កីឡាអន្តរជាតិ
អន្តរជាតិ
FIFA Ranking៖ ប្រេ​ស៊ី​ល​ឡើងឈរ​លេខ​១ ខណៈ​កម្ពុជា​រក្សា​ចំណាត់ថ្នាក់​ដដែល​
07, Apr 2017 , 7:19 pm        
រូបភាព
​ម្ចាស់​ជើងឯក World Cup ៥​សម័យកាល ប្រេ​ស៊ី​ល​បាន​ឡើងទៅ​ឈរ​នៅ​កំពូល​តារាង​នៃ​ចំណាត់ថ្នាក់​ពិភព លោក FIFA Ranking បន្ទាប់ពី​អាក់ខាន​៧​ឆ្នាំ​មក​។ សម្រាប់​កម្ពុជា​នៅ​រក្សា​ចំណាត់ថ្នាក់​ទី​១៧៣​រយៈពេល​២​ខែ​ជាប់ៗ​គ្នា ខណៈ​ហ្វីលីពីន​ឡើងទៅ​លេខ​១២៧​ពិភពលោក និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ាន​។​


​ក្រោម​ការដឹកនាំ​របស់​លោក Adenor Leonardo Bacchi ដែល​គេ​ស្គាល់​ថា Tite ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​ឈ្នះ​រហូតដល់​៩​ប្រកួត​ចុងក្រោយ ក្នុងនោះ​៨​ប្រកួត ឈ្នះ​ពី​ការប្រកួត​ជម្រុះ World Cup​។ ក្រុម​ដែល​ស្ថិតក្នុង​តំបន់​អាមេរិក​ឡាទីន​នេះ ក្លាយជា​ក្រុមទី​១​ដែល​អាច​ឈានទៅ​ប្រកួត​ពានរង្វាន់​ពិភពលោក World Cup ឆ្នាំ​២០១៧ នៅ​រុស្ស៊ី​ដោយ​ស្វ័យប្រវត្តិ ក្រោយ​ឈ្នះ​ក្រុម​អ៊ុយ​រូ​ហ្គា​យ​៤-១ និង​ប៉ា​រ៉ា​ហ្គា​យ​៣-០  មាន​៣៣​ពិន្ទុ នាំមុខ​ក្រុម​ចំណាត់ថ្នាក់​លេខ​២​រហូតដល់​៩​ពិន្ទុ​នៃ​វគ្គ​ជម្រុះ​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​។​

​ជ័យជំនះ​ទាំង​៩​ប្រកួត​ចុងក្រោយ បាន​នាំអោយ​ប្រេ​ស៊ី​ល​រំកិល​ខ្លួន​ទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ពិភពលោក FIFA Ranking  ជំនួស​ក្រុម​អា​ហ្ស​ង់​ទីន​វិញ ក្រោយ​អាក់ខាន​ជិត​៧​មកហើយ​។​

​សម្រាប់​ចំណាត់ថ្នាក់​នៅ​អាស៊ាន​វិញ កម្ពុជា​អាច​រក្សា​លេខ​រៀង​១៧៣​របស់ខ្លួន​ឲ្យ​នៅ​ដដែល បើទោះបីជា​ពួកគេ​បាន​ចាញ់​ពីរ​ប្រកួត​ចុងក្រោយ​នេះ​ក៏ដោយ​។ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី លោក Leonardo Vitorino កម្ពុជា បាន​ចាញ់​ឥណ្ឌា ៣-២ នា​ជំនួប​មិត្តភាព​អន្តរជាតិ ហើយ​បន្ត​ចាញ់​ហ្ស៊​កដា​នី ៧-០ នា​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup​។​



​កម្ពុជា​ឈរ​លេខ​រៀង​ទី​៧​នៅ​អាស៊ាន ខណៈ​ហ្វីលីពីន ហក់​ឡើង​ខ្ពស់ជាង​ថៃ ដោយមាន​ចំណាត់ថ្នាក់​ទី​១២៧​លើ​ពិភពលោក​។​

​ចំណែក​ចំណាត់ថ្នាក់​នៅ​តំបន់​អាស៊ី អ៊ឺ​រ៉ង់​ស្ថិតនៅ​កំពូល​តារាង និង​លេខ​រៀង​ទី​២៨​របស់ FIFA Ranking  ដែល​តាម​ពីក្រោយ​ដោយ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​៕




Tag:
 FIFA Ranking
  World Cup
  បាល់ទាត់​
  ក្រុម​ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com