៨​ឆ្នាំ​។​


​កាលពីពេល​ថ្មី​កន្លងមកនេះ អ្នកនេសាទ​អ៊ីតាលី​វ័យ​៥៦​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​តំបន់ Gallipoli បាន​យក​ទំនិញ​ដ៏​គ្រោះថ្នាក់​មួយ​ទៅ​លក់​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​។ តាមពិតទៅ​មិនមែនជា​ត្រី​ដូចដែល​គាត់​លក់​សព្វដង​នោះឡើយ តែ​វា​ជា​គ្រាប់បែក​ដ៏​គ្រោះថ្នាក់​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី​ពីរ​។​

​តាម​ការផ្សាយ​របស់​កា​សែត Lecce Sette កាលពី​ថ្ងៃទី​៣ ខែមេសា បុរស​ដែល​មិន​ត្រូវបាន​បញ្ចេញ​អត្តសញ្ញាណ​នោះ បាន​លី​គ្រាប់បែក​ដែល​គាត់​រកឃើញ​នៅក្នុង​បាតសមុទ្រ យកទៅលក់​នៅ​ភោជនីយដ្ឋាន​មួយ​ក្បែរ​ឆ្នេរ Lido Conchiglie ដែល​សម្បូរ​ទេសចរ​បំផុត​។​

​មនុស្ស​ទាំងអស់​ដែល​បានឃើញ​មានការ​ស្លន់ស្លោរ​យ៉ាងខ្លាំង ដោយ​មិនមាន​អ្នក​ហ៊ាន​ចូល​តថ្លៃ​នោះឡើយ ខណៈ​អ្នកខ្លះ បាន​លួច​ទាក់ទង​ទៅ​កម្លាំង​មាន​សមត្ថកិច្ច​។ បន្ទាប់ពី​រក​អតិថិជន​មិនបាន អ្នកនេសាទ​បាន​កាន់​ទំនិញ​ដ៏​គ្រោះ​ថា្នក់​ចេញពី​ភោជនីយដ្ឋាន​វិញ​។​

​កងកម្លាំង​មាន​សមត្ថកិច្ច បាន​រកឃើញ​អ្នកនេសាទ ប៉ុន្តែ​ភ្លាមៗ គេ​មិនឃើញ​មាន​គ្រាប់បែក​នៅក្នុង​ដៃ​នោះឡើយ​។ ក្រោយមក សមត្ថកិច្ច បានសម្រេច​រៀបចំ​ទីតាំង​ពិ​សេសមួយ​ដើម្បី​បំផ្ទុះ បន្ទាប់ពី​បាន​រកឃើញ​គ្រាប់បែក​ដ៏​គ្រោះថ្នាក់​នោះ​។​

​អ្នកនេសាទ​អ៊ីតាលី​វ័យ​៥៦​ឆ្នាំ​រូបនោះ នឹងត្រូវ​រង​ការចោទប្រកាន់​ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់ ដែល​ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ​៕


Tag:
 ប្លែកៗ​
  អ៊ីតាលី​
  គ្រាប់បែក
© រក្សាសិទ្ធិដោយ thmeythmey.com